Saturday, December 1, 2012

ទ្រាំ​មិន​បាន​នឹង​ប្តី​ប្រើ​អង្រែ​វាយ​ប្រដាប់​ភេទ​រត់​រក​អាដ​ហុក​ឲ្យ​ជួយ


121130_08
សកម្មភាព ​នៃ​ការ​ធ្វើ​ត្រាប​់​តាម​ អំពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ និង​កុមារ​នៅ​ក្នុង​សង្គម​កម្ពុជានាពេល​បច្ចុប្បន្ន​។ រូប​ថត ហុង មិនា

កោះកុងៈ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល កំពុង​ធ្វើ​យុទ្ធនាការ​បំពាក់​បូ​ពណ៌ស​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា លើ​ស្ត្រី កាល​ពី​ម្សិល​មិញ ស្រ្តី​វ័យ ៣៧​ឆ្នាំម្នាក់​ នៅ​ក្រុង​ខេមរភូមិន្ទ បាន​រត់​ទៅ​កាន់​ការិយា​ល័យ​អង្គការ​អាដហុក ដើម្បី​សុំ​ឲ្យ​អង្គការ​នេះ ជួយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ធ្វើ​ការ​ចាប់​ខ្លួន​ស្វាមី ដែល​បាន​ប្រើ​អង្រែ​វាយ​ប្រដាប់​ភេទ និង​តែងតែ​វាយ​ធ្វើ​បាប​មក​លើ​ខ្លួន​ស្ទើរ​តែ​មាន​ជំងឺ​ផ្លូវ​ចិត្ត។
ស្ត្រី ​រងគ្រោះ មាន​ឈ្មោះនឹង នៀត រស់​នៅ​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ បាន​រត់​គេច​ពី​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ពុធ ដោយ​ហែល​ទឹក ទៅ​កាន់​ការិយា​ល័យ​អង្គការ​អាដហុក បន្ទាប់​ពី​ត្រូវ​ប្តី​វាយ​ធ្វើបាប។
អ្នកស្រី នឹង នៀត បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា អ្នក​ស្រី បាន​រស់​នៅ​ជាមួយ​ស្វាមី​ឈ្មោះ សេង រុន វ័យ ៤២ ឆ្នាំ ជិត ៥ ឆ្នាំ​មក​ហើយ ហើយ​ជា​រឿយៗ​ត្រូវ​បាន​ស្វាមី​វាយ​ធ្វើ​បាប។ អ្នក​ស្រី បន្ត​ថា គាត់​បាន​ប្រើ​កាំបិត​ចាក់​ដៃ​និង​វាយ​ក្បាល ហើយ​គាត់ បាន​វាយ​ទាត់​ធាក់ និង​ដៀល​អ្នក​ស្រីថា «មី​សំផឹង»​ស្ទើរ​តែ​រាល់​ថ្ងៃ។ នៅ​ថ្ងៃ​ចុង​ក្រោយ ស្រាប់​តែ​ប្តី​របស់​អ្នក​ស្រី បាន​យក​អង្រែ​វាយ​ប្រដាប់​ភេទ​របស់​អ្នកស្រី ទើប​ធ្វើ​ឲ្យ​អ្នក​ស្រី មិន​អាច​អត់​ទ្រាំ​បន្ត​ទៀត​បាន ក៏​បាន​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ ហើយ​ដាក់​ពាក្យ​បណ្តឹង។ អ្នក​ស្រីបន្ត​ថា៖​«ប្តី​របស់​ខ្ញុំ បាន​យក​អង្រែ​វាយ​ប្រដាប់​ភេទ​ខ្ញុំ​ពីរ​ដង។ ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ។ ខ្ញុំ​បាន​រត់​គេច​ពី​ផ្ទះ​ដោយ​ហែល​ទឹក​ខណៈ​ដែល​ប្តីដេក​លក់»។ ស្រ្តី​រូប​នេះ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ចាប់​ខ្លួន​និង​ផ្តន្ទា​ទោស​ស្វាមី​របស់​អ្នកស្រី​ទៅ​តាម​ផ្លូវ​ច្បាប់។
អ្នកស្រីបន្ត ​ថា៖«អស់​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ ខ្ញុំទ្រាំ​រស់​នៅ​ជាមួយ​គាត់ ទោះ​បី​គាត់ បាន​វាយ​ធ្វើ​បាប​ខ្ញុំ​ស្ទើរ​គ្រប់​រូប​ភាព​មាន​ដូចជា​ច្របាច់​ក ចាក់​នឹង​កាំបិត ប៉ុន្តែ​ចុង​ក្រោយ គាត់ បាន​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ដោយ​វាយ​ប្រដាប់​ភេទ​របស់​ខ្ញុំ»។
លោក នាង បូរ៉ាទីណូ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​កោះ​កុង បាន​ថ្លែង​ថា វាជា​ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ។ លោក បាន​បញ្ជាក់​ថា​៖«​វា​ជា​រឿង​ឃោរឃៅ​ណាស់ ដែល​ស្ត្រី​រូប​នេះ ត្រូវ​បាន​ប្តី​ធ្វើ​ទារុណ​កម្ម។ គាត់​ត្រូវ​បាន​ប្តី​វាយ​ធ្វើ​បាប​ស្ទើរ​ឆ្កួត។ ខ្ញុំបាន​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៅ​ប៉ូលិស​មូល​ដ្ឋាន​រួច​ហើយ ដើម្បី​ចាត់​វិធានការ​លើ​ករណី​នេះ»។
លោក នុត សុខុម នាយប៉ុស្តិ៍​ប៉ូលិស​សង្កាត់​ស្ទឹង​វែង បាន​ដឹកនាំ​កម្លាំង​​អន្តរាគមន៍ ចុះ​ទៅ​ដល់​ផ្ទះ​ស្ត្រី​រងគ្រោះ ដើម្បី​ធ្វើ​ការ​សាក​សួរ​ពី​បញ្ហា​នេះ កាល​ពី​ម្សិល​មិញ ប៉ុន្តែ​ក្រោយ​ពីសួរ​នាំ​រួច​មក បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់។
អង្គការយេនឌ័រ និង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា (GADC) និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ព្រម​ទាំង​រដ្ឋា​ភិបាល បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ បំពាក់​បូ​ពណ៌ស ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រ្តី ចាប់​តាំង​ពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​ ២០១២ នៅ​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។
លោកស្រី រស់ សុភាព នាយក​ប្រតិបត្តិ​នៃ​អង្គការ GADC ថ្លែង​ថា ប្រធាន​បទ​នៃ​យុទ្ធនាការ ១៦ ថ្ងៃ​នេះ គឺ​អំពើ​ហិង្សា​ប្រឆាំង​ស្រ្តី​ជះ​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់ៗ​គ្នា​«នៅ ពេល​មិន​មាន​អំពើ​ហិង្សា​ចំពោះ​ស្រ្តី​សហគមន៍​ទាំង​មូល​ទទួល​បាន ប្រយោជន៍»៕NR(POSTKHMER)

Comments system

Disqus Shortname