Saturday, December 29, 2012

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ស្ម័គ្រចិត្តផ្ដល់ឈាម ជួយសង្គ្រោះអ្នកជំងឺ

បាត់ដំបង: ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង ប្រមាណ​ជាង ៥០០​នាក់ មកពី​សាលា​វិទ្យាល័យ​នានា ក្នុង​ខេត្តបាត់ដំបង បាន​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម​ពី​មូលនិធិ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់​។​
​    ​
​ ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១២ នៅ​សាល​មហោស្រព នៃ​សាកលវិទ្យាល័យ​បាត់ដំបង ក្រោម​អធិបតីភាព​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង ខេត្តបាត់ដំបង លោក​វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង លោក​ជុន ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន NVC corporation, Vital ព្រមទាំង​សិស្សានុសិស្ស និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ប្រមាណ​ជាង​៥០០​នាក់​ផងដែរ​។​

​លោកស្រី សៀង​ឯម ទទឹម នាយិកា​រង សាកលវិទ្យាល័យ​បាត់ដំបង បាន​ឲ្យ​ដឹងថា សិស្ស​នុ​សិស្ស​ប្រមាណ​ជាង ៥០០​នាក់ មកពី​វិទ្យាល័យ​នានា ក្នុង​ខេត្តបាត់ដំបង បាន​ស្ម័គ្រ​បរិច្ចាគ​ឈាម ដើម្បី​តម្រូវការ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​នានា ដែល​ទទួលរង​គ្រោះថ្នាក់​ផ្សេងៗ និង​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​ជាយថាហេតុ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធិ វី​តា​ល់ បាន​លើកឡើងថា ទឹក​ពិសារ​វី​តា​ល់ បាន​ចូលរួម​កម្មវិធី​ផ្ដល់​ឈាម របស់លោក​លោកស្រី និង​ប្អូនៗ​ទាំងអស់​។ ទឹក​ពិសារ​វី​តា​ល់ បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១០ ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ​យើង​ពិតៗ​។ ដោយ​យោងទៅលើ​វប្បធម៌​ចែករំលែក ស្រឡាញ់​ជាតិ ជួយ​ជនរួមជាតិ​កម្ពុជា​យើង ទឹក​ពិសារ​វី​តា​ល់​បាន​បង្កើត​មូលនិធិ​របស់ខ្លួន ចាប់តាំងពី​នៃ​ថ្ងៃ​បង្កើត​ទឹក​ពិសារ វី​តា​ល់ ដោយ​រំលែក​ថវិកា​
​ដែល​ លក់​ក្នុង​មួយ​ដប​២៥​រៀល​នោះ សម្រាប់​ការងារ​មនុស្សធម៌ និង​សង្គម​ផ្សេងៗ​ក្នុងនោះ​ជួយឧបត្ថម្ភ​ចំពោះ​កាកបាទក្រហមកម្ពុជា កងទ័ព​សមរភូមិ​មុខ កុមារកំព្រា កុមារ​បាត់បង់​កាយសម្បទា​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួយ​ផ្នែក​ព្រះពុទ្ធសាសនា​ផងដែរ​។ ប៉ុន្តែ​ដោយ​យល់ឃើញថា តម្រូវការ​នៃ​ការផ្ដល់​ឈាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ ក្រុមហ៊ុន​ទឹក​ពិសារ​វី​តា​ល់ បាន​ផ្ដោតទៅលើ​ការជួយឧបត្ថម្ភ​គាំទ្រ​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ ស្ម័គ្រចិត្ត និង​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម យ៉ាង​ជិត​ស្និ​ទ្ធិ​បំផុត​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។
​ទោះបីយ៉ាងណា​ទឹក ​ពិសារ​វី​តា​ល់​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​នេះ​ទេ គឺ​នៅតែ​បន្ត​សហការ​ជួយឧបត្ថម្ភ​គាំទ្រ ដើម្បី​ចូលរួម​បំផុស និង​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្ដ​ត់​ផ្គង់​ឈាម ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែកទៅលើ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ​។​

​ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង​ខេត្តបាត់ដំបង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​អំពាវនាវ​ថា ពលរដ្ឋ​គ្រប់រូប គឺមាន​សណ្ដាន​ចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ធម្មជាតិ ឬ​មាន​ជំងឺ​ចៃដន្យ​ជាយថាហេតុ នៅក្នុង​ប្រទេស​កម្ពុជា យើង​ឲ្យ​បាន​ច្រើន​គ្នា​ទៅតាម​ការស្ម័គ្រចិត្ត​។ ការផ្ដល់​ឈាម​វា​មិន​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ឡើយ​។ នេះ​ជាការ​ចូលរួមចំណែក​ជួយសង្គ្រោះ និង​ស្រឡាញ់​ជាតិខ្មែរ​ដូចគ្នា​។​

​ លោក​វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១២  មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ខេត្តបាត់ដំបង បានធ្វើ​ការងារ​របស់​ខ្លួន ពី​ការ​ស្ម័គ្រ​របស់​សិស្សានុសិស្ស និស្សិត​បរិច្ចាគ​ឈាម​បាន​ចំនួន​១០៨​នាក់​ហើយ​។ ដោយសារ​ពេលវេលា​ខ្លី មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ខេត្តបាត់ដំបង និង​ចុះ​ទៅតាម​វិទ្យាល័យ​រៀងខ្លួន ដើម្បី​ធ្វើការ​ងារ​ដែល​យុវជន​ផ្ដល់​ឈាម​៕​(cen)

Comments system

Disqus Shortname