Saturday, December 1, 2012

កម្ពុជា ប្រារព្ធទិវា ១ធ្នូ ប្រយុទ្ឋប្រឆាំង នឹងជំងឺអេដស៍

DAP-Newsនៅថ្ងៃទី ០១ ធ្នូឆ្នាំ២០១២ នេះ កម្ពុជាបានប្រារព្ឋទិវា ១ ធ្នូ ប្រយុទ្ធប្រឆាំងនឹង ជំងឺអេសដ៍អន្តរជាតិ ដើម្បីចូលរូមជាមួយពិភពលោក ក្នុងប្រឆាំងនឹងជំងឺអេសដ៍ ទៅស្រី និងកុមារ ក្រុមបុរសស្រឡាញ់បុរសជាដើម។
ក្នុងឱកាសនេះផងដែរ ទិវា០១ ធ្នូ ប្រយុទ្ឋប្រឆាំង នឹងជំងឺអេសដ៍អន្តរជាតិ ត្រូវបានរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ប្រារព្ធឡើងតាមស្ថាប័ន ដើម្បីជាការក្រើនរំលឹក ក្នុងការលុបបំបាត់ និងកាត់បន្ថយអាត្រាឆ្លងជំងឺអេដស៍ និងមេរោគអេដស៍។
លោក មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងអេដស៍ សើរស្បែក និងកាមរោគ មានប្រសាសន៍ថា កម្ពុជាបានរៀបចំក្នុងឱកាសទិវា១ ធ្នូ អន្តរជាតិ ដើម្បីប្រឆាំងនឹងអត្រាឆ្លងមេរោគអេដស៍ និងជំងឺអេដស៍។
ជាមួយគ្នា ដែលកាលពីពេលថ្មីៗនេះ អង្គការខាណា ដោយមានកិច្ចសហការ ជាមួយអង្គការ FHI អង្គការ PSI បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ នៅកម្ពុជា (CPN+) និងមានការគាំទ្រ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ(NCHADS) បានរៀបចំធ្វើកិច្ចពិភាក្សាស្តីពី «ដំណើរឆ្ពោះទៅរកការសម្រេច បានចក្ខុវិស័យសូន្យបី» ដែលធ្វើឡើងសម្រាប់ ទិវាពិភពលោក ប្រយុទ្ធនឹងអេដស៍ ១ធ្នូ ឆ្នាំ២០១២ ។
ដំណើរឆ្ពោះទៅរក ការសម្រេចបានចក្ខុវិស័យសូន្យបី គឺសំដៅលើបេសកម្មរបស់ UNAIDS ដើម្បីសម្រេចឲ្យបានត្រឹមឆ្នាំ ២០២០ ដូចជា គ្មានការឆ្លងមេរោគអេសដ៍ថ្មី គ្មានការស្លាប់ដោយសារ មេរោគអេដស៍ និងគ្មានការរើសអើង មាក់ងាយទាក់ទង នឹងមេរោគអេដស៍ ដោយបានសង្កត់ធ្ងន់ ទៅលើសារសំខាន់ នៃការពង្រីកសេវាកម្ម សម្រាប់ក្រុម ដែលប្រឈមមុខខ្ពស់ ដោយរួមទាំង ស្រ្តី បម្រើសេវាកម្សាន្ត បុរសស្រឡាញ់បុរសអ្នកក្លែងភេទ និងអ្នកប្រើប្រាស់គ្រឿងញៀន។
សូមជម្រាបរបាយការណ៍ជាសកល របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១២ បានបង្ហាញថា ការស្លាប់ដែលទាក់ទង ទៅនឹងមេរោគអេដស៍ បានធ្លាក់ចុះប្រមាណ ៧៧ភាគរយ ចាប់ពីឆ្នាំ២០០១ ។ ទោះបីជាយ៉ាងណានេះក្តី ក៏នៅតែមានអ្នកស្លាប់ ដោយសារ មេរោគអេដស៍ ចំនួន ១៤៤៩នាក់ក្នុងឆ្នាំ២០១១៕(dap)

Comments system

Disqus Shortname