Saturday, December 1, 2012

សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ស្ទាវ​២​នាក់​បន្ទាប់​ពី​កាប់​យុវជន​២​នាក់​ពេល​រាំ​ធុងបាស់​

​ខេត្ដស្វាយរៀង​ ៖​ ក្មេង​ស្ទាវ​២​នាក់​ក្នុង​ ចំណោម​៥​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ ស្រុក​ស្វាយ​ទាប​ សហការ​ជាមួយ​ប៉ុស្ដិ៍​ រដ្ឋបាល​ឃុំ​ពពែ​ត​ ចុះ​ស្រាវជ្រាវ​និង​ឃាត់​ ខ្លួន​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​យុវជន​ទាំង​៥​នាក់​បាន​រត់គេច​ខ្លួន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​បង្ក​អុកឡុក​ ក្នុង​ពិធី​រាំ​ធុងបាស់​ក្នុង​វត្ដ​ពពែ​ត​ចាស់​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ស្ថិត​ក្នុង​ បរិវេណ​វត្ដ​ពពែ​ត​ចាស់​ ភូមិ​ស្វាយ​គយ​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ។​
​លោក​សួ​ស​ សា​រិ​ន​ នាយការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ថា​ ក្មេង​ស្ទាវ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ញឹ​ម​ ហើម​ អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​នៃ​ សំ​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ ខណៈ​ជន​ សង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ គុម្ពោត​ម្រះ​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ។​
​លោក​សួ​ស​ សា​រិ​ន​ បន្ដ​ថា​ រីឯ​ជន​ សង្ស័យ​ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ ចាប់ខ្លួន​មាន​ ១-​ឈ្មោះ​ប៉ុ​ល​ ពិសិដ្ឋ​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ ច្រេស​ ឃុំ​ពពែ​ត​ ជា​ជន​ដៃដល់​កាប់​ទៅ​ លើ​ជន​រង​គ្រោះ​,​ ២-​ឈ្មោះ​យឹ​ម​ សង្ហា​ អាយុ​២២​ឆ្នាំ​ និង​៣-​ឈ្មោះ​អុក​ ភា​រុណ​ អាយុ​២២​ឆ្នាំ​ ជនសង្ស័យ​ទាំង​២​នាក់​រស់​ នៅ​ក្នុងភូមិ​គុម្ពោត​ម្រះ​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ។​
​រីឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ កាប់​ឱ្យ​រង​របួស​ធ្លាយ​ពោះវៀន​មានឈ្មោះ​ ឈុំ​ រិ​ទ្ធិ​ អាយុ​២២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ រស់​ នៅ​ក្នុងភូមិ​ស្វាយ​គយ​ ឃុំ​ពពែ​ត​ និង​ជន​ រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​អ៊ុ​ក​ ជា​ អាយុ​ ២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​អូ​តា​មង​ ឃុំ​ មនោ​រម្យ​ ស្រុក​ស្វាយ​ទាប​ រង​របួស​រយះ​ ខ្នង​ ដៃ​ខាងឆ្វេង​ ត្រូវ​បាន​ក្រុម​គ្រួសារ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ ក្រុង​បា​វិត​ ។​
​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១២​ យុវជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ រីឯ​ជន​ សង្ស័យ​៣​នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្វែង​ រក​ការ​ចាប់ខ្លួន​ផង​ដែរ​ ៕(NOKORWAT)

Comments system

Disqus Shortname