លោក ហោ ម៉ៅ ជីវិតពិតលើវិថី បំបែកជា៤ ចំណុចលូ៥ |
ភ្នំពេញៈ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពេល
ដែលគេនិយាយពីមន្រ្តីនគរបាលចរាចរណ៍ ភាគច្រើន បំផុត
បានសម្តែងនូវការមិនពេញចិត្ត និងនាំគ្នារិះគន់ចំណុចអវិជ្ជមានជាច្រើន
របស់លោកមន្រ្តីនគរបាល ចរាចរណ៍ទាំងអស់នោះ។ តែផ្ទុយពីទស្សនៈទាំងអស់នេះ
អ្នកដំណើរភាគច្រើន ដែលធ្វើដំណើរឆ្លងកាត់ លើផ្លូវបំបែកជាបួន ចំណុចលូ៥
ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននាំគ្នាអាណិតអាសូរ ស្ញប់ស្ញែង
និងកោតសរសើរ ចំពោះការបំពេញការងារ ដ៏ស្វាហាប់ និងមមាញឹក
ក្រោមកំដៅថ្ងៃដ៏សែនក្តៅរបស់មន្រ្តី សន្តិខណ្ឌមានជ័យម្នាក់ ដែលឈរបញ្ជា
និងធ្វើចរាចរណ៍នៅលើចំណុចផ្លូវបំបែកជាបួននេះ។
អ្នកដំណើរដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ពិតជាធ្លាប់បានឃើញ
មន្រ្តីសន្តិសុខខណ្ឌម្នាក់ ឈរលើក ដៃចុះឡើង បញ្ជាឆ្វេងស្តាំ
ជាសញ្ញាសម្រាប់ធ្វើចរាចរណ៍ ដែលមានសម្បុរខ្មៅ មាឌក្រអាញ កម្ពស់ ប្រហែលជា
១,៦០ម៉ែត្រ ត្រូវបានគេស្គាល់ឈ្មោះថា ហោ ម៉ៅ អាយុ ៥២ឆ្នាំ។
លោក ហោ ម៉ៅ មន្រ្តីសន្តិសុខម្នាក់
ដែលកំពុងអង្រួនបេះដូងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចក្រុម
អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាច្រើនពាន់នាក់ ឲ្យអាណិតអាសូរ
និងគោរព ព្រម ទាំងចាត់ទុករូបគាត់ជា
មន្រ្តីដ៏គំរូមួយរូបនោះឆ្លៀតពេលដ៏មមាញឹកជាមួយការងារ បានប្រាប់មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិលឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២ថា
រូបគាត់ត្រូវបានសាលាខណ្ឌចាត់ មកឲ្យធ្វើ និងសម្រួលចរាចរណ៍នៅផ្លូវបំបែកជា៤
ចំណុចលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នេះ អស់រយៈពេល៦ឆ្នាំមកហើយ
ដោយពេលព្រឹកធ្វើចាប់ពីម៉ោង ៦ ដល់១២ថ្ងៃត្រង់ ហើយពេល រសៀលធ្វើចាប់ពីម៉ោង១
រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃខ្លះដល់ម៉ោង ៨យប់ក៏មានដែរ។
លោក ហោ ម៉ៅ បានថ្លែងទាំងទឹកមុខប្រកបដោយឆន្ទៈថា «ខ្ញុំពេញចិត្តនឹងការងាររបស់ខ្ញុំ ព្រោះវាជាភារ កិច្ចរបស់ខ្ញុំ»។
លោក ហោ ម៉ៅ បានឲ្យដឹងផងដែរ ការងាររបស់គាត់នេះ
ក្នុងមួយខែទទួលបានប្រាក់បៀវត្សរ៍១២ម៉ឺនរៀល ពី សាលាខណ្ឌ
ហើយការបំពេញការងារនេះ ពេលខ្លះមានអ្នកដំណើរឆ្លងការគេអាណិតគាត់ ក៏ហុចទឹក
ហុចនំចំណី និងមានអ្នកខ្លះឲ្យលុយគាត់ក៏មានដែរ ពេលខ្លះ៥ពាន់រៀល ហើយពេលខ្លះទៀត
១ម៉ឺនរៀល ក៏មានដែរ
គាត់ពិតជាអរគុណដល់អ្នកដែលមានសណ្តានចិត្តទាំងអស់នោះខ្លាំងណាស់។
ក្នុងឈុតជាមន្រ្តីចរាចរណ៍ ដោយដៃកាន់ដំបងចរាចរណ៍
ស្លៀកពាក់ខោអាវឈុតជាមន្រ្តីសន្តិសុខ ដោយមានអាវកាកចរាចរណ៍ ពាក់មួកកន្តិប
ព្រមទាំងមានកញ្ចែ ជាប់នឹងខ្លួនមួយផងនោះ លោក ហោ ម៉ៅ
ក៏បានរៀបរាប់ប្រាប់ពីជីវិតពិតរបស់ គាត់ឲ្យដឹងផងដែរថា
រូបគាត់ជាមនុស្សមិនចេះអក្សរនោះទេ ដូច្នេះមិនអាចរកការងារអ្វីឲ្យប្រសើរជាងនេះ
គឺមានតែកម្លាំងកាយ
និងចិត្តបំពេញការងារដែលកំពុងមានស្រាបនាពេលបច្ចុប្បន្ននេះ ទោះបីក្តៅ
និងពេលខ្លះធ្វើទាំងភ្លៀងធ្លាក់ ក៏គ្មានបញ្ហាអ្វីដែរ គឺដើម្បីចិញ្ចឹមខ្លួនឯង
ក៏ដូចជាភរិយាដែលពិការ។
លោក ហោ ម៉ៅ បានរៀបរាប់ដោយអារម្មណ៍ហាក់អន់ចិត្តនឹងវាសនារបស់ខ្លួនឯងទៀតថា
រូបគាត់មាន អាយុ ៥២ឆ្នាំ ជាមន្រ្តីសន្តិសុខខណ្ឌមានជ័យ រស់នៅក្នុងភូមិ
ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យ ពោលគឺតាមបណ្តោយច្រាំងទន្លេខាងជើង
ស្ពានព្រះមុនីវង្ស។ បច្ចុប្បន្នរស់នៅលើផ្ទះ ដែលមានទំហំ ៣ គុណនឹង៤ម៉ែត្រ
ជាមួយនឹងភរិយាឈ្មោះ លេង សុវ៉ាន អាយុ ៥៤ ដែលមានជំងឺប្រចាំកាយ ថែមទាំង
ពិការមួយចំហៀងខ្លួនទៀតរយៈពេល៦ឆ្នាំមកហើយ ព្រមទាំងចៅអាយុ
១៤ឆ្នាំម្នាក់ផងដែរ។
រូបគាត់ និងភរិយាបានចាប់ដៃគ្នាកសាងជីវិត ដ៏លំបាកមួយនេះ
តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយបានកូន ចំនួន៥នាក់ តែពេលនេះ
កូនៗបានបែកចេញទៅរស់នៅរៀងៗខ្លួនអស់ហើយ ហើយពួកគេក៏មិនសូវជា
មានជីវភាពប្រសើរអីដែរ
ព្រោះគាត់ក៏គ្មានអ្វីជាដុំកំភួនផ្តល់ឲ្យកូនៗគាត់នោះទេ។
ជារៀងរាល់ថ្ងៃរូបគាត់បានចេញទៅធ្វើការចាប់ពីម៉ោង ៦ព្រឹក
ហើយពេលថ្ងៃឡើងត្រឡប់មកហូបបាយ បោក គក់ខោអាវ និងមើលថែទាំប្រពន្ធហើយ
ទើបត្រឡប់ទៅធ្វើការវិញ។
លោក ហោ ម៉ៅ បានបន្តថា កាលពីឆ្នាំ១៩៨៥ រូបគាត់បានធ្វើជាកងជីវពល
ហើយនៅឆ្នាំ២០០៥ រូបគាត់ បានចូលធ្វើជាសន្តិសុខខណ្ឌមានជ័យ ហើយត្រូវសាលាខណ្ឌ
ចាត់មកឲ្យបំពេញការងារនៅលើផ្លូវបំបែក ជា៤ លូ៥នេះតែម្តងទៅ។
ជាមួយនឹងភាពលំបាកនៅក្នុងជីវភាពរបស់គាត់នោះ លោក ហោ ម៉ៅ
ជាចុងក្រោយបានធ្វើការអំពាវនាវ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ស្វែងរកជំនួយពីសម្បុរសជនជួយផ្គត់ផ្គង់គ្រួសារ ជាពិសេស ភរិយាដែលពិការនៅផ្ទះ។
លោកក៏សូមថ្លែងអំណរគុណដល់សម្បុរជនទាំងអស់ ដែលមានទឹកចិត្តសម្បុ រសតែងហុចទឹក
ហុចនំចំណី ក៏ដូចជាថវិកាផងដែរ ជូនគាត់ពេលកំពុងបំពេញការងារនោះ។
ដោយមើលឃើញពីគំរូវរភាព ដ៏គួរឲ្យស្ញប់ស្ញែងនេះ លោក ខាន់ ច័ន្ទសុផល
ប្រធានក្រុមព័ត៌មានជាតិ ដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានធ្វើការអំពាវនាវ
សមាជិកនៅក្នុងក្រុមរបស់លោក ស្វែងរកការជួយឧត្ថម្ភដល់លោក ហោ ម៉ៅ ផងដែរ។
លោក ខាន់ ច័ន្ទសុផល បានបន្តថា «ខ្ញុំជិះឆ្លងកាត់ផ្លូវនេះ
ឃើញគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំអាណិតគាត់ គាត់មានជីវភាពក្រីក្រ
ហើយមានប្រពន្ធពិការ ជួយគាត់គឺបានបុណ្យច្រើនណាស់ ហេតុនេះហើយទើប
ខ្ញុំអំពាវនាវរកថវិកាជួយគាត់តែម្តងទៅ»។
ជាមួយនឹងការអំពាវនាវនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក
គេសង្កេតឃើញមានមនុស្សជាច្រើន បាន ស្ម័គ្រចិត្តផ្តល់ថវិកាផ្ទាល់ខ្លួន
ខ្លះ១ដុល្លារ ខ្លះ១ម៉ឺនរៀល ខ្លះ៥ដុល្លារ និង១០ដុល្លារ ក៏មានដែរ ដើម្បីជួយ
ដោះស្រាយជីវភាពរបស់លោក ហោ ម៉ៅ ដែលចាត់ទុកថា ជាមន្រ្តីគំរូមួយរូបនោះ៕