Wednesday, December 5, 2012

តុលាការ​កោះហៅ​តំណាង​យុវជន​គណបក្ស​ប្រឆាំង​ក្រោយ​ពី​ប្តឹង​នាយក​រដ្ឋ​មន្ត្រី​

ដោយ​ ហេង រស្មី
ភ្នំពេញ៖ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចេញ​ដិកា​កោះ​ហៅ​លោក​សួង សុភណ្ឌ ប្រធាន​ក្រុម​ចលនា​យុវជន​គណ​បក្ស​សម រង្ស៊ី​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ឋ​នឹង​បណ្តឹង​របស់​លោក​ប្រឆាំង​នឹង​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ដែល​បាន​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សា្លប់​ចំនួន​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​នៅ​លើ​ស្ពាន​កោះពេជ្រ។
 
ការ​កោះ​ហៅ​របស់​តុលាការ​បាន​ធ្វើ​ឡើង​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ ពី​ប្រធាន​ក្រុម​ចលនា​យុវជន​របស់​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​បាន​កើត​ឡើង​ក្រោយ​ពេលតែ​មួយ​ថ្ងៃ​បន្ទាប់​ពីលោក​នាយក​រដ្ឋ​មន្ត្រី​បាន ​ព្រមាន​ថា ​នឹង​ប្តឹង​បក​លោក​សួង សុភណ្ឌ​វិញ។
 
លោក សួង សុភណ្ឌ បាន​និយាយ​ថា លោក​ទើប​តែបាន​ទទួល​ដិកា​កោះ​របស់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យ​ចូល​បំភ្លឺ ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​៧​ខាង​មុខនេះ​ពាក់​ព័ន្ឋនឹង​បណ្តឹង​របស់​លោក​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​
 
លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ​របស់​តុលាការ​ដោយ​មាន​ភស្តុតាង​មួយ​ចំនួន​ផង។​
 
«រដ្ឋាភិបាល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត កុំយក​អំណាច​មក​គាប​សង្កត់​តុលាការ​ដើម្បី​ឲ្យ​ខ្លួន​ឈ្នះ ​ពីព្រោះ​រឿង​កន្លង​មក​ជាក់​ស្តែង​អ្នក​ដែល​មិន​មែន (នៅក្នុង) ជួរ​រដ្ឋាភិបាល​តែង​តែ​ចាញ់​ដូចជា​រឿង​ក្តី​មួយ​ចំនួន»។
 
លោក សុខ រឿន ព្រះ​រាជអាជ្ញារង​តុលាការក្រុង​ភ្នំពេញ​ដែល​បាន​ចេញ​ដីកា​កោះ​ហៅ​លោក ​សួង សុភណ្ឌ​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​មិន​បាន​ពន្យល់​បន្ថែម​ទៀត​ទេ​ដោយ​លោក​បាន​ និយាយ​ថា កំពុង​រវល់​ប្រជុំ។ 
 
កាលពី​ថ្ងៃទី​២២ ឆ្នាំ​២០១០ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​​មាន​ព្រឹត្តិការណ៍​រត់​ជាន់​ គ្នា​មួយ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឃមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ដែល​ទើប​ អភិវឌ្ឃន៍​ថ្មី។
 
ព្រឹត្តិការណ៍​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាង​តិច​៣៥៣​បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជាង​៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​
 
លោក​សួង សុភណ្ឌ បាន​បន្ទោស​មនុស្ស​បួន​នាក់​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្រោយពី​មាន​ មនុស្ស​ស្លាប់​យ៉ាង​ច្រើន។ មនុស្ស​ទី​១​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ទី២ លោក​គង់ សំអុល រដ្ឋមន្ត្រី​ព្រះ​បរុមរាជ​វាំង និងជា​ប្រធាន​គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ ទី៣ លោក​កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​ និង​ទី៤ លោក​ទូច ណារុថ ​អតីត​ស្នង​ការ​ប៉ូលីស​ក្រុង​ភ្នំពេញ។​
 
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​បាន​ថ្លែង​ជា​សារធារណៈ​ពី​ខេត្ត​ព្រះ​ សីហនុ​ថា ប្រសិន​ណា​បើ​តុលាការ​រក​មិន​ឃើញ​មាន​ភស្តុតាង​ណាមួយ​ថា លោក​ជាប់​ពាក់​ព័ន្ឋ​នឹង​ឃាតកម្ម​គិត​ទុក​ជាមុន​ទេ លោក​នឹង​ប្តឹង​បក​ទៅ​លោក​សួង សុភណ្ឌ វិញ។​
 
លោក​បាន​និយាយ​ថា លោក​សុំ​សិទ្ឋិ​ប្តឹង​បក ពីព្រោះ​នេះ​ជាសិទ្ឋិ​ស្រប​ច្បាប់ ហើយ​កុំថា​នេះ​ជាការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ច្រើនទេ​ចំពោះ​ពាក្យ​បណ្តឹង​នេះ​ដោយ​លោក​បាន ​បញ្ជាក់​ថា ទុក​ឲ្យ​តុលាការ​ជាអ្នក​ស៊ើបអង្កេត។​
 
លោក សួង សុភណ្ឌ បាន​និយាយ​ថា នៅ​ចុង​ខែ​នេះ​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់​ទៅ​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ហូ ឡង់​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ប្តឹង​លោក​គង់ សំអុល លោក​កែប​ ជុតិមា​ និង​លោក​ទូច ណារុថ។
 
លោក​បាន​សង្ឃឹម​ថា តុលាការ​នឹង​អនុវត្ត​តាម​ខ្លឹមសារ​ច្បាប់​ តែ​បើតុលាការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​ តុលាការ​នឹង​ប្រឈម​មុខ​នឹង​ការ​ប្តឹង​នៅ​ពេល​ក្រោយ​ទៀត៕(VOA)

Comments system

Disqus Shortname