Monday, December 3, 2012

ព្យុះឈ្មោះបុប្ផា មានល្បឿនពីររយគីឡូម៉ែត្រ ក្នុងមួយម៉ោង

ភ្នំពេញ: ព្យុះ​ទី​២៤ ឈ្មោះ​បុប្ផា ដែលជា​ឈ្មោះ​របស់​កម្ពុជា​បានដាក់​ឲ្យ​វា នឹង​ឡើងគោក​នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​៤ ឬ​ទី​៥ ខែធ្នូ​។ ព្យុះ​ទី​ហ្វុ​ង ដែលមាន​ល្បឿន​ពីរ​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ វា​មាន​ភាគរយ​តិចតួច​ណាស់ ដែល​អាច​ឆ្លង​ផុត​ប្រទេស​ហ្វីលីពីន និង​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះ តែ​វា​បានធ្វើ​ឲ្យ​ថយឥទ្ធិពល​សម្ពាធ​ខ្ពស់​ស៊ី​បេ​រី​ជាច្រើន​ថ្ងៃ​មកហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ឧតុនិយម​។
​    ​
​លោក អ៊ុំ រី​ណា ប្រធានស្តីទី​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ នេះ​ថា ព្យុះ​ទី​២៤ ឈ្មោះ​បុប្ផា ដែលមាន​ល្បឿន​រហូត​ប្រមាណ​ជា​ពីរ​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ ៩០ ភាគរយ វា​នឹង​រលាយ​នៅពេល​បាន​ឡើងគោក​ប្រទេស​ហ្វីលីពីន ឬក៏​បានមក​ហួស​ប្រទេស​ហ្វីលីពីន​បន្តិច​។ វា​មិន​អាចមាន​កម្លាំង​ខ្លាំង​ជាថ្មី​បាន បន្ទាប់ពី​ឆ្លង​ផុត​ប្រទេស​ហ្វីលីពីន​នោះទេ ដោយសារ​ពេលនេះ សម្ពាធ​ខ្ពស់​ស៊ី​បេ​រី​បាន​ធ្លាក់​ចុះមក​កាន់តែខ្លាំង​ហើយ​។​
​    ​
​ លោក អ៊ុំ រី​ណា បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​ទី​២៤​នេះ មាន​កម្លាំង​ខ្លាំង ដែល​មក​ជិត​ដល់​ប្រទេស​ហ្វីលីពីន​ហើយ ៗ​វា​នឹង​ឡើងគោក​នៅ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​៤ ឬ​ទី​៥ ខែធ្នូ​។ ព្យុះ​នេះ​មាន​ភាគរយ​តិចតួច​ណាស់ ដែល​អាច​ឆ្លង​ផុតពី​ប្រទេស​ហ្វីលីពីន ហើយ​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះ បើ​ឆ្លង​ប្រទេស​ហ្វីលីពីន​រួច ក៏មាន​កម្លាំង​ខ្សោយ​ដែរ​។ ព្យុះ​នេះ​បានធ្វើ​ឲ្យ​សម្ពាធ​ខ្ពស់​ស៊ី​បេ​រី​ថយឥទ្ធិពល​ជាច្រើន​ថ្ងៃ​ មកហើយ​។​
​    ​
​ចំណែក​ស្ថានភាព​ទឹកភ្លៀង​រដូវវស្សា​វិញ លោក អ៊ុំ រី​ណា បាន​បញ្ជាក់ថា អស់​ជា​ស្ថាពរ​ហើយ កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅនេះ​។ ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់ វា​នឹង​ចាប់ផ្តើម​មកដល់ បន្ទាប់ពី​ព្យុះ​ឈ្មោះ​បុប្ផា​បាន​រលាយ​អស់​។ ពេល​ត្រជាក់​ម្តងៗ មាន​រយៈពេល​ច្រើន​ថ្ងៃ​ជាង​ឆ្នាំកន្លងមក តែ​កម្រិត​នៃ​ការ​ត្រជាក់ គឺ​ប្រហាក់ប្រហែល​រដូវ​ត្រជាក់​ឆ្នាំ​២០១១-២០១២​ដែរ​។

​រីឯ​ការដាក់ ​ឈ្មោះ​ឲ្យ​ព្យុះ ដែល​បានកើត​មាននៅ​ក្នុង​តំបន់​នាពេល​កន្លងមក ត្រូវបាន​លោក អ៊ុំ រី​ណា ពន្យល់​ស្រដៀង​នឹង​លោក ម៉ៅ ហាក់ អគ្គនាយករង​ទទួលបន្ទុក​កិច្ចការ​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែរ​ថា ប្រទេស​ជាង​ដប់​នៅក្នុង​តំបន់ ត្រូវបាន​គណៈកម្មការ​ព្យុះ ឲ្យ​ប្រទេស​នីមួយៗ​ផ្ញើ​ឈ្មោះ​សម្រាប់​ដាក់​ឲ្យ​ព្យុះ​ដែល​បានកើត​មាន​។ ឈ្មោះ​ព្យុះ​ដែល​បាន​ផ្ញើ​មកពី​ជាង​ដប់​ប្រទេស ដែលមាន​ប្រមាណ​ជាមួយ​រយ​ឈ្មោះ ត្រូវ​គណៈកម្មការ​រៀប​ចំ​ជា​លេខ​រៀង​សម្រាប់​ដាក់​ឲ្យ​ព្យុះ ដែល​កើតមាន​ជា​បន្តបន្ទាប់ នៅពេល​អស់​ចាប់ផ្តើម​រាប់​សាជាថ្មី​។​

​ គួរបញ្ជាក់​ផងដែរ​ថា ព្យុះ​ដែល​បាន​កើតមាន​ក្នុង​តំបន់ តាំងពី​ដើមឆ្នាំ​រហូតមក​ទល់​ពេលនេះ (៣ ធ្នូ​) មាន​ចំនួន​២៤ ព្យុះ​ហើយ តែមាន​ឥទ្ធិពល​ដល់​កម្ពុជា​តែ​ពីរ​ទេ​។ ព្យុះ​ទាំង​២៤ ភាគច្រើន​ជា​ព្យុះ​មាន​កម្រិត​ខ្លាំង (​កំបុតត្បូង​) ដែល​បាន​កើតជា​បន្តបន្ទាប់ មានឈ្មោះ PAKHAR, SUNVU, MAWAR, GUCHOL, TALIM, DOKSURI, KHANUN, VICENTE, SAOLA, DAMREI, HAIKUI, KIROGI, KAITAK, TEMBIM, BOLAVEN, SANBA, JELAWAT, EVINIAR, SONTINH, PHRAPERONNIG និង​ព្យុះ​ទី​២៤ ដែល​កំពុង​កើតមាន​ឈ្មោះ BOPHA៕ J(CEN)

Comments system

Disqus Shortname