បន្ទាយមានជ័យ:
ក្មេងប្រុសម្នាក់ត្រូវពស់វែកក្របីចឹកបានស្លាប់
នៅតាមផ្លូវជាតិលេខ៥៦ បន្ទាប់ពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក
មិនព្រមព្យាបាលដោយថា គ្មានថ្នាំ រួចបញ្ជូនបន្តទៅ
មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី
កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១២។ ថ្នាំសម្រាប់ព្យាបាលពឹសពស់ចឹក
និងសត្វពឹសផ្សេងៗទៀត មានក្នុងត្រៀមបំរុងសម្រាប់ព្យាបាល
សង្គ្រោះយុវជនស្ម័គ្រចិត្តសម្ដេចតេជោ
ចុះវាស់វែងដីធ្លីគោលដៅខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ សាមឿន តូត អាយុ៨ឆ្នាំ
មុនស្លាប់រស់នៅជាមួយឪពុកម្ដាយ នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ
ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ឃុយ សាមឿន អាយុ២៨ឆ្នាំ
ជាឪពុករបស់ក្មេងប្រុសរងគ្រោះ ប្រាប់សារព័ត៌មានថ្ងៃទី៣០ វិច្ឆិកាថា
កូនប្រុសគាត់ បានលេងជាមួយក្មេងទៀត
ក្នុងបរិវេណដីផ្ទះនៅភូមិក្បាលទន្សោង
ហើយត្រូវពស់វែកក្របីចឹកចំជើងឆ្វេង
បណ្ដាលឲ្យស្រែកទ្រហ៊ោយំខ្លាំងៗនិងដេកដួលលើដី
នៅម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១២។
គាត់និយាយថា ភ្លាមៗនោះខ្លួន និងប្រពន្ធឈ្មោះ តឹក ចាន់ទី
ដឹងពីគ្រោះថ្នាក់នៃពស់ពឹសវែកក្របីចឹក
ក៏ប្រញាប់នាំកូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ដល់ពេទ្យ
គ្រូពេទ្យប្រចាំវេនយប់ម្នាក់ក្រោយពីស្នើសុំពីឪពុកម្ដាយអ្នកជំងឺ
បានស្នើឲ្យបញ្ជូនកុមារារងគ្រោះបន្ត
ទៅសង្គ្រោះព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន
មង្គលបូរី (ចម្ងាយជា៦០គីឡូម៉ែត្រ តាមការដ្ឋានផ្លូវជាតិលេខ៥៦) ចុះ
ព្រោះពេទ្យមានថ្នាំព្យាបាលពឹសពស់ចឹកដែរ តែមិនគ្រប់គ្រាន់។
ថ្នាំមានសម្រាប់ត្រៀមបម្រុងទុក ព្យាបាលសង្គ្រោះពឹសពស់ចឹក
លើក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន
ចុះវាស់វែងដីធ្លីក្នុងស្រុកថ្មពួកប៉ុណ្ណោះ។
ឪពុកម្ដាយក្មេងប្រុសទោះអង្វរកពេទ្យយ៉ាងណា ក៏ពេទ្យថា ពុំមានថ្នាំព្យាបាលពឹសពស់។
ស្ត្រី តឹក ចាន់ទី ម្ដាយក្មេងប្រុសរងគ្រោះប្រាប់សារព័ត៌មាន
ក្នុងសម្លេងដើមថា: "ខ្ញុំអង្វរពេទ្យជួយកូនខ្ញុំផង។
ពេទ្យថាថ្នាំមាន (ថ្នាំព្យាបាលពឹសពស់) តែមិនហ៊ានយកមកចាក់ទេ
ខ្លាចខុសច្បាប់ ព្រោះទុកសម្រាប់តែនិស្សិត
(យុវជនស្ម័គ្រចិត្តសម្ដេចតេជោហ៊ុន សែន)។ ខ្ញុំនិងឪវាអង្វរថា
ថ្នាំនោះតម្លៃប៉ុន្មានក៏ខ្លួនរ៉ាប់ចាយលុយឲ្យតែសង្គ្រោះជីវិតកូន
បាន តែពេទ្យមិនហ៊ានយកថ្នាំទុកសម្រាប់និស្សិតនោះទេ"។
ក្មេងប្រុស សាមឿន តូត ដែលពឹសពស់បានចូលជ្រាបពេញសរសៃឈាម
និងយឺតយ៉ាវមិនបានទទួលការព្យាបាល
ហើយត្រូវធ្វើដំណើរតាមឡានឈ្នួលតម្លៃ ៤០.០០០ រៀល ក៏ត្រូវស្លាប់។
វាជាកូនប្រុសទី១ របស់គ្រួសារកសិករនេះ។
ដោយមិនដឹង
បុរសស្ត្រីនេះ បានដឹកកូនដល់ពេទ្យបង្អែកខេត្ត
មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ទើបជួបពេទ្យៗប្រាប់ថា
ក្មេងនេះស្លាប់បាត់តាំងពីយូរបន្តិចហើយ។
បុរសស្ត្រីបានជួលឡានដដែល
ដឹកពួកខ្លួននិងសពកូនប្រុសជាទីស្រឡាញ់ទៅផ្ទះវិញក្នុងតម្លៃ ៧០០.០០០
រៀល។
ឪពុកម្ដាយ
និងអ្នកភូមិសោកស្ដាយនូវការស្លាប់របស់កុមារនេះ ហើយឲ្យយោបល់ថា
បើពេទ្យព្រមយកតែថ្នាំព្យាបាលពឹសពស់
ត្រៀមបំរុងសម្រាប់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន
តែម្នាក់សិន ក៏សង្គ្រោះជីវិតកូននេះបានដែរ។
យុវជនសម្ដេចតេជោនៅខេត្តបន្ទាយមានជ័យមានជាង៧០នាក់។
ពួកគេក៏បង្កូកគ្នាឲ្យប្រយ័ត្នខ្លួនឯង ចំពោះសុវត្ថិភាពខ្លួន
និងកូនចៅពីពស់ ឬ សត្វមានពឹសចឹក ទេច ខាំ
និងគ្រោះថ្នាក់ពីមូលហេតុផ្សេងៗទៀត
ហើយបើអាចគួររត់រកសេវាសុខភាពឯកជន ចៀសជាងសេវាពេទ្យសាធារណៈ
ព្រោះពេទ្យរដ្ឋនៅខេត្តនេះ ស្ពឹកស្រពន់ណាស់។
លោក គឹម
សំអុល ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកប្រាប់សារព័ត៌មានថា
“តាមពិតអាការៈ ក្មេងប្រុសរងគ្រោះ ពីពស់វែកក្របីចឹកនោះ
ធ្ងន់ធ្ងរណាស់ហើយ គឺប្រកាច់និងក្អួតចង្អោរជាខ្លាំង។
មន្ទីរពេទ្យពុំមានថ្នាំចាក់សង្គ្រោះពឹសពស់គ្រប់ដូសទេ
បើចាក់សង្គ្រោះព្យាបាលក៏មិនជាដែរ
ទើបខ្លាចក្មេងនេះស្លាប់ក្នុងពេទ្យនេះ
នាំឲ្យឪពុកម្ដាយក្មេងខឹងពេទ្យ
ទើបឲ្យបញ្ជូនបន្តទៅពេទ្យខេត្តចុះ”។
លោក គឹម សំអុល
និយាយបន្តថា “ថ្នាំចាក់ព្យាបាលពឹសសត្វពឹសក្នុងពេទ្យ
មានទុកបម្រុងសម្រាប់តែយុវជនស្ម័គ្រចិត្តសម្ដេចតេជោហ៊ុន សែន
ប៉ុណ្ណោះ។ គឺទុកដោយឡែក មិនសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានទេ”៕(CEN)