ក្រុមកីឡាករប្រណាំងទូកប្រពៃណីរបស់កម្ពុជាទាំង១២នាក់ ដែលទៅចូលរួមការប្រណាំងទូកប្រពៃណីនៅប្រទេសឥណ្ឌូនេស៊ី។ |
លោក ស្រ៊ុន លាង ប្រធានប្រតិភូ ដឹកនាំកីឡាករ១២នាក់ និងគ្រូបង្វឹក២នាក់ទៅចូលរួមនៅក្នុងការប្រកួតនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារនេះថា ការប្រកួតនេះ មានកីឡាករ១០ក្រុម តំណាងឲ្យប្រទេសចំនួន៦បានចូលរួមប្រកួត ដោយក្នុងនោះម្ចាស់ផ្ទះឥណ្ឌូនេស៊ីមាន៥ក្រុម ខណៈកម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៊ី និង International Students មានម្នាក់១ក្រុមៗដូចគ្នា។
ក្រុមទាំង១០ ដែលបានចូលរួមប្រកួតនៅលើវិញ្ញាសាទូកប្រពៃណីចំណុះ១២នាក់ចម្ងាយ ២៥០ម៉ែត្រ នាថ្ងៃសៅរ៍ ទី១ ខែធ្នូនោះ បានបែងចែកជា៣ស៊េរី ហើយការផ្តល់ចំណាត់ថ្នាក់ គឺគិតទៅលើថិរវេលាដែលពួកគេធ្វើបាន និងកំណត់យកតែ៤ក្រុមប៉ុណ្ណោះ សម្រាប់ឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ឆ្លងការប្រកួតយ៉ាងស្វិតស្វាញកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២នៅស៊េរីទី២ដោយប្រើពេល ០១:១៤.៧២នាទី ហើយក៏ជាថិរវេលា ដែលបានឡើងទៅប្រកួតផ្តាច់ព្រ័ត្រផងដែរ។