ខេត្តបាត់ដំបង:
ក្រុមចោរប្រដាប់អាវុធវែងខ្លី មិនស្គាល់មុខ
បានបាញ់រះជាច្រើនគ្រាប់ ដើម្បីគំរាមប្លន់ឈ្មួញទិញស្រូវម្នាក់
នៅស្រុករុក្ខគិរី យកកាបូបមួយមានប្រាក់ចំនួន ២១ លានរៀល
ខណៈពេលពលរដ្ឋដឹកស្រូវមកលក់
និងថៅកែទិញស្រូវកំពុងលើកស្រូវថ្លឹងជុំគ្នា កាលពីវេលាម៉ោង ២១ និង
៣០នាទី យប់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១២ នៅចំណុចក្រឡឹងដុំ
ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី
ខេត្តបាត់ដំបង។
អធិការនគរបាលស្រុករុក្ខគិរី លោក ស៊ា ធី
បានឲ្យដឹងថា ជនរងគ្រោះជាថៅកែទិញស្រូវ ឈ្មោះ ឡឹង ប្រុស អាយុ ៤១ឆ្នាំ។
កាបូបដាក់ប្រាក់ដែលចោរប្លន់យកទៅ មានប្រាក់ចំនួន ២១ លានរៀល។
ចំណែកបក្ខពួកក្រុមចោរប្លន់ ពលរដ្ឋបានអះអាងថា មានគ្នាបីនាក់
ប្រដាប់ដោយកាំភ្លើងអាកាបត់មួយដើម និងកាំភ្លើងខ្លីមួយដើម
ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាព រួចគេចខ្លួនបាត់។
លោកអធិការប៉ូលិសស្រុករុក្ខគិរី
បានស្រង់សម្តីសាក្សីនៅកន្លែងកើតហេតុ មកបញ្ជាក់ថា នៅយប់ថ្ងៃទី៣០
ខែវិច្ឆិកានោះ នៅទីតាំងប្រមូលទិញស្រូវរបស់ថៅកែ ឡឹង ប្រុស
មានពលរដ្ឋដឹកស្រូវទៅលក់ ប្រមាណជា ១៥នាក់ ទាំងកម្មករលីសែង។
ពេលនោះពួកគាត់កំពុងលើកស្រូវថ្លឹង
ហើយស្រាប់តែមានមនុស្សប្រុសបីនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា
ទៅឈប់ម៉ូតូនៅពីមុខឡានដឹកស្រូវមួយ ក្បែរកន្លែងថ្លឹងស្រូវ
ហើយមានម្នាក់ស្លៀកពាក់ស៊ីវិល នៅចាំម៉ូតូ។ ចំណែកពីរនាក់ទៀត
មានម្នាក់រាងខ្ពស់ ពាក់អាវប៉ារ៉ា កាន់កាំភ្លើងអាកាបត់មួយដើម
និងម្នាក់ទៀតរាងទាប ស្លៀកពាក់ស៊ីវិល កាន់កាំភ្លើងខ្លីមួយដើម
បានរត់សម្រុកចូលទៅរកក្រុមមនុស្សដែលកំពុងថ្លឹងស្រូវ
ហើយបាញ់ផ្ចុចដីប្រមាណជិតដប់គ្រាប់ ដើម្បីបំបែកក្រុមមនុស្ស
ហើយប្លន់បានកាបូបដាក់ប្រាក់របស់ថៅកែទិញស្រូវ
រួចរត់ឡើងជិះម៉ូតូគេចខ្លួនបាត់តែម្ដង។
ឈ្មោះ ជុំ
ចិត្រ ជាសាក្សីម្នាក់នៅកន្លែងកើតហេតុ បានប្រាប់តាមទូរស័ព្ទ
កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ថា នៅពេលកើតហេតុនោះ
គាត់អង្គុយនៅកាំជណ្ដើរផ្ទះ ឃើញបុរសពីរនាក់រត់តម្រង់ទៅរកគាត់
ដោយបាញ់កាំភ្លើងអាកា និងកាំភ្លើងខ្លីប្រមាណ ៦គ្រាប់ ហើយស្រែកថា
កុំរត់។ ភ្លាមៗនោះ មនុស្សម្នាប្រមាណ ១៥នាក់
បានរត់ប្រសាចពេញកន្លែងថ្លឹងស្រូវ។ ពេលនោះថៅកែទិញស្រូវ ឈ្មោះ ឡឹង
ប្រុស បានទាញកាបូបដាក់ប្រាក់រត់ដែរ តែមានបក្ខពួកចោរម្នាក់
រាងខ្ពស់ កាន់កាំភ្លើងអាកា ស្ទុះទៅរកថៅកែទិញស្រូវ
ដោយលើកកាំភ្លើងបាញ់ផ្ចុចទៅដី
ហើយថៅកែទិញស្រូវបានបោះកាបូបដាក់ប្រាក់ឲ្យទៅចោរ រួចរត់គេចទៅ។
ក្រោយពីបក្ខពួកចោររើសយកកាបូបដាក់ប្រាក់ហើយ
ពួកវាបាននាំគ្នាជិះម៉ូតូដែលមានគ្នាវាម្នាក់ទៀតនៅចាំ
គេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយមក ទើបមានសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍តាមក្រោយ។
ពាក់ព័ន្ធករណីនេះ លោក ជេត វណ្ណនី
ស្នងការរងទទួលបន្ទុកនគរបាលយុត្តិធម៌ខេត្តបាត់ដំបង បានប្រាប់ថា
កម្លាំងប៉ូលិស និងសមត្ថកិច្ចពាក់ព័ន្ធ
កំពុងតាមប្រមាញ់មុខសញ្ញាសង្ស័យនៅឡើយ ព្រោះសមត្ថកិច្ចមានពន្លឺខ្លះៗ
ដែលកំណត់មុខសញ្ញាបានហើយ៕ J(