Friday, December 7, 2012

អាជីវករលក់ដូរ និងបញ្ចូលបទភ្លេងទូរស័ព្ទ រិះគន់អង្គភាពវប្បធម៌ស្រុក ដើរយកលុយតាមតូប

អាជីវករលក់ដូរ និងបញ្ចូលបទភ្លេងទូរស័ព្ទ រិះគន់អង្គភាពវប្បធម៌ស្រុក ដើរយកលុយតាមតូប ពោធិ៍សាត់:     ​ក្រុម​អ្នក​អាជីវករ​លក់ដូរ និង​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ​នៅតាម​ជនបទ ការធ្វើ​ការរិះគន់​ដល់​មន្ត្រី​វប្បធម៌​ម្នាក់ នៅ​ស្រុក​ភ្នំក្រវាញ បាន​ដើរ​ទារលុយ​តាម​តូប​មួយចំនួន​នៅ ភូមិ​អូរឫស្សី ឃុំ​បាក់​ចិញ្ចៀន កាលពី​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ​ឆ្នាំ​២០១២​កន្លងមកនេះ តែ​អាជ្ញាធរ​ស្រុក​បាន​អះអាងថា មិនបាន​សហការ​ទេ ថែមទាំង​មិនដឹង​ទៀតផង​។​

​ យុវជន​ឈ្មោះ​សេង គឹម​សាន អាយុ​២៣​ឆ្នាំ ដែលជា​អ្នក​បញ្ចូល​បទ​ភ្លេង​នៅតាម​ចិញ្ចើមផ្លូវ​លេខ​១៥៥ ក្នុងភូមិ​អូរឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។  យុវជន​ឈ្មោះ​សេង គឹម​សាន បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ កន្លងមក មាន​មន្ត្រី​ម្នាក់​ដែល គាត់​បាន​អះអាង​ខ្លួន​ថា ជា​មន្ត្រី​បម្រើការ​ឲ្យ​អង្គភាព វប្បធម៌​ស្រុក​ភ្នំក្រវាញ បានមក​ទារលុយ​តាម​តូប​។ លោក​គឹម​សាន  បាន​បន្តថា នៅ​ថ្ងៃ​ដែល​គាត់​បាន​ដើរ​ទារលុយ​នោះ គឺមាន​តែម្នាក់ឯង​ទេ ដោយបាន​ពន្យល់​ប្រាប់​ហេតុផល​ថា ការរកស៊ី​បញ្ចូល​បទ​ភ្លេង​នេះ គឺជា​បទល្មើស ត្រូវតែ បង់លុយ​ជូន​រដ្ឋ តែ ប្រសិនបើ​ប្អូនឯង​បង់លុយ​ឲ្យ​ចំនួន​២៦.០០០​រៀល​ក្នុង​មួយឆ្នាំ​នោះ​ហើយ គាត់​នឹង​ទៅ​រាយការណ៍​ជូន​ថ្នាក់លើ​ថា នៅ​តំបន់​នេះ គឺ​គ្មាន​បទល្មើស​បញ្ចូល​បទ​ភ្លេង​នោះទេ ចង់រក​បន្តទៀត​ក៏​រក​ទៅ​។ ការទារលុយ​បង់ពន្ធ​នេះ គឺមាន​កំរិត​មួយឆ្នាំ​ម្ដង ដែលមាន​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ជូន​អ្នក​បង់លុយ​មួយច្បាប់​ផងដែរ តែ​នៅក្នុង​បង្កាន់ដៃ​នោះ គឺ​គ្មាន ការចុះ​លេខ ឬ​ឈ្មោះ ប្រធាន​គ្រប់គ្រង​ទេ គឺមាន​តែ ឈ្មោះ លោក អ៊ុក ជា​ណែ​ត ដែលជា​អ្នកដើរ​ទារលុយ ម្នាក់ឯង​គត់​។​
​    ​
​ ចំណែក​ស្ត្រី​ឈ្មោះ​យ៉ុង រ៉េត អាយុ​៥៧​ឆ្នាំ ដែលជា​អ្នកលក់​ឥ​វ៉ាន​ចាប់ហួយ​បន្តិចបន្តួច នៅ​ភូមិ​អូរឫស្សី ដែរនោះ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១២​កន្លងមក  មាន​ខាង​វប្បធម៌​ស្រុក​ភ្នំក្រវាញ​ឈ្មោះ អ៊ុក ជា​ណែ​ត បានមក​បង្ខំ​ឲ្យ​គាត់​បង់លុយ​ចំនួន ២៥.០០០​រៀល សម្រាប់​ការលក់ដូរ​មួយឆ្នាំ ប៉ុន្តែ​គាត់​មិនបាន​បង់លុយ​ឲ្យ​នោះទេ ព្រោះ ថា​កន្លងមក​ធ្លាប់តែ​ឮ​គេ​និយាយថា ខាង​ពន្ធដា​ទារលុយ តែ​ឥឡូវ​ខាង​វប្បធម៌​មក​ទារ​ម្ដង ដូចជា មិនត្រូវ​រឿង​ទាល់តែសោះ ខ្ញុំ​មិន​ព្រម​បង់​ឲ្យ​ទេ រង់ចាំ​សួរ​ទៅ​ថ្នាក់លើ​សិន​។ ហេតុផល​ដែល​មិន​ព្រម​បង់លុយ​នេះ ព្រោះ​វា​ចម្លែក​ពេក ដើរ​ទារពន្ធ​អី​ក៏​គ្មាន​ប៉ូលិស ឬ អាជ្ញាធរ​ណា​ម្នាក់​ដើរ​ជាមួយ​អញ្ចឹង គឺមាន​តែ​គាត់​ម្នាក់ឯង​គត់ នេះ​ប្រហែល ជា​មិន​ស្រួល​ទេ​។​
​    ​
​ លោក ទូច សំបូរ អភិបាលស្រុក​ភ្នំក្រវាញ បាន​អះអាង​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា រឿងនេះ​លោក​មិនបាន​ដឹង​ទេ ថែមទាំង​គេ​មិនបាន​សុំ​សហការ​មួយ​ដែរ អរគុណ​ណាស់​ដែល​បានផ្ដល់​ព័ត៌មាន​។ រឿងនេះ លោក​នឹងធ្វើ​ការស្រាវជ្រាវ​នៅពេល​ក្រោយ​។
​    ​
​លោក រស់ សំណាង អនុប្រធាន​មន្ទីរ​វប្បធម៌ ខេត្តពោធិ៍សាត់ បាន​ប្រាប់​គេហទំព័រ CEN នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១២​ថា មិនមែន​ដាក់​ទិស​ទេ វា​ជា​ផែនការ​ធ្វើតាម​ច្បាប់ បង្ក្រាប​ចំពោះ​អ្នក​បញ្ចូល​បទ​ចំរៀង​យ៉ាង​អាណាធិបតេយ្យ ពី​ការប្រើប្រាស់​រូបភាព​អាសអាភាស ដូចជា រូបភាព​រឿង​សិច​ជាដើម​។ ជាមួយគ្នា​នោះ ក៏ត្រូវ​ទារពន្ធ​លើ​ការលើក ស្លាក​យីហោ​ហាង​លក់ដូរ​ដែរ​លើ​ផ្នែក​តុបតែង ឯ​ច្បាប់​អាជីវកម្ម​លក់ដូរ គឺជា​រឿង​របស់​ពន្ធដារ​ផ្សេង​។ លោក​អនុប្រធាន​បាន​បន្តថា ការចុះ​ប្រតិបត្តិការ​នេះ ពេលទៅដល់​មូលដ្ឋាន​ណា គឺ​ត្រូវតែ​សហការ ជាមួយ​កន្លែង​នោះ មិន​អាចធ្វើ​តែម្នាក់ឯង​បានទេ​៕(CEN)

Comments system

Disqus Shortname