មុនពេល សមត្ថកិច្ចចុះទៅឆែកឆេរផ្ទះវីឡាខាងលើ មានមនុស្សពីរនាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានម្នាក់ឈ្មោះ ប៊ុន ម៉េង ភេទប្រុស ឃាត់ខ្លួននៅចំណុចភោជនីយដ្ឋានមនោរម្យកងយីគីវ នៅក្បែរផ្សាររាត្រីដែលឆេះ។ បុរសដែលត្រូវឃាត់ខ្លួន គឺជាបងបង្កើតរបស់ឈ្មោះ ហ៊ូ តឹកអន ភេទប្រុស ដែលស្លាប់ក្នុងហេតុការណ៍ឆេះផ្សាររាត្រី កាលពីម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២។
ការឃាត់ខ្លួន នេះដែរ គឺធ្វើឡើងតាមបណ្ដឹងរបស់លោក អ៊ា តាំង ត្រូវជាឪពុកក្មេកសាកសព ហ៊ូ តឹកអន និងត្រូវជាឪពុកបង្កើតរបស់សាកសព អ៊ា ឡៃហ៊ាង ត្រូវជាប្រពន្ធឈ្មោះ ហ៊ូ តឹកអន ខាងលើ។
សមត្ថកិច្ចមិនឱ្យ អ្នកកាសែតចូលទៅក្នុងបរិវេណផ្ទះវីឡានោះទេ ប៉ុន្ដែសមត្ថកិច្ចពីខាងក្នុងបានលួចបង្ហើបប្រាប់ថា បានរកឃើញទូដែកសុវត្ថិភាពមួយ ដាក់របស់មានតម្លៃ ហើយក្នុងទូដែកនោះ មិនដឹងថាមានរបស់អ្វីខ្លះទេ ព្រោះគ្មានកូនសោចាក់។
ប្រភព បន្តថា ក្រៅពីនោះ មានទូរទូស្សន៍ខ្នាតធំមួយគ្រឿង និងបង្វេចមួយ។ បង្វិចនោះមានលុយបន្ដិចបន្ដួច និងមាសប្រាក់មួយចំនួន ជារបស់ក្រុមគ្រួសារឈ្មោះ ហ៊ូ តឹកអន មានប្រពន្ធឈ្មោះ អ៊ា ឡៃហ៊ាង និងកូនបីនាក់ទៀត ដែលស្លាប់ក្នុងហេតុការណ៍ឆេះផ្សាររាត្រីខាងលើ។
ប្រភពដដែលបាននិយាយថា ឈ្មោះ ប៊ុន ម៉េង ដែលត្រូវឃាត់ខ្លួន និងមនុស្សម្នាក់ទៀត មិនត្រូវបានឃុំខ្លួននោះទេ បន្ទាប់ពីក្រុមគ្រួសារខាងសពប្រាប់ថា ទូដែកខាងលើ គឺឈ្មោះនោះជាអ្នកដឹកយក។ ចំពោះទូដែក និងសម្ភារៈមួយចំនួន ដែលរកឃើញនៅក្នុងផ្ទះវីឡា របស់ឈ្មោះ ប៊ុន ម៉េង ត្រូវបានដើមបណ្ដឹងប្រគល់ឱ្យស្នងការនគរបាលខេត្ដសៀមរាប ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នសិន ដើម្បីធ្វើការដោះស្រាយ៕ J(CEN)