Friday, December 7, 2012

លោក សួង សុភ័ណ្ឌ បានចូលខ្លួនបំភ្លឺ នៅតុលាការ ដោយគ្មានអ្នកហែហម

Photo by DAP-Newsភ្នំពេញ ៖ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី និងជាដើមបណ្ដឹង ប្ដឹងសម្តេចតេជោ ហ៊ុន សែន ក្នុងរឿងស្លាប់មនុស្ស នៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០នោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២នេះ ដោយគ្មានអ្នក ហែហមអមដំណើរជាមួយ សូម្បីតែមេធាវីក៏គ្មានដែរ។
លោ សួង សុភ័ណ្ឌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទីនេះថា លោកបានចូលខ្លួន ទៅឆ្លើយបំភ្លឺ នៅចំពោះមុខ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញហើយនៅព្រឹកមិញនេះ ពាក់ព័ន្ធនឹងរឿងប្ដឹងសម្តេចតេជោ ហ៊ុន សែន ពីបទឃាតកម្មគិត ទុកជាមុន ក្នុងករណីជាន់គ្នាស្លាប់ ៣៥៣នាក់ នៅស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០នោះ។
លោកបញ្ជាក់ថា លោកមិនបានជួលមេធាវី ហើយក៏គ្មានអ្នកអមដំណើរ ជាមួយលោកដែរ ក្នុងការឆ្លើយបំភ្លឺនៅព្រឹកមិញនេះ ព្រោះលោក មិនមែន ជាជនរងគ្រោះ និងជាអ្នកចេះច្បាប់ផងនោះ «ខ្ញុំអត់ត្រូវការមេធាវីទេ ពីព្រោះខ្ញុំមិនមែនជាជនរងគ្រោះ ហើយខ្ញុំជាអ្នកច្បាប់ផងដែរនោះ គឺខ្ញុំបាន ការពារជនរងគ្រោះ៣៥៣នាក់ ហើយនឹងរបួសជាង៤០០នាក់ អីចឹងមានន័យ ថា ខ្ញុំជាអ្នកការពារជនរងគ្រោះ»។
លោកបញ្ជាក់ទៀតថា ក្នុងការឆ្លើយបំភ្លឺនោះ លោកបានរៀបរាប់ និងបង្ហាញភស្ដុតាងមួយចំនួន ដូចជា ខ្សែវីឌីអូ រូបថតមួយចំនួនធំជាដើម តែថា តុលាការមិនទាន់មានចំណាត់ការ យ៉ាងណានោះទេ រង់ចាំសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុនក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ ក្នុងនោះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្ដឹងបកទៅប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី វិញ ប្រសិនជាតុលាការ រកមិនឃើញកំហុសសម្តេច ដូចការចោទប្រកាន់នោះ៕(dapnews)

Comments system

Disqus Shortname