ភ្នំពេញៈ ការីនិពន្ធពីប្រព័ន្ធផ្សព្វផ្សាយ កំពុងជំរុញឲ្យសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយគោរពអនុវត្តតាម ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងឈប់ប្រើប្រាស់ស្នាដៃរបស់អ្នកដទៃដោយគ្មានការផ្តល់ការទទួល ស្គាល់ត្រឹមត្រូវ។
តំណាងឲ្យសារព័ត៌មាន គេហទំព័រ និងសេវាឃោសនាការីនិពន្ធបានប្រមូលផ្តុំគ្នា នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយ ក្លិបអ្នកកាសែតកម្ពុជាស្តីពីក្របខ័ណ្ឌសីលធម៌សារព័ត៌មាន ក្នុងសម័យឌីជីថល។ ក្លិបអ្នកកាសែតកម្ពុជាអះអាងថា ការរំលោភសិទិ្ធអ្នកនិពន្ធ គឺការយកកថាខណ្ឌពីអត្ថបទរឿងរបស់អ្នកយកព័ត៌មានម្នាក់ទៀត និងការផ្សព្វផ្សាយដូចគ្នានឹងខ្លឹមសារដើមគឺរំលោភលើសេរីភាពនៃ សារព័ត៌មាន ប៉ះពាល់ដល់អាជីវកម្ម និងអាចបណ្តាលឲ្យមានការដាក់បណ្តឹងថែមទៀតផង។
លោក សយ សុភាព ម្ចាស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងកាលពីថ្ងៃអាទិត្យថា មិត្តរួមវិស័យ គួរយល់ដឹងពីអាជីវកម្មនេះ ហើយត្រូវមានកាតព្វកិច្ចវិជ្ជាជីវៈ មុនពេលប្រើប្រាស់ស្នាដៃអ្នកដទៃទៀត ដើម្បីជំរុញអាជីពរបស់ខ្លួន។ លោក សុភាព បានបញ្ជាក់ថា៖ «យើង នៅក្នុងវិស័យតែមួយ ហើយយើងចង់ឃើញការប្រកួតប្រជែងដោយយុតិ្តធម៌។ ជាអ្នកវិជ្ជាជីវៈ ធ្វើការជាមួយគ្នាយើងមិនចង់ចាត់វិធានការតាមច្បាប់ឡើយ»។
ក្នុង សារព័ត៌មានរបស់ខ្លួន លោក សុភាព បានលើកឡើងថា លោកបានព្យួរការងារបុគ្គលិកជាង១ ខែ ដោយសារចម្លងពីប្រព័ន្ធសារព័ត៌មានដទៃទៀត។ លោក បានថ្លែងក្នុងកិច្ចប្រជុំថា៖ «យើងជានាយកការីនិពន្ធ ហើយការចុះផ្សាយអាចខុសពេលខ្លះ ប្រសិនបើយើងមិនប្រុងប្រយ័ត្នក្នុងវិស័យនេះទេ ហើយយើងនឹងត្រូវគេប្តឹង ព្រោះនិយោជិតរបស់យើងចម្លងពីអ្នកដទៃ ដែលយើងមិនដឹង»។
លោក វ៉ា រតន៍សាន ប្រធាននាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីថ្ងៃអាទិត្យថា ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តច្បាប់សិទិ្ធអ្នកនិពន្ធ ក្នុងឆ្នាំ២០០៥ បើទោះបីជាច្បាប់នេះ មិនបានប្រើប្រាស់ដោយសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។ លោកលើកឡើងថា៖ «ការរំលោភសិទិ្ធអ្នកនិពន្ធគឺមិន ១០០ភាគរយ ចាំបាច់ត្រូវដោះស្រាយនៅតុលាការ ដែលចំណាយប្រាក់ និងខាតបង់ពេលវេលា។ រហូតមកដល់ពេលនេះខ្ញុំមិនធ្លាប់ឃើញរឿងក្តីណាមួយឡើយ។ នេះបើយោងតាមការតាមដានសារព័ត៌មានជាប្រចាំថ្ងៃ»៕ TK(Postkhmer)