Sunday, December 2, 2012

សំណុំរឿង​ព្រះវិហារ៖ តុលាការ​ក្រុងឡាអេ​នឹង​បើក​សវនាការ​នៅ​ខែ​មេសា​២០១៣

ដោយ សេង ឌីណា
កម្ពុជា​បាន​ដាក់​បណ្តឹង​ កាលពីខែ​មេសា ឆ្នាំ​២០១១ សុំ​​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២
Reuters
តុលាការ​យុត្តិធម៌​អន្តរជាតិ (តុលាការ​ក្រុងឡាអេ) បាន​ចេញ​សេចក្តី​​ប្រកាស កាល​ពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បញ្ជាក់​អំពី​​​​កាលបរិច្ឆេទ​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​ កម្ពុជា ដែល​ទាមទារ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​​​សំណុំរឿង​ព្រះវិហារ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ តុលាការ​ក្រុងឡាអេ​បាន​បញ្ជាក់ថា នៅ​ក្នុង​សវនាការ ដែល​នឹង​បើកធ្វើ នៅ​ទីស្នាក់ការ​របស់​តុលាការ (វិមាន​សន្តិភាព ក្រុង​ឡាអេ ប្រទេស​ហូឡង់) ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៩ មេសា ឆ្នាំ​២០១៣​ខាងមុខនេះ ភាគី​កម្ពុជា ដែល​ជាដើម​បណ្តឹង និង​ភាគី​ថៃ ដែល​ជា​ចុងចម្លើយ នឹង​ត្រូវ​ឡើង​ថ្លែងការពារ​ខ្លួន​ម្នាក់​ម្តង ហើយ​ការ​ឆ្លើយ​ការពារ​ខ្លួន​ដោយ​ផ្ទាល់​មាត់នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ជាពីរជុំ។

ការ​ឆ្លើយ​បំភ្លឺ​​ផ្ទាល់មាត់​ជុំទីមួយ

  • ថ្ងៃចន្ទ ១៥ មេសា៖ ភាគី​កម្ពុជា (ពេញមួយថ្ងៃ)
  • ថ្ងៃ​ពុធ ១៧ មេសា៖ ភាគី​ថៃ (ពេញមួយថ្ងៃ)

ការឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ជុំទីពីរ

  • ថ្ងៃព្រហស្បតិ៍ ១៨ មេសា៖ ភាគី​កម្ពុជា (ម៉ោង ៣ ដល់​ម៉ោង ៥រសៀល)
  • ថ្ងៃសុក្រ ១៩ មេសា៖ ភាគី​ថៃ (ម៉ោង ៣ ដល់​ម៉ោង ៥រសៀល)

តុលាការ​ក្រុងឡាអេ​ក៏​បាន​បញ្ជាក់ផងដែរ​ថា ភាគី​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​បញ្ជូន​សារណា​ជាលាយលក្ខណ៍​អក្សរ​ ការ​ពារជំហរ​រៀងៗខ្លួន ទៅតាម​កាលបរិច្ឆេទ ដែល​បាន​កំណត់​រួចរាល់​អស់ហើយ។ នៅ​ក្នុង​សវនាការ ខែ​មេសា ខាងមុខនេះ គឺ​ជា​ការឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់​មាត់​សុទ្ធសាធ។ ទោះជាយ៉ាងណា នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាល​ពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ តុលាការ​ក្រុងឡាអេ​មិនបាន​បញ្ជាក់​ថា នៅ​ក្រោយ​ពី​ការ​ឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់ ពី​គូភាគី នៅខែ​មេសា​នេះ ចៅក្រម​នឹង​ចេញ​សេចក្តីសម្រេច​នៅ​ពេលណា​នោះទេ៕(rfi)

Comments system

Disqus Shortname