ការ ភ្លើតភ្លើនជាមួយនឹងសម្ភារនិយម និងភាពស៊ីវីល័យក្នុងចំណោមសិស្ស-និស្សិតស្រីកំពុងតែរុញច្រានពួកគេ ឲ្យធ្លាក់ក្នុងការអូសទាញពីសំណាក់ម៉ែយ៉ែមដែលឆ្លៀតឱកាសកេង ចំណេញប្រយោជន៍តាមរយៈសកម្មភាពដឹកញី បន្ស៊ីឈ្មោល។ពួកគេបញ្ចុះបញ្ចូលក្មេងស្រីទាំងនោះលក់ខ្លួនប្រាណ ឲ្យបុរសមានទ្រព្យសម្បត្ដិឬក៏តាតា។
អ្វីដែលគួរឲ្យភ្ញាក់ ផ្អើលបំផុតសិស្សសាលាស្រីៗដែលមិនខំរៀនសូត្រមួយចំនួនតូច បាននិងកំពុងប្រព្រឹត្ដខ្លួនជាម៉ែយ៉ែមជួញដូរមិត្ដភក្ដិឬក៏ សិស្សស្រីដទៃទៀត។ សកម្មភាពគួរឲ្យបារម្ភនេះ ជាក្ដីកង្វល់ដ៏ធំសម្រាប់ឪពុកម្ដាយ អាណាព្យាបាល សិស្សានុសិស្សរាជរដ្ឋាភិបាលនិងសង្គមជាតិទាំងមូលពីព្រោះវាមិន ត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្ដែវាធ្វើឲ្យបាត់បង់ធនធានមនុស្សកិត្តិយស និងវប្បធម៌ប្រពៃណីផងដែរ។
ជាក់ស្ដែង សិស្សស្រីម្នាក់វ័យ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅផ្ទះសំណាក់មួយក្បែរវត្ដនាគវ័ននិងត្រូវបាន បញ្ជូនសំណុំរឿងនេះទៅតុលាការពីបទជួញដូរក្មេងស្រីសិស្សសាលាដូច គ្នាចំនួន២នាក់ដែលមានអាយុ១៦និង២៥ឆ្នាំឲ្យតាតាក្នុងតម្លៃពី ១០០ដុល្លារទៅ៣០០ដុល្លារជាថ្នូរនឹងការរួមភេទម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតកោះសន្ដិភាពកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅនេះ។
ពាក់ព័ន្ធនឹងបញ្ហាម៉ែ យ៉ែមរូបស្រស់ ក្មេងខ្ចីនេះ លោក កែវ ធា ជាប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជាទូទៅមានក្មេងស្រីសិស្សសាលាមួយចំនួនតូចប៉ុណ្ណោះដែលប្រកបរបរ រកស៊ីលក់ខ្លួនដោយសារតែពួកគេចង់បានលុយសម្រាប់ចាយហ៊ឺហារបស់ ខ្លួន។ប៉ុន្តែករណីក្មេងស្រីសិស្សសាលាធ្វើជាម៉ែយ៉ែមទើបតែឮមួយ ករណីនេះទេ។
កាលពីឆ្នាំ២០១០ កញ្ញា ស្រី ល័ក្ខ ជាឈ្មោះហៅក្រៅ អាយុ២០ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ បានសម្រេចចិត្ដទៅគេងជាមួយបុរសមានទ្រព្យធនម្នាក់ក្រោមការណែនាំ របស់មិត្ដរួមថ្នាក់ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារបូករួមទាំង វត្ថុមានតម្លៃមួយចំនួនទៀតដូចជាទូរស័ព្ទនិងឧបករណ៍ទំនើបជាដើម។
កញ្ញា បានបង្ហើបប្រាប់ទៀតថា ដោយសារតែបានឃើញមិត្ដភក្ដិហ៊ឺហានិងប្រើតែសម្ភារទំនើបៗដូច្នេះ កញ្ញាក៏ស្នើសុំមិត្ដភក្ដិម្នាក់នោះជួយណែនាំតាណាម្នាក់ឲ្យកញ្ញា បានស្គាល់។កញ្ញា ហ៊ានអះអាងថា កញ្ញាមិនខ្លាចនឹងទៅគេងជាមួយបុរសចំណាស់នោះទេ ឲ្យតែមានលុយពីព្រោះវាប្រសើរជាងទៅគេងជាមួយសង្សារក្មេងគ្មានបាន ស្អីមកវិញសោះនោះ។
ចំពោះបញ្ហាមិត្ដភក្ដិដែលធ្វើខ្លួនជា ម៉ែយ៉ែមនោះ កញ្ញាមិនដឹងថា នាងទទួលបានកម្រៃជើងសាប៉ុន្មានឬយ៉ាងណានោះទេប៉ុន្ដែកញ្ញាទទួល ស្គាល់ថា ទង្វើបែបនេះមិនផ្ដល់ការរីកចម្រើនអ្វីដល់ខ្លួនឡើយ ក្រៅពីការចាយវាយលុយអស់ៗ។
រីឯសិស្សស្រីម្នាក់ទៀត វ័យ១៩ឆ្នាំ រៀននៅវិទ្យាល័យមួយក្បែរផ្សារទំនើបសូរិយា ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា កញ្ញាមានមិត្ដភក្ដិស្រីៗ៣នាក់ដែលសុទ្ធតែចូលចិត្ដដើរលេង សេពគ្រឿងញៀន និងវ៉ៃតប់គ្នា។ នៅពេលអត់លុយ ពួកគេតែងតែទៅធ្វើការងារជាអ្នកកំដរភ្ញៀវឬគេងជាមួយភ្ញៀវដើម្បី បានប្រាក់បន្ដភាពហ៊ឺហា។
មានកត្ដាជាច្រើនដែលជំរុញសិស្ស ស្រីឲ្យធ្លាក់ទៅក្នុងអាជីវកម្មផ្លូវភេទទាំងក្មេងខ្ចីដូចជា កត្ដាជីវភាព ចំណង់ចំណូលចិត្ដ និងឆាប់មានសង្សារពេក។
លោក កែវធាបានលើកឡើងទៀតថាការប្រកបរបររកស៊ីផ្លូវភេទមិនខុសច្បាប់ ទេ ប៉ុន្តែបើអ្នកជួញដូរដូចជាម៉ែយ៉ែមម្ចាស់បនឬក៏ទិញដូរសេវាកម្ម ផ្លូវភេទដែលពួកគេមិនទាន់គ្រប់អាយុអ្នកទាំងនោះត្រូវតែមានទោស។
យោង តាមសម្ដីរបស់លោកស្រីកែវថាជាគណៈកម្មការអប់រំប្រចាំសមាគមបណ្តាញ ការងារស្រ្តីរួបរួមគ្នា ដែលធ្វើការងារផ្ទាល់ជាមួយបុរសស្រ្តីរកស៊ីផ្លូវភេទបានឲ្យដឹង ថាកត្តាដែលធ្វើឲ្យក្មេងស្រីសិស្សសាលានិងស្រ្តីក្លាយទៅជាអ្នក រកស៊ីផ្លូវភេទ វាដោយសារតែជីវភាពក្រលំបាកការលង់ខ្លួនខូចចិត្តជាមួយនឹងសង្សារ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
លោកស្រី ផ្ដល់ដំបូន្មានដល់ក្មេងស្រីថា សូមកុំទាន់ប្រឡូកនឹងបញ្ហាស្នេហានិងកុំជឿទុកចិត្ដមិត្ដភក្ដិហើយ យកពេលវេលាដ៏មានតម្លៃមកខិតខំសិក្សាវិញ។ប្រសិនបើជួបអ្នកប៉ង ជួញដូរនោះ សូមប្រញាប់ទាក់ទងអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមគ្រួសាររបស់ខ្លួនជាបន្ទាន់។
យោងតាមច្បាប់ស្តីពីការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទរបស់ ប្រទេសកម្ពុជា និងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០០៨ បានបង្ហាញថាអ្នកដែលធ្វើការជួញដូរមនុស្សដោយមានបំណងក្នុងមាត្រា ទី១០បានចែងថានឹងមានទោសពី៧ឆ្នាំទៅ១៥ឆ្នាំហើយជួញដូរក្មេង មិនទាន់គ្រប់អាយុគឺត្រូវជាប់ទោសពី១៥ទៅ២០ឆ្នាំ។លើសពីនេះនៅ ក្នុងមាត្រាទី៣០បានបង្ហាញថាអ្នកដែលបើកអាជីវកម្មបនពេស្យាឬធ្វើ ជាម៉ែយ៉ែមក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទត្រូវមានទោសត្រូវដាក់ ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
ថ្វីដ្បិតតែច្បាប់ប្រឆាំងនឹង ការជួញដូរមនុស្សមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរក៏ដោយក៏មិនបាន បញ្ឈប់សកម្មភាពជួញដូរមនុស្សដោយសម្ងាត់និងប្រយោលនោះដែរ។
យោង តាមសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១២បាន បង្ហាញពីការឃាត់ខ្លួនម៉ែយ៉ែមថ្នាក់ខ្ពស់ម្នាក់ដែលជាម្ចាស់ហាង មីកាសាពីបទជូញដូរក្មេងស្រីសិស្សសាលានិងតារាស្រស់ស្អាតឲ្យទៅ តាតា។
នេះបង្ហាញយ៉ាងច្បាស់ពីការអូសទាញពីសំណាក់ជនឆក់ឱកាសនិយមក្នុងចំណោមក្មេងស្រីជាពិសេសក្មេងស្រីសិស្សសាលាតែម្ដង។
លោក ឧត្តមសេនីយ៍ត្រីបែនរ័ត្នជាស្នងការរងរាជធានីភ្នំពេញបានឲ្យដឹង ដែរថាក្មេងស្រីដែលប្រកបរបររកស៊ីផ្លូវភេទដែលសមត្ថកិច្ចអាច ឃាត់ខ្លួនបានមានអាយុពី១៤ឆ្នាំទៅ២០ឆ្នាំ។
លោកបានបញ្ជាក់ ថា៖ «យើងបានទប់ស្កាត់ករណីជួញដូរមនុស្សខុសច្បាប់ច្រើនជាង៥០ករណីមក ហើយនិងបានបញ្ជូនសំណុំរឿងទៅតុលាការហើយដែរ»។
ចំណែកឯលោក ស្រីពុងឈីវកេកជាប្រធានអង្គការលីកាដូ បានឲ្យដឹងថាអង្គការរបស់លោកស្រីបានផ្តល់នូវសេវាកម្មយ៉ាងទូលំ ទូលាយក្នុងការគ្រប់គ្រងការការពារស្របច្បាប់ដល់ជនរងគ្រោះពី ការជួញដូរ ហើយក៏មានចូលរួមតស៊ូមតិជាមួយបណ្ដាប្រទេសផ្សេងទៀតស្តីពីបញ្ហា ការជួញដូរមនុស្សផងដែរ។ប៉ុន្ដែលោកស្រី បារម្ភពីការខ្វះចន្លោះនៃការវិនិច្ឆ័យរបស់តុលាការលើបទឧក្រិដ្ឋ ជួញដូរមនុស្សដែលគ្មានការស៊ើបអង្កេតហ្មត់ចត់និងការកាត់ទោសជន ប្រព្រឹត្ដថ្នាក់ខ្ពស់ជាដើម។
ឆ្លើយតបនឹងបញ្ហានេះលោកបែន រ័ត្នបានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលបានខិតខំពង្រឹងច្បាប់និង បង្កើតច្បាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងការពារ អនីតិជន។លើសពីនេះទៀតក្រសួងអប់រំបានខិតខំធ្វើការផ្សព្វផ្សាយពី ការជួញដូរមនុស្សនិងបង្កើតក្រុមមិត្តអប់រំមិត្តនៅតាមសាលានានា សម្រាប់អប់រំយុវជនដទៃទៀត។
លោក បន្ដថា៖ «ត្រឹមតែរដ្ឋាភិបាលតែម្នាក់ឯងនោះមិនទាន់គ្រប់គ្រាន់ក្នុងការ លុបបំបាត់អំពើជួញដូរមនុស្សនោះទេវាត្រូវតែមានការចូលរួមពី ប្អូនៗដែលជាយុវជនផ្ទាល់និងអាណាព្យាបាលទាំងអស់ព្រមទាំងអង្គការ នានាផងដែរ»។
លោក បញ្ជាប់ថា៖ «អ្វីដែលសំខាន់បំផុត គឺឪពុកម្តាយត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនចំពោះកូនចៅរបស់ ខ្លួនហើយបើមានករណីមិនស្រួលសូមទាក់ទងមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងជួយអប់រំ»៕(POSTKHMER)