វ៉ាស៊ីនតោន៖ សកម្មជនការពារសិទ្ធិមនុស្សដ៏ល្បីឈ្មោះគឺ លោក ចាន់
សុវ៉េតត្រូវតុលាការក្រុងភ្នំពេញ
កោះហៅឲ្យចូលខ្លួនជាលើកទីពីរនៅថ្ងៃទី២៤ខែធ្នូខាងមុខពាក់ព័ន្ធនឹង
ការចោទប្រកាន់ថាលោកបានជួយដល់ក្រុមមួយដែលប៉ុនប៉ងបង្កើតតំបន់
អបគមន៍ ប្រឆាំងនឹងរដ្ឋាភិបាល។
ប៉ុន្តែក្រុមមន្ត្រីសិទ្ធិជាតិនិងអន្តរជាតិចាត់ទុកថាការកោះហៅនេះ
គឺជាការគំរាមកំហែងដល់ក្រុមសង្គមស៊ីវិលហើយពួកគេបានទទូចឱ្យតុលាការ
ទម្លាក់ចោលបទចោទប្រកាន់។
ចៅក្រមស៊ើបអង្កេត ឆែ វីរៈ នឹងសាកសួរលោក ចាន់ សុវ៉េតអនុប្រធានក្រុមអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុកទាក់ ទងនឹងបទចោទប្រកាន់កាលពីខែសីហាថាបានជួយក្រុមលោក ប៊ុន រដ្ឋាឲ្យគេចខ្លួន ចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរក្នុងករណីតវ៉ារឿងដីធ្លីនៅ ខេត្តក្រចេះដែលអាជ្ញាធរបានបាញ់សម្លាប់កុមារីអាយុ១៤ឆ្នាំម្នាក់ ស្លាប់នៅពេលមានការបង្រ្កាបកាលពីដើមឆ្នាំ និងចំពេលដែលអាជ្ញាធរខេត្តក្រចេះត្រូវគេរាយការណ៍មកថាខកខាន ក្នុងការដោះស្រាយបញ្ហាដីធ្លីពេលនោះ។ តែក្រុម មន្ត្រីសង្គមស៊ីវិលបានអះអាងថាអង្គការសង្គមស៊ីវិល គ្រាន់តែ បំពេញកាតព្វកិច្ច ជួយជនរងគ្រោះស្រ្តី និងកុមារ និងជនរងគ្រោះ ដោយសារ បញ្ហាដីធ្លី បញ្ហា រំលោភសិទ្ធិមនុស្សនានាទៅតាមច្បាប់។
ពួកគេអះអាងថាបើគេដឹងថាជនណា មួយមានការពាក់ព័ន្ធនឹងរឿងក្តីក្តាំ តុលាការ អង្គការសង្គមស៊ីវិលនឹងផ្តល់យោបល់ផ្លូវច្បាប់ឲ្យជនទាំងនោះ ទៅរកមេធាវី លើកទឹកចិត្តឲ្យហ៊ានតតាំងនៅ តុលាការ គឺមិនបានជួយដល់ឧក្រិដ្ឋជនណាមួយទេ។ នោះជាគោលការណ៍ សិទ្ធិមនុស្សជាសាកលដែលក្រុមអង្គការសិទ្ធិមនុស្សប្រតិបត្តិ។
លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) នាយករងនៃអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីទីក្រុង បាងកកមកថា លោកមានការភ្ញាក់ផ្អើល ហើយនឹងបារម្ភប្រសិនបើលោក ចាន់ សុវ៉េតត្រូវចោទប្រកាន់ដោយសារតែគ្មានកំហុសអ្វី ក្រៅតែពីបំពេញកិច្ចការការពារសិទ្ធិមនុស្ស គាំទ្រ សេរីភាពជួបប្រជុំ សេរីភាពបញ្ចេញមតិនោះ។
«អង្គការHuman Rights Watchមានក្តីបារម្ភណាស់ដែល បទចោទប្រកាន់នេះមានលក្ខណៈនយោបាយ។ ហើយខ្ញុំគិតថាលោក ចាន់ សុវ៉េតពុំគួរងការចោទប្រកាន់ និងត្រូវគេនាំទៅតុលាការដោយសារប្រភេទបទចោទទាំងនេះទេ»។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស លីកាដូបានអះអាងថាកិច្ចការរបស់លោក ចាន់ សុវ៉េតធ្វើគឺស្របទៅតាមច្បាប់និងគោលការណ៍ សិទ្ធិមនុស្ស និងធ្វើកិច្ចការក្នុងនាមជាសកម្មជនការពារសិទ្ធិមនុស្ស។
«ការណ៍ដែលកោះហៅលោក ចាន់ សុវ៉េតជាលើកទីពីរនេះ ខ្ញុំយល់ឃើញថាជាការណ៍មួយ ធ្វើឲ្យប៉ះពាល់ដល់ការងារវិស័យសិទ្ធិមនុស្សរបស់អង្គការការពារ សិទ្ធិមនុស្ស ក៏ដូចជាការគំរាមកំហែង បំភិតបំភ័យនូវសកម្មភាពការងាររបស់អង្គការ សិទ្ធិមនុស្ស»។
លោក អំ សំអាតបានអះអាងថាតុលាការនិងប្រទេសកម្ពុជាត្រូវពិចារណា អំពី ករណីលោក ចាន់ សុវ៉េត ដោយសារថាប្រទេសកម្ពុជាមានការរំលោភសិទ្ធិដ៏ ធ្ងន់ធ្ងររួចទៅហើយ ដែលសូម្បីតែមេដឹកនាំពិភពលោក មន្ត្រីអសប រួមទាំងលោក ប្រធានាធិបតីសរអាបារ៉ាក់ អូបាម៉ាព្រួយបារម្ភពីរឿងនេះ ហើយចង់ឃើញកំណែទម្រង់។
ដោយឡែក លោក ចាន់ សុវ៉េតវិញអះអាងថាលោកនឹងទៅបំភ្លឺនៅតុលាការ តាមនីតិវិធីអំពីភាពស្អាតស្អំរបស់លោក តាមការកោះហៅរបស់តុលាការ បន្ទាប់ពី ខកខានចូលខ្លួនម្តងកាលពីថ្ងៃ២៤ ខែសីហាដោយសារលោកជាប់បំពេញបេសកកម្ម នៅប្រទេសស៊ុយអែតរយៈពេល៣ខែ។
«ជារួមបើយើងមើលឃើញអំពីដីការបែបនេះហើយ គឺពលរដ្ឋគ្រប់រូបត្រូវតែ បំពេញ កាតព្វកិច្ចនេះជាពិសេសខ្ញុំផ្ទាល់អ្នកដែលត្រូវបានចោទប្រកាន់ ត្រូវតែទៅបង្ហាញខ្លួនដើម្បីបកស្រាយនូវអ្វីដែលជារឿងយុត្តិធម៌ រឿងដែលខ្ញុំមិន បានប្រព្រឹត្តអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ច្បាប់»។
លោកបានអះអាងថាការកោះហៅលោកទៅសាកសួរនេះគឺជាការគំរាមកំហែង ដោយសារការចោទប្រកាន់គឺគ្មានភស្តុតាង មិនមានការហៅទៅសាកសួរមុនពេលចោទប្រកាន់ហើយបញ្ជូនរឿងទៅចៅក្រម ស៊ើបអង្កេត។
លោក Phil Robertson ថ្លែងថា៖
«លោក ចាន់ សុវ៉េត
គឺជាករណីដែលរដ្ឋាភិបាលកម្ពុជាតាមរកអ្នកដែលអាចទទួលកំហុសជំនួសបាន។
រដ្ឋាភិបាលរកមើលការគំរាមកំហែងចំពោះក្រុមអង្គការសង្គមស៊ីវិល
រដ្ឋាភិបាលធ្វើការចោទប្រកាន់តាមបែបនយោបាយប្រឆាំង លោកចាន់ សុវ៉េត
ដែលការគំរាមកំហែងប្រភេទនេះគួរតែបញ្ឈប់»។
លោក Robertson បានលើកទឹកចិត្តដល់ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សត្រូវតែតស៊ូទៅមុខដើម្បីទាមទារសិទ្ធិរបស់ ខ្លួននិង ដើម្បីសិទ្ធិរបស់ពលរដ្ឋកម្ពុជា។
ក្នុងរឿងដីធ្លីនេះដែរ លោក ម៉ម សូណង់ដូប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ ក៏ត្រូវជាប់ចោទពីបទធ្វើអបគមន៍នេះដែរ ហើយលោកត្រូវតុលាការកាត់ទោសឲ្យជាប់ ឃុំឃាំង២០ឆ្នាំ។ ការកាត់ទោសនេះរងការរិះគន់ថាជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ហើយពួកគេទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង។
មន្ត្រីរដ្ឋាភិបាលធ្លាប់បដិសេធពីការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក្រៅពី បាន អះអាងថាការកោះហៅ ការឃុំខ្លួននេះជាដំណើរការសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា ដែលពលរដ្ឋត្រូវតតាំងគ្នាតាមផ្លូវច្បាប់នៅក្នុងតុលាការ។
ក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថាក្នុងឆ្នាំ២០១២មានការរំលោភសិទ្ធិ
មនុស្សដ៏ធ្ងន់ធ្ងរ ដោយសារតែអ្នកសារព័ត៌មានត្រូវគេបាញ់សម្លាប់
ចាប់ដាក់គុក គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្ស័យ
សកម្មជនព្រៃឈើត្រូវគេបាញ់សម្លាប់ ការរំលោភបំពានដីធ្លី
ការបាញ់កម្មកររោងចក្រនិងការរារាំងមេដឹកនាំគណបក្ស ជំទាស់ លោកសម
រង្ស៉ីមិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៣ជាដើម៕(VOA)