ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករាខាងមុខនេះ តំណាងរាស្រ្ត មន្រ្តីឃុំសង្កាត់ មន្រ្តីរាជការ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់លិខិត ប្រកាសទ្រព្យសម្បតិ្តរបស់ខ្លួនក្នុងស្រោមសំបុត្របិទជិត ដែលអាចបើកបានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ និងបានតែក្នុងករណីស៊ើបអង្កេតប៉ុណ្ណោះ។ នេះបើយោងតាមលោក ស សម្បតិ្ត មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងកាលពីម្សិល។
បើ ទោះជាកិច្ចដំណើរការប្រកាសទ្រព្យសម្បតិ្តនេះមានគោលបំណងជួយ រាជរដ្ឋាភិបាលក្នុងការអង្កេត និងស៊ើបរកឲ្យឃើញនូវទ្រព្យសម្បតិ្តដែលទទួលបានពីមធ្យោបាយមិន ត្រឹមត្រូវក៏ដោយ ប៉ុន្តែ ក្រុមមន្ត្រីសិទិ្ធមនុស្ស និងអ្នកសង្កេតការណ៍នានាបានថ្លែងថា ចន្លោះប្រហោងក្នុងច្បាប់បានទុកឱកាសគ្រប់គ្រាន់ក្នុងការ ប្រព្រឹត្តអំពើពុករលួយ ដោយពុំមានបារម្ភពីអ្នកណាដឹង។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានថ្លែងថា៖ «យើងមានសំណួរមួយចំនួនអំពីរបៀបដែលគេស្នើយើងឲ្យដាក់ ឬប្រកាសទ្រព្យសម្បតិ្ត»។
លោក សុន ឆ័យបន្តថា ទម្រង់នៃពាក្យប្រកាសទ្រព្យសម្បតិ្តស្នើអ្នកប្រកាសឲ្យសរ សេរតែទ្រព្យសម្បតិ្តរូបវន្តប៉ុណ្ណោះ មិនមែនសាច់ប្រាក់ទេ ហើយពុំតម្រូវឲ្យប្រកាសទ្រព្យសម្បតិ្តរបស់សមាជិកគ្រួសារឡើយ ដូចលោកបានលើកជាញឹកញាប់ថា គឺជាអ្នករក្សាទុកប្រាក់របស់មន្រ្តីរាជការក្រោមឈ្មោះរបស់ ខ្លួន។
ទោះ ជាយ៉ាងណា លោកបានបន្ថែមថា ការពិតទ្រព្យសម្បតិ្តត្រូវបានរក្សាជាការសម្ងាត់ប៉ះពាល់យ៉ាង ខ្លាំងដល់កិច្ចប្រឹងប្រែងត្រួតពិនិត្យពួកគេដើម្បីរកភាពមិន ប្រក្រតី។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ជាមួយនឹងទ្រព្យសម្បតិ្ត យើងគួរទាមទារឲ្យពួកគេផ្តល់លទ្ធភាពទទួលបានព័ត៌មានដល់សាធារណជន។ ប៉ុន្តែ ពួកគេបានបដិសេធ [សំណើរបស់យើង]។ តើអ្នកអាចលើកកម្ពស់គណនេយ្យភាពក្នុងជួររដ្ឋាភិបាលបានដូច ម្តេច បើវាធ្វើឡើងជាការសម្ងាត់បែបនេះ?»។
លោក សុន ឆ័យ បានអះអាងថា លោកសុខស្រួលក្នុងចិត្តពេលប្រកាសទ្រព្យសម្បតិ្តរបស់លោកជាសាធារណៈ ដោយបញ្ជាក់ថា ៖«ខ្ញុំបានប្រកាសទ្រព្យសម្បតិ្តដែលខ្ញុំបានទិញ។ វាមិនធំទេ»។
លោក ព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចង្អុលបង្ហាញថាការសម្ងាត់នៃការប្រកាសទ្រព្យសម្បតិ្តបានបើក ទ្វារសម្រាប់បញ្ហាជាច្រើន។
លោកបានបន្តថា ៖ «គ្មានអ្នកណាម្នាក់ដឹងទេ ថាតើមន្រ្តីមួយចំនួន មានប្រាក់ឬទ្រព្យសម្បតិ្តប៉ុន្មាននោះ។ គ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប៉ះស្រោមសំបុត្រឡើយ បើគ្មានការស៊ើបអង្កេតលើបុគ្គលដែលត្រូវបានចោទប្រកាន់នោះទេ»។
លោក ព្រាប កុល លើកឡើងថា ការសម្ងាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ ក៏មានប៉ះពាល់បន្ទាប់បន្សំផងដែរក្នុងការប្រែក្លាយជាការ ការពារប្រឆាំងទៅនឹងការចោទប្រកាន់។
លោកលើកឧទាហរណ៍ថា៖ «បើគេប្រកាសមាន១លានដុល្លារអាមេរិក ប៉ុន្តែ មានតែកន្លះលាន ជននោះអាចនឹងប្រព្រឹត្តអំពើពុករលួយរកកន្លះលានថែម ទៀត»។ លោកបន្តថា៖«ការប្រកាសប្រាប់ប្រជាជនថា មន្រ្តីបានប្រកាសទ្រព្យសម្បតិ្ត ហើយការប្រកាសនោះគេគ្មានចេតនាប្រព្រឹត្តអំពើពុករលួយទេ។ ប៉ុន្តែ អ្នកខ្លះអាចនឹងប្រឌិតចំនួនប្រាក់ ដូច្នេះ នោះជាចំណុចខ្សោយនៃច្បាប់»។
ក្នុងសន្ទស្សន៍ ស្តីពីអំពើពុករលួយឆ្នាំ២០១១ របស់អង្គការតម្លាភាពអន្តរជាតិ មានតែ១៨ ប្រទេសប៉ុណ្ណោះ ដែលត្រូវចាត់ជាប្រទេសដែលពុករលួយជាងប្រទេសកម្ពុជា នៅក្នុងចំណោម ១៨៣ ប្រទេស។
នៅឆ្នាំដដែលនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមការប្រកាសទ្រព្យសម្បតិ្តជាលើកទី១ បែបជាសម្ងាត់នេះដែលជាកិច្ចដំណើរការដែលរងការរិះគន់យ៉ាង ខ្លាំងពេលនោះ។
ប៉ុន្តែទោះជាបែបនេះក្តី ក៏មានឧកញ៉ា១០ រូប បានលាលែងពីតំណែងទីប្រឹក្សារដ្ឋាភិបាលជាជាងដាក់សេចក្តីប្រកាស ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក សៀង បូរ៉ាត់ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយបានកត់សម្គាល់គ្រានោះថា ការលាលែងមិនមែនជាការទទួលស្គាល់ពិរុទ្ធភាពឡើយ ប៉ុន្តែ អាចដោយសារតែការបារម្ភថា ទ្រព្យសម្បត្តិអាចមិនត្រូវបានប្រកាសដោយចៃដន្យ។ តែយោងតាមច្បាប់ អ្នកដែលខកមិនបានប្រកាសទ្រព្យសម្បតិ្ត ត្រូវពិន័យរហូតដល់ ៥០០ដុល្លារអាមេរិក និងជាប់ពន្ធនាគាររហូតដល់១ឆ្នាំ។
ប៉ុន្តែ ឱសានវាទត្រឹមថ្ងៃទី៧ ខែមេសា ពុំមានការកាត់ទោសជនណាម្នាក់ឡើយ បើទោះជាមានការចោទប្រកាន់ជាទូទៅថា មន្រ្តីជាច្រើនបានខកខានក៏ដោយ។
លោក ព្រាប កុល លើកឡើងថា៖«ខ្ញុំមិនដឹងថានៅសល់ប៉ុន្មានភាគរយទេ តែខ្ញុំដឹងថាមន្រ្តីមិនគ្រប់គ្នាទេបានទៅប្រកាសទ្រព្យសម្បតិ្ត នោះ»។ បញ្ហានេះលោក សុន ឆ័យ អះអាងថា ការមិនគោរពភាគច្រើនគឺក្នុងចំណោមមន្ត្រីគណបក្សកាន់អំណាច។
លោក ថ្លែងថា៖ «គ្មានអ្នកណាម្នាក់ជួបបញ្ហាទេ។ ខ្ញុំឮថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតទៅរដ្ឋសភា ប៉ុន្ដែដូចជាគ្មានអ្នកណាខ្វាយខ្វល់ធ្វើការប្រកាស ឡើយ»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រី្តថ្លែងថា ប្រកាសទាំងអស់ត្រូវបានដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយ គ្មានលើកលែងឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំចាំថា មានបីនាក់យឺតយ៉ាវត្រូវគេហៅឲ្យប្រកាសទ្រព្យសម្បតិ្ត។ ប៉ុន្តែពួកគេបានគោរពតាម បើពុំនោះទេ អាចនឹងជាប់ពន្ធនាគារ»។
ទោះ ជាយ៉ាងណា អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានថ្លែងថា ការសម្ងាត់និងការគោរពតាមនោះ វាជាបញ្ហាបន្ទាប់បន្សំតែប៉ុណ្ណោះ បញ្ហាសំខាន់គឺនៅត្រង់សេរីភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ រងឥទ្ធិពលពីខាងក្រៅ។
លោកស្រី បានឲ្យដឹងតាមអ៊ីមែលថា ៖ «បញ្ហាស្តីអំពីការប្រកាសទ្រព្យសម្បតិ្ត គឺថា តើការប្រកាសគួរផ្សព្វផ្សាយជាសាធារណៈដែរឬយ៉ាងណា? នេះជាបញ្ហានៃការពិភាក្សា ប៉ុន្តែបញ្ហាគឺថាតើស្ថាប័ននេះមានឯករាជភាពដល់កម្រិតណា ក្នុងការចាត់ការបញ្ជូនព័ត៌មានទាំងអស់នេះ»។
លោកស្រីលើក ឧទាហរណ៍ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយមិនគួរប្រើ ដើម្បីធ្វើឲ្យក្រុមប្រឆាំង ឬជំទាស់ចុះខ្សោយឡើយ ប៉ុន្តែ គឺប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះ៕ TK(POSTKHMER)