ភ្នំពេញ:
បន្ទាប់ពីមានព្យុះពាក្យចចាមអារ៉ាមជាច្រើននោះ
តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា
ហាក់មិនអាចចង់និយាយជាមួយអ្នកសារព័ត៌មាននោះទេហើយថែមទាំងកំពុង
មានរឿងស្មុគស្មាញចែកកូនគ្នាគ្រប់គ្រងទៀតផង ។
អ្នកនាង
បានបង្ហាញខ្លួនចុងក្រោយ ដើម្បីទៅចូលរួមកម្មវិធីមង្គលការពិធីការិនី
សុខ សោម៉ាវត្តី កាលពីថ្ងៃទី២៤ វិច្ឆិកា
នៅមជ្ឈមណ្ឌលកោះពេជ្រ។អ្នកនាងមិនហ៊ានស្លៀកពាក់ស៊ិចស៊ីដូច
តារាចម្រៀងថ្មីៗទេ គឺស្លៀកពាក់បែបរមទម និងថ្លៃថ្នូរ
សមជាសិល្បៈរៀមច្បងមែន។
គួរឲ្យចាប់អារម្មណ៍ដែរថា
មួយរយៈពេលចុងក្រោយនេះ លេចឮថា អ្នកនាងកែវពេជ្ជតា
មានទំនាក់ទំនងស្នេហាជាមួយបុរសពោះម៉ាយ ឈ្មោះវ៉ាត អាណិកជនខ្មែរ
នៅបារាំង ដែលបានស្កាត់រកអ្នកនាង នៅក្នុងពិធីមង្គលការមួយ
នៅស្រុកខ្មែរ តែក្រោយពីសារព័ត៌មានបានចុះផ្សាយពីរឿងនេះមក
ក៏ស្រាប់តែបាត់ដំណឹងបុរសអាណិកជននោះឈឹង នាំឲ្យមានមន្ទិលសង្ស័យថា
កែវពេជ្ជតា មិនចាប់អារម្មណ៍ទៅលើផ្លូវស្នេហាជាមួយបុរសបារាំង
ម្នាក់នេះភ្លាមៗទេ ព្រោះតែអ្នកនាងនៅតែមានការឈឺផ្សាក្នុងបេះដួង
នៃរឿងស្នេហ្នាចាស់នៅឡើយនោះ។
ចំណែកឯ
ការប្រុងប្រយ័ត្នរបស់អ្នកនាង ម៉េង កែវពេជ្ជតា មួយរយៈចុងក្រោយនេះដែរ
កើតមានបន្ទាប់ពីសារព័ត៌មានជាច្រើន បានផ្តោតថា
អ្នកនាងជួបរឿងពិកបាកចិត្ត ដោយសារតែអ្នកគេផ្គូផ្គងថា
ជាគូស្នេហ៍ថ្មីអ្នកនាង គឺលោក ស៊ុក សុភា
បានរៀបការប្រពន្ធមេម៉ាយកូន៣ នៅអូស្ត្រាលី ចោលបាត់ទៅ
ទុកឲ្យអ្នកនាងក្រៀមក្រំ បើទោះបីជាអ្នកនាង ពេជ្ជតា
បានបដិសេដរឿងនេះរួចហើយក៏ដោយ។
ថ្វីបើជាយ៉ាងនេះក្តី អ្នកនាង
កែវពេជ្ជតា បានធ្លាប់ប្រាប់ថា អ្នកនាងមិនទាន់គិតពីរឿងស្នេហាទេ
ហើយក៏គ្មានពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ដែរនៅពេលនេះ។
ទស្សនាវដ្តីអង្គរធំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ អ្នកនាង
កែវពេជ្ជតាមិនបានលើកទូរស័ព្ទឡើយ ដែលតាមប្រភពថា
អ្នកនាងកំពុងតែមានរឿងស្មុគស្មាញប្រទាញប្រទាក់គ្នាជាមួយអតីតស្វាមី
លោក មួង ឃីម រឿងចង់បានកូនប្រុសស្រីមកចិញ្ចឹមគ្រប់គ្រង
មិនទាន់បានបញ្ចប់នោះ។
ប្រភពដដែលនេះ បានបន្ថែមថា កែវពេជ្ជតា
ស្រឡាញ់កូនទាំង២នេះខ្លាំងណាស់ ហើយការទទួលយកស្នេហាថ្មី
បានលុះត្រាតែមានបុរសណាម្នាក់ ស្រឡាញ់កូនអ្នកនាង ដូចកូនបង្កើត
ទើបអាចទៅរួច បើគ្រាន់តែមើលឃើញសម្រស់អ្នកនាង មិនអាចទៅរួចឡើយ៕(CEN)