Saturday, December 8, 2012

ល្បែងឆ្នោត វៀតណាម វាយលុក ពេញរាជធានី សមត្ថកិច្ច មិនយកភ្នែកមើល

Photo by DAP-NEWSភ្នំពេញ ៖ បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ គេសង្កេតឃើញថា ឆ្នោតវៀតណាម ដែលគេស្គាល់ថា ជាឆ្នោតជាតិរបស់វៀតណាម ចេញនៅទីក្រុង ហូជីមិញ ជារៀងរាល់ថ្ងៃនោះ បានចាប់ផ្ដើមហូរចូលមកដល់រាជធានីភ្នំពេញ កាន់តែច្រើនឡើងៗ ហើយប្រជាពលរដ្ឋខ្មែរដែល ចាប់ផ្ដើមចេះ លេងឆ្នោតវៀតណាមនេះ ក៏នាំគ្នាទិញផ្ទៀងជារៀងរាល់ថ្ងៃផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគិតមិនដល់យល់ថា ការលំហូរចូល ឆ្នោតវៀតណាមខាង លើនេះ គឺជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ តែបើគេយល់ឱ្យបានស៊ីជម្រៅវិញ គឺមិនមែនជារឿងធម្មតានោះឡើយ ពាក់ព័ន្ធទៅ នឹងបញ្ហាសេដ្ឋកិច្ច លំហូរ សាច់ប្រាក់ចេញទៅក្រៅប្រទេស ដោយគ្មានការគ្រប់គ្រងច្បាស់លាស់ ហើយក៏គេមិនអាចប៉ាន់ស្មានបាន ក្នុងមួយថ្ងៃៗ តើមានសាច់ប្រាក់រៀលប៉ុន្មាន សិបលានរៀល ដែលត្រូវបានពលរដ្ឋខ្មែរ យកទៅទិញឆ្នោតជាតិរបស់វៀតណាមខាងលើនេះ ហើយចាញ់ ដែល សាច់ប្រាក់ខាងលើ ត្រូវបានហូរចេញ ទៅកាន់ប្រទេសវៀតណាម ដោយខុសច្បាប់នោះ ។
កន្លងមក ឆ្នោតវៀតណាមដែលគេនាំយកមកលក់នៅទីក្រុងភ្នំពេញ គឺមានចំនួនតិចតួចតែប៉ុណ្ណោះ ហើយភាគច្រើនអ្នកលក់ គឺជាជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរ ហើយអ្នកចូលចិត្ដទិញផ្ទៀង ភាគច្រើនក៏ជាជនជាតិវៀតណាមផងដែរ ។ ប៉ុន្ដែបច្ចុប្បន្ននេះ គេសង្កេតឃើញថា ឆ្នោតជាតិ វៀតណាមខាងលើ បានចាប់ផ្ដើមរីកសាយភាយ ស្ទើរគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ដែលនៅជាប់តាម បណ្ដោយព្រំដែន ជាមួយប្រទេសវៀតណាមតែម្ដង ហើយជនជាតិខ្មែរភាគច្រើន ក៏ចាប់ផ្ដើមចេះលេង និងទិញផ្ទៀងជារៀងរាល់ថ្ងៃផងដែរ ឯលទ្ធផលយ៉ាងណានោះ គឺគ្មានតួលេខណាដឹងច្បាស់ថា មានអ្នកត្រូវ ឬក៏ចាញ់យ៉ាងណានោះទេ ។
នៅតាមហាងកាហ្វេ តាមភោជនីយដ្ឋាន នានា និងតាមទីប្រជុំជន ជារៀងរាល់ថ្ងៃនេះ គេតែងតែឃើញមានជនជាតិវៀតណាម ព្រមទាំងជនជាតិខ្មែរ មួយចំនួនតូច បាននាំគ្នាកាន់ឆ្នោត ជាតិរបស់វៀតណាម ដើរលក់ជាសាធារណៈ ដោយគ្មានការលាក់លៀមនោះទេ ហើយក៏គេនៅមិនទាន់ដឹងថា ការនាំចូលឆ្នោតជាតិវៀតណាម យកមកលក់នៅស្រុកខ្មែរនេះ តើមានច្បាប់ ឬក៏អត់ច្បាប់នោះដែរ ។
ស្ដ្រីម្នាក់ដែលជាជនជាតិវៀតណាម ចេះនិយាយខ្មែរប៉ៃឡាំៗ ហើយកាន់សន្លឹកឆ្នោតជាតិវៀតណាម ដើរលក់នៅតាមហាងកាហ្វេមួយកន្លែង នៅ ម្ដុំច្បារអំពៅ បានរៀបរាប់ប្រាប់ភ្នាក់ងារដើមអម្ពិលឱ្យដឹងថា ឆ្នោតជាតិរបស់វៀតណាមខាងលើនេះ គឺមានប្រភពចេញជារៀងរាល់ល្ងាច នៅ ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម ហើយត្រូវបានគេនាំចូលមកលក់នៅទីក្រុងភ្នំពេញ ដោយខ្លួនជាអ្នកទៅទទួលយកមកលក់ ក្នុងតម្លៃ ទិញចូលមួយសន្លឹក ១៥០០រៀល ហើយលក់ចេញវិញ ក្នុងតម្លៃ ២៥០០រៀល ។
ស្ដ្រីវៀតណាមខាងលើ បានរៀបរាប់បន្ថែមថា សម្រាប់រង្វាន់ ធំ គឺមានរហូតដល់រង្វាន់ ១៥០លានដុង ស្មើប្រមាណ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ចំពោះការលក់នេះ ប្រសិនបើអតិថិជនទិញផ្ទៀងត្រូវ សម្រាប់រង្វាន់ធំ បើបើកនៅក្នុងប្រទេសកម្ពុជា គឺបានជាង ៦ម៉ឺនដុល្លារ តែបើទៅបើកដល់ ប្រទេសវៀតណាម គឺបានប្រមាណ ៧ម៉ឺនដុល្លារ ហើយចំពោះការលក់វិញ បើអ្នកទិញក្នុងតម្លៃ ២៥០០រៀល ក្នុង១សន្លឹក គឺអ្នកលក់ធានាបើកលុយ ឱ្យបានលឿននៅពេលត្រូវ បើទិញក្នុងតម្លៃ ២០០០រៀល ក្នុង១សន្លឹក គឺអ្នកលក់អត់ធានារឿងបើកលុយឱ្យនោះទេ អ្នកទិញត្រូវទៅទាក់ទងបើកលុយ ខ្លួនឯង នៅឯប្រទេសវៀតណាម ។ អ្នកលក់ខាងលើ បាននិយាយរបៀបអួត សម្រាប់ឃោសនាការលក់ឆ្នោតរបស់ខ្លួនថា ក្នុងមួយថ្ងៃៗមានអ្នកទិញ ត្រូវជាច្រើន ដែលអ្នកត្រូវភាគ ច្រើន គឺគេទិញមួយខ្សែ ដែលមានប្រមាណ ៧០សន្លឹក ។ ស្ដ្រីខាងលើ បានបន្ថែមទៀតថា ក្នុងមួយថ្ងៃៗខ្លួនលក់អស់ ចាប់ពី ១០០សន្លឹក ឡើងទៅ។
បុរសម្នាក់ ដែលបានទិញឆ្នោតវៀតណាម ចំនួន ៣០ សន្លឹក ពីអ្នកលក់នៅហាងបាយវៀតណាមមួយកន្លែង ខាងក្រោយហាងស៊ុបពេញចិត្ដ ខាង កើតឈៀងខាងត្បូងផ្សារអូរឫស្សី បានប្រាប់ដើមអម្ពិល ឱ្យដឹងថា ខ្លួនទិញផ្ទៀងជារៀងរាល់ថ្ងៃ មួយថ្ងៃទិញ ២០ទៅ៣០សន្លឹក ឯលទ្ធផលវិញ ពេលខ្លះត្រូវ ពេលខ្លះខុស តែត្រូវរង្វាន់តូចៗប៉ុណ្ណោះ មិនដែលត្រូវរង្វាន់ធំនោះទេ។ តែដោយសារការផ្សងសំណាង ក៏ចេះតែ ទិញទៅ ក្រែងលោថ្ងៃ ណាមួយត្រូវរង្វាន់ធំរាប់ម៉ឺនដុល្លារនឹងគេ។
ពាក់ព័ន្ធទៅនឹងការលក់ឆ្នោតជាតិវៀតណាម នៅក្នុងប្រទេសកម្ពុជាខាងលើនេះ គេនៅមិនទាន់ដឹងថា តើជាការលក់ដោយស្របច្បាប់ ឬក៏អត់ ច្បាប់នៅឡើយនោះទេ ព្រោះគ្មានមន្ដ្រីណាម្នាក់ ត្រូវបានដើមអម្ពិលធ្វើការសួរនាំ ដើម្បីបញ្ជាក់ឱ្យច្បាស់នោះឡើយ ។
ប្រធានការិយាល័យគ្រប់គ្រងល្បែងស៊ីសង និងឆ្នោត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេប្រាប់ថា មានឈ្មោះ រិទ្ធ ខណៈដែលដើមអម្ពិល ទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងការនាំឆ្នោតវៀតណាម យកមកលក់ខាងលើនេះ មិនត្រូវបានដើមអម្ពិល សុំការបំភ្លឺបាន ឡើយ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ម្សិលមិញ ខណៈដែលទូរស័ព្ទចូល មិនមានអ្នកលើកទទួល។
ដោយឡែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មការកីឡាអូឡាំពិកកម្ពុជា ដែលកន្លងទៅរដ្ឋាភិបាលធ្លាប់បានផ្ដល់សិទ្ធិ ឱ្យក្រុមហ៊ុនមក ពីប្រទេសចិនមួយ បង្កើតឆ្នោតឡូតូ ដោយសហការជាមួយគណៈកម្មការនេះ ដើម្បីរកចំណូលទ្រទ្រង់វិស័យកីឡា តែក្រោយមកក្រុមហ៊ុនឆ្នោត ឡូតូខាងលើ បានក្ស័យធនដួលរលំ ទៅវិញនោះ ត្រូវបានលោកអះអាងថា ការលំហូរចូលឆ្នោតវៀតណាម មកលក់នៅក្នុងប្រទេសកម្ពុជាខាងលើ គឺជាមូលហេតុមួយជ្រុងធំ ដែល ធ្វើឱ្យឆ្នោតកីឡាដួលរលំ ខណៈដែលអ្នកចូលចិត្ដលេងឆ្នោត ពេញនិយមនឹងឆ្នោតវៀតណាម មិនសូវទិញឆ្នោតឡូតូ មានច្បាប់អនុញ្ញាតនៅក្នុង ស្រុកនោះ ។
អ្នកសេដ្ឋកិច្ចមួយរូប បានបញ្ចេញជាមតិថា ការលំហូរចូលឆ្នោតវៀតណាម មកលក់នៅក្នុងទីក្រុងភ្នំពេញខាងលើនេះ ប្រសិនបើការនាំចូល មានច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ វាគឺជារឿងមួយ តែប្រសិនបើនាំចូលយកមកលក់ដោយអត់ច្បាប់នោះ វាគឺជាកំហុសធ្ងន់ធ្ងរមួយ ដែលអាជ្ញាធរ សមត្ថកិច្ច និងរាជរដ្ឋាភិបាល ត្រូវតែយកចិត្ដទុកដាក់ និងពិនិត្យមើលឡើងវិញ ព្រោះក្រៅតែពីការលេងល្បែងខុសច្បាប់ គឺវាធ្វើ ឱ្យសាច់ប្រាក់ហូរ ចេញទៅក្រៅប្រទេស អស់រាប់សិបលានរៀល ក្នុងមួយថ្ងៃៗផងដែរ តាមរយៈអ្នកទិញលេងចាញ់ ដែលសាច់ប្រាក់ខាងលើមិន ធ្លាក់ទៅលើដៃឈ្មួញ ក្នុងស្រុកនោះឡើយ គឺហូរចេញទៅកាន់ក្រុមហ៊ុនឆ្នោត ដែលនៅប្រទេសវៀតណាមឯណោះ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មីៗនេះ នៅពេលដើមអម្ពិលទូរស័ព្ទ សុំការបំភ្លឺពីការនាំចូលឆ្នោតជាតិវៀតណាម មកលក់ខាងលើនេះ ត្រូវបានលោកអះអាងថា លោកហាក់ដូចជាមិន ទាន់ច្បាស់ ថាតើមានច្បាប់ ឬអត់ច្បាប់នោះទេ ហើយលោកនឹងធ្វើការសួរបន្ដ ទៅកាន់ជំនាញ ថាតើការដើរលក់ឆ្នោតវៀតណាមខាងលើនេះ ជារឿងស្របច្បាប់ឬអត់?
អ្នកទីក្រុងភ្នំពេញ ដែលមានការចាប់អារម្មណ៍ ទៅនឹងការដើរលក់ឆ្នោតជាតិវៀតណាមនេះ បានអះអាងថា ប្រសិនបើការលក់ឆ្នោតគ្មានច្បាប់ អនុញ្ញាតទេនោះ វាគឺជាល្បែងស៊ីសងខុសច្បាប់ ដូច្នេះសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាប និងលុបបំបាត់ មិនត្រូវទុកបណ្ដោយឱ្យឈ្មួញនាំចូលយក មកលក់អនាធិបតេយ្យ យ៉ាងដូច្នេះនោះទេ ៕(DAP)
Photo by DAP-NEWS

Comments system

Disqus Shortname