Monday, December 3, 2012

ផ្ញើឡាន និងម៉ូតូ យកលុយមិនទទួលខុសត្រូវ នាំឲ្យមានការខឹងសម្បារ

ភ្នំពេញ: ​ដោយ​ភោជនីយដ្ឋាន ឬក៏​កន្លែងផ្ញើម៉ូតូ​-​ឡាន​មួយចំនួន បាន​សរសេរ​នៅក្នុង​សំបុត្រ ឬ​ប័ណ្ណ​ចត​ម៉ូតូ​-​ឡាន​ថា “​ហាង​យើងខ្ញុំ​ពុំ​ទទួលខុសត្រូវ រាល់​ការបាត់បង់​ទោចក្រយានយន្ត​-​រថយន្ត និង​សម្ភារៈ ដែល​នៅជាប់​នឹង​យានជំនិះ​!” ថែមទាំង​បាន​សរសេរ​បន្ថែមទៀត​ថា “​ផុតកំណត់​ម៉ោង​១០​យប់​”  និង “​ហាង​យើងខ្ញុំ​មាន​សន្តិសុខ​យាម​យានជំនិះ ដើម្បី​ផ្តល់​ការងាយស្រួល​ដល់​អស់លោក​អ្នក​តែប៉ុណ្ណោះ​។ សូម​លោកអ្នក រក្សា​យានជំនិះ​ដោយ​ខ្លួនឯង​, យើងខ្ញុំ​មិន​ទទួលខុសត្រូវ​នូវ​ការខូចខាត ឬ​បាត់បង់​ឡើយ​។ ទាំងនេះ​ជាការ​សរសេរ​នៅក្នុង​ប័ណ្ណ​ចត​យានយន្ត​របស់​ភោជនីយដ្ឋាន​។ ឯ​កន្លែង​ចត​មួយចំនួន​ផ្សេងទៀត​ដូចជា​សាលារៀន បានសរសេរថា “​បាត់បង់​មិន​ទទួលខុសត្រូវ ហាម​ហែក​សំបុត្រ​ដោយ​ខ្លួនឯង​” និង​បាន​បន្តថា “​ផុតកំណត់ ម៉ោង​៨និង៣០​យប់​ទុកជា​អសារ​បង់​”​។​

​ដូចដែល​បង្ហាញ​មក​ ខាងលើនេះ បានធ្វើ​ឲ្យ​មនុស្ស និង​ភ្ញៀវ​មួយចំនួន មាន​ភាព​អាក់​អន់​ស្រពន់ចិត្ត ឬ​ពុំ​ពេញចិត្ត នឹង​កន្លែងផ្ញើម៉ូតូ​-​ឡាន ឬក៏​ភោជនីយដ្ឋាន​មួយចំនួន ដែល​ពុំ​បានទទួល​ការខុសត្រូវ​ទៅលើ​ការបាត់បង់​យានជំនិះ​របស់​ពួកគេ ។ ទោះបីជា​កន្លែង​ទាំងនោះ​ខ្លះ​បាន​យក​ថ្លៃ​សេវាកម្ម និង​ខ្លះទៀត​ឥតគិតថ្លៃ​យ៉ាងណាក៏ដោយ ហើយ​ពួកគេ​ទាំង​នោះបាន​និយាយថា “​ម៉េច​បាន​មិន​ទទួលខុសត្រូវ បើ​គេ​មក​ស៊ី​អី​អស់​លុយ​ហើយ​ពេលខ្លះ​ផ្ញើឲ្យលុយ​ទៀត​!”​។

 លោក រិ​ន វាសនា ជា​ឱស​ថ​ការី​មួយរូប ដែល​បានមក​ពិសារ​អាហារ​នៅ​ភោជនីយដ្ឋាន (KFC) មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ជាមួយនឹង​មិត្តស្រី​របស់គាត់ ដែល​កំពុង​លេង​អ៊ី​ន​ធឺ​ណែ​ត​យ៉ាង​ជក់ចិត្ត​នោះ បាន​ឆ្លៀតឱកាស​បន្តិច​ដើម្បី​ផ្តល់​សម្ភាសន៍​ដល់ភ្នាក់ងារ​សារព័ត៌មាន ស៊ី អ៊ី អិន (CEN) ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា រូបលោក​ពុំមាន​ការសប្បាយ​ចិត្ត​ឡើយ ដែល​ភោជនីយដ្ឋាន​ពុំបាន​ទទួលខុសត្រូវ​រាល់​ការបាត់បង់​យានជំនិះ​នោះ​។​

​ លោក រិ​ន វាសនា បាន​និយាយថា “​ខ្ញុំ​គិតថា​យើង​យក​សំបុត្រ​ហ្នឹង​ដើម្បី​បញ្ជាក់ថា​មាន​បញ្ហា​អី យក​សំបុត្រ​នឹង​ទៅ​បញ្ជាក់ថា​យើង​បាត់​។ យើង​យក​សំបុត្រ​ហ្នឹង​ទៅ​ដើម្បី​បញ្ជាក់​កាលដែល​យើង​បាត់​”​។​

​លោក រិ​ន វាសនា បាន​បន្តថា “​ចំពោះ​សំបុត្រ​ដែល​គេ​ដាក់ថា “​មិន​ទទួលខុសត្រូវ​…” អ៊ីចឹង​សំបុត្រ​ហ្នឹង​ដូច​អត់​មានន័យ​អី​ទេ​។ អាហ្នឹង​គ្រាន់តែ​ថា​ឲ្យ​សំបុត្រ​នេះ​មក​ដើម្បី​កុំ​ឲ្យ​ច្រឡំ​ម៉ូតូ​ទេ​! បើសិន​ជាមាន​គេ​លួច​ម៉ូតូ​បាត់ ម៉ូតូ​យើង​នៅតែ​បាត់​អ៊ីចឹង​”​។​

​ លោក រិ​ន វាសនា បាន​បន្ថែមថា “​ខ្ញុំ​យល់ថា​រាល់​សំបុត្រ​ម៉ូតូ​ដែល​ផ្ញើ​នៅទីនេះ គួរ​កុំ​ដាក់​អក្សរ​ហ្នឹង គឺ​ត្រូវតែមាន​ការទទួលខុសត្រូវ​រាល់​ការបាត់​ម៉ូតូ​ចំពោះ​ភ្ញៀវ ដែល​គាត់​បាន​ហូប​អី​នៅទីនេះ​”​។​

​ចំណែកឯ កញ្ញា សុ​ភី ជា​និស្សិត​មួយរូប បាន​និយាយថា “​ខ្ញុំ​គិតថា​អត់​ល្អ​ទេ ពីព្រោះ​អ្នកនោះ​បាន​យកលុយ​ពី​គេ ទោះជា​មិន​យក​ក៏ត្រូវ​ទទួលខុសត្រូវ​ដែរ វា​ជា​របស់​យើង​។ យើង​បាន​ចំណាយលុយ​ទិញ​អី​ញ៉ាំ​ហើយ​តើ​!”​។​

​កញ្ញា សុ​ភី បាន​បន្តថា “​ដូចជា​នៅ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ធា្ល​ប់​មានបទពិសោធន៍​បាត់​ម៉ូតូ​ដែរ គេ​សង​ពេល​បាត់ ព្រោះ​គេ​មាន​សំបុត្រ​ត្រឹម​ត្រួវ និង​បាន​បង់លុយ​ហើយ ទោះបី​បានសរសេរថា​បាត់​មិន​ទទួលខុសត្រូវ​ក៏ដោយ​។ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​ការបារម្ភ​ខ្លាច​ដដែល​ហ្នឹង បើ​គេ​នៅតែ​សរសេរ​អ៊ីចឹង វា​អត់​មានន័យ​អី​ទេ​”​។​

​ចំពោះ លោក ជាណុ​ច ជា​ភ្ញៀវ​មួយរូប ដែល​បាន​ជិះឡាន​ទំនើប​មក​ញ៉ាំ​ស៊ុប​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់ នៅ​ហាង​ម៉ា​ស្ទ័​រ ស៊ុ​គី​ស៊ុប (MASTER SUKI SOUP) ស្ទើ​រតែ​បី​ដង​ក្នុង​មួយខែ​នោះ បាន​ឲ្យ​ដឹងថា លោក​ឆ្ងល់​ណាស់ ហេតុ​អី​បានជា​ហាង​ទំនើបៗ ឬក៏​សណ្ឋាគារ​មួយចំនួន មាន​លក់​របស់​សុទ្ធតែ​ថ្លៃៗ និង​តម្លៃ​បន្ទប់​រាប់រយ​ដុល្លារ​ហើយ​មិន​ទទួលខុសត្រូវ​ទៅលើ​ការបាត់បង់​ យានជំនិះ​របស់​អតិ​ថិ​ជន​សោះ បើ​នៅតែ​ធ្វើ​ដូច្នេះ​មិនមាន​ភាពយុត្តិធម៌​សោះ ឬ​តុល្យភាព​សម្រាប់​ភ្ញៀវ ដែល​មក​ញ៉ាំ ឬ​ស្នាក់នៅ​សណ្ឋាគារ​នោះទេ​។​

​ លោក ជាណុ​ច បាន​និយាយថា “​ខ្ញុំ​អន់ចិត្ត​ណាស់​! ទៅ​ស៊ី​ស៊ុប​អស់​លុយ​ហើយ មិន​ទទួលខុសត្រូវ​ពេល​បាត់បង់ ធ្វើ​អ៊ីចឹង​មានតែ​ទៅ​ស៊ី​ហើយ​អង្គុយ​មើល​តែ​ឡាន​ទៅបាន​ហើយ មិនបាច់ចាំ​ស៊ី​ទេ​។ បើ​ស​ណ្ឋាគារ​ខ្លះ​ក៏​អ៊ីចឹង​ដែរ ទៅ​ដេក​អស់​លុយ​ហើយ ពេល​ឲ្យ​សំបុត្រ​ឡាន​មក​ថា មិន​ទទួលខុសត្រូវ​ពេល​បាត់បង់ ម្ត៉េ​ច​បាន​សរសេរ​អ៊ីចឹង បើ​ឡាន​ខ្ញុំ​ទិញ​អស់​លុយ​រាប់ម៉ឺន​ដុល្លារ មិនបាន​ដេក​ពួន​អី​ទេ​មើល​តែ​ឡាន​ទៅបាន​ហើយ​អ៊ីចឹង​!”​។​

​ពាក់ព័ន្ធ ​ទៅនឹង​បញ្ហា​នេះ លោក គន ធា​រ៉េត អ្នកគ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន KFC ATWOOD បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បានធ្វើ​អ្វី​បានត្រឹមតែ​លោក​ធ្វើ​ប៉ុណ្ណោះ​។ ចំពោះ​ការសរសេរ​ពាក្យ​ថា “​ហាង​យើងខ្ញុំ​ពុំ​ទទួលខុសត្រូវ រាល់​ការបាត់បង់​ទោចក្រយានយន្ត​-​រថយន្ត និង​សម្ភារៈ ដែល​នៅជាប់​នឹង​យានជំនិះ​!” នៅ​នឹង​ប័ណ្ណ​ចត​ម៉ូតូ​-​ឡាន​នោះ គឺជា​ការ​បញ្ជាក់ថា ហាង​បានត្រឹមតែ​ជួយ​សម្រួល​ដល់​ខាង​ផ្នែក​ចរាចរ ចេញ-ចូល​បាន​ស្រួល​តែប៉ុណ្ណោះ ព្រមទាំង​មាន​ភាពកក់ក្តៅ​នៅពេល ដែលមាន​សំបុត្រ​ដាក់ជូន​ដល់​ភ្ញៀវ ហើយ​ពេលខ្លះ​ភ្ញៀវ​គាត់​មិនដែល​ពិនិត្យ​មើលទៅ​សំបុត្រ​នោះទេ កាលណា​មាន​សំបុត្រ​ហើយ​គឺ​គាត់​ទុកចិត្ត​ហើយ​។

​លោក គន ធា​រ៉េត បាន​បន្តថា “​ខាង​ហាង (KFC) បានដាក់​បុគ្គលិក Parking Attendant នៅ​ទីនោះ​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ចេញចូល​បាន​ស្រួល​។ បើសិន​ជាមាន​ការបាត់​បង់​អី​នោះ ខាងយើង​បានតែ​ជួយ​សម្រួល​ដល់​គាត់​ដើម្បី​ដាក់ពាក្យ​បន្តឹង​ទៅ​អា​ជ្ញា​ធរ​ ឲ្យ​ជួយ​ដោះស្រាយ និង​ស្វែងរក​តែប៉ុណ្ណោះ​”​។

​លោក គន ធា​រ៉េត បាន​បន្ថែមថា “​ចំពោះ​សាខា (KFC) ខ្លះ​បានដាក់​សន្តិសុខ​ក្រុមហ៊ុន ដើម្បី​មើល​ការខុសត្រូវ បើសិន​មានការ​បាត់បង់​គឺ​ខាង​ក្រុមហ៊ុន​សន្តិសុខ​អ្នកទទួលខុសត្រូវ​ជំនួស​។ បើ​ចង់ដឹង​ច្បាស់​មានតែ​ថ្នាក់លើ​ទេ ទើប​ហ៊ាន​សម្រេច​ថា​យ៉ាងណា​យ៉ាងណា​”៕

Comments system

Disqus Shortname