ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២
កន្លងទៅនេះ បេក្ខជនឈរឈ្មោះប្រកួតប្រជែងមកពីគណបក្ស សម រង្ស៊ី
តែម្នាក់គត់ដែលបានឈ្នះឆ្នោតក្នុងតំណែងមេឃុំ នៅខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានជោគជ័យក្នុងការដឹកនាំនៅមូលដ្ឋាន
មេឃុំនៃគណបក្សប្រឆាំងមួយនេះ បានអះអាងថា ការបង្រួបបង្រួម
និងសាមគ្គីភាពនៃសមាជិកគណបក្សនយោបាយដែលឈ្នះឆ្នោត គឺជាកត្តាសំខាន់
ចូលរួមដឹកនាំអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ឃុំស្រែគរ គឺជាតំបន់ដាច់ស្រយាលមួយក្នុងចំណោមឃុំ-សង្កាត់៣៤ ក្នុងស្រុក និងក្រុងចំនួន៥ នៅខេត្តស្ទឹងត្រែង។
កាលពីអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំស្រែគរ ចំនួន
៥រូប សម្រាប់ដឹកនាំនៅមូលដ្ឋាននេះ បេក្ខជនមកពីគណបក្ស សម រង្ស៊ី
គឺលោក សៀក មេគង្គ បានឈ្នះឆ្នោតលើកដំបូងជាមេឃុំរួម
និងសមាជិកគណបក្ស សម រង្ស៊ី ពីររូប និងសមាជិកគណបក្សប្រជាជនកម្ពុជា
ពីររូបជាប់ឆ្នោតជាជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ។
មេឃុំស្រែគរ លោក សៀក មេគង្គ អាយុ ៤០ឆ្នាំ ជនជាតិឡាវ
កំណើតនៅកម្ពុជា មានប្រសាសន៍ថា ការរើសអើង
គឺជាចំណុចសំខាន់ក្នុងអាណត្តិដឹកនាំរបស់លោកជាមន្ត្រីមកពីគណបក្ស
ប្រឆាំង។ លោករៀបរាប់ថា មន្ត្រីមូលដ្ឋានស្ទើរគ្រប់ស្ថាប័ន
ភាគច្រើនជាសមាជិកគណបក្សប្រជាជន ហេតុនេះ
ការចូលរួមរបស់ពួកគេក្នុងឋានៈជាមន្ត្រីមូលដ្ឋានដឹកនាំអភិវឌ្ឍន៍
ភូមិ-ឃុំ នៅមានកម្រិតទាប
ធ្វើឲ្យការអភិវឌ្ឍភាគច្រើនមិនបានរីកចម្រើន៖ «ជួរក្រុម
ប្រឹក្សាឃុំ-សង្កាត់ មើលទៅហាក់ដូចមិនសាមគ្គីគ្នា ដូចស្រុកក្តី
គាបខ្ញុំ ដូចបញ្ហាព្រៃឈើ បញ្ហាប្រជុំលើកផែនការស្នើ
គ្រាន់តែសុំចូលជាមេភូមិក៏អត់បាន»។
លោក សៀក មេគង្គ ចូលរួមជាសមាជិកគណបក្ស សម រង្ស៊ី តាំងពីឆ្នាំ១៩៩៧
រហូតមក
ប៉ុន្តែលោកមិនបានឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងតំណែងក្រុម
ប្រឹក្សាឃុំស្រែគរ ម្តងណាឡើយ។ លោកចាប់អារម្មណ៍ថា
លោកកំពុងប្រឈមមុខបញ្ហាជាច្រើន ដូចជាផែនការអភិវឌ្ឍន៍ ៥ឆ្នាំ រួមមាន
ធ្វើផ្លូវ សាលារៀន អនុវត្តគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព
បង្ក្រាបបទល្មើសព្រៃឈើ។ សូម្បីតែការចែកអំណោយ
គឺនៅមានរើសអើងពីមន្ត្រីជំនាញនៃគណបក្សប្រជាជន។ លោកកត់សម្គាល់ថា
ការសោះអង្គើយមិនសាមគ្គីភាព និងការរួមចំណែកពិតប្រាកដ
ដឹកនាំនៅមូលដ្ឋាន
គឺជាឧបសគ្គដល់គម្រោងការអភិវឌ្ឍជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត៖ «អភិបាល
ស្រុក ឬប្រធានក្រុមប្រឹក្សាស្រុក រើសអើងណាស់។
បញ្ហាអភិវឌ្ឍន៍ភូមិ-ឃុំ បញ្ហាផែនការ ៥ឆ្នាំ ជាការប្រឈមរបស់ខ្ញុំ
រឿងជាអំណោយពីអង្គការផ្សេងៗក៏អត់មានដល់ឃុំខ្ញុំទេ
ឃុំផ្សេងៗមានទាំងអស់»។
ឃុំស្រែគរ
កាលពីអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០២
និងឆ្នាំ២០០៧ សមាជិកគណបក្សប្រជាជន
បានឈ្នះឆ្នោតជាមេឃុំទាំងពីរអាណត្តិ ប៉ុន្តែចាប់ពីឆ្នាំ២០០៦
រហូតមក ប្រជាពលរដ្ឋរស់នៅឃុំនេះមានបញ្ហាចោទ
ដោយសាររាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម
២ ដែលមានផលប៉ះពាល់ តម្រូវឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចេញពីភូមិ
ដោយសារតំបន់នោះនឹងក្លាយជាអាងស្តុកទឹក។
លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា
ប្រជាពលរដ្ឋកំពុងទាមទារសំណងផលប៉ះពាល់ការជម្លៀសចេញពីភូមិ
មានការរុះរើផ្ទះសម្បែង ការជ្រើសរើសទីតាំងថ្មី
មានដីប្រកបរបរធ្វើស្រែចម្ការ ផលដំណាំយុទ្ធសាស្ត្ររបស់ប្រជាពលរដ្ឋ
ត្រូវបោះបង់ចោល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត
ដែលប្រជាពលរដ្ឋត្រូវការដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃ៖ «យើង
ជាខ្មែរ ក្នុងនាមខ្ញុំជាខ្មែរមួយរូបដែរ គណបក្ស សម រង្ស៊ី
ក៏ជាខ្មែរដូចគ្នា សុំសំណូមពរមន្ត្រីក្រុមប្រឹក្សាក្តី
ឬអភិបាលក្តី មេត្តា មានន័យថាខ្ញុំជាកូនចៅរាជរដ្ឋាភិបាល
ជាកូនចៅរបស់អភិបាលស្រុក ទាំងអស់គ្នា
យើងជាកូនខ្មែរទាំងអស់គ្នា»។
ផ្ទុយពីការលើកឡើងនេះ ជំទប់ទីពីរ ឃុំស្រែគរ
នៃគណបក្សប្រជាជនកម្ពុជា លោក កា ធី មានប្រសាសន៍ថា
ថ្វីត្បិតមន្ត្រីគណបក្សប្រឆាំងឈ្នះឆ្នោតក្តី
ក៏មន្ត្រីនៃគណបក្សប្រជាជនមិនមានរើសអើងអ្វីនោះឡើយ
គឺនៅតែសហការគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដូចគ្នា។ លោកបន្តថា
ប្រជាពលរដ្ឋត្រូវការមន្ត្រីមូលដ្ឋានមិនប្រកាន់និន្នាការគណបក្ស
ដើម្បីជួយប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍ
និងដោះស្រាយឧបសគ្គនានាកើតមាននៅមូលដ្ឋាន៖ «មិនមានអ៊ីចឹងទេ។
អត់មានបញ្ហាទេឥឡូវនេះ គេធ្វើការជាមួយគ្នា ធ្វើការល្អទេតើ។
បើថាមេឃុំ គាត់សំណូមពរឲ្យប្រជាពលរដ្ឋចូលរួមនោះ បានតើ
ចូលប្រជុំហៅប្រជុំមកតើ»។
ចំណែកអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត
នៅក្នុងពិធីជួបពិភាក្សាជាមួយប្រជាពលរដ្ឋឃុំស្រែគរ កាលពីថ្ងៃទី២៣
ខែវិច្ឆិកា កន្លងទៅ ទាក់ទិនទៅនឹងសំណងផលប៉ះពាល់ប្រជាពលរដ្ឋ
ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនី
លោកបានបង្ហាញពីទស្សនៈចង់ឲ្យមន្ត្រីមូលដ្ឋានគ្រប់គណបក្សនយោបាយ
កុំរើសអើងគ្នា
និងបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានប្រសើរដូចគ្នា។ លោកថ្លែងថា
សង្គមប្រជាធិបតេយ្យ
ការខ្វែងយោបល់គ្នាក្នុងការពិភាក្សារកការរីកចម្រើន
គឺជារឿងធម្មតា
ហើយមន្ត្រីគណបក្សប្រឆាំងដែលឈ្នះឆ្នោតដឹកនាំនៅឃុំ-សង្កាត់
សុទ្ធតែអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា៖ «ថ្ងៃ
ណា កូន រង្ស៊ី ទៅដណ្ដឹងកូនគណបក្សប្រជាជន ទៅដណ្ដឹងកើតទេ?
ចុះវាមានដែលទាស់អ្វី បើដាក់មួយតុមកផឹកមួយដបជាមួយគ្នាទៅ
វាទៅហើយ។ ធ្វើការទៅ ហើយមានមតិមក មតិវាខុសៗគ្នាអ៊ីចឹង
ប៉ុន្តែមិនមែនបានន័យថាប្រឆាំងគ្នាទេ កុំថាឡើយទៅដល់គណបក្ស
សូម្បីប្ដីប្រពន្ធ ពេលខ្លះក៏ឈ្លោះគ្នាដែរ
មិនមែនបក្សផ្សេងបែកបាក់គ្នា មិនស្តាប់គ្នា យើងស្តាប់គ្នា»។
ប្រធានអង្គការសង្កេតការណ៍បោះឆ្នោតនិចហ្វិច បណ្ឌិត ហង្ស ពុទ្ធា
បានកត់សម្គាល់ថា
ការប្រឈមដាក់គ្នារបស់មេដឹកនាំគណបក្សថ្នាក់ជាតិកន្លងទៅ
ជះឥទ្ធិពលដល់ការសហការរបស់សកម្មជន
ឬក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់នីមួយៗ។ លោកមានយោបល់ថា
ការបណ្ដុះបណ្ដាលស្មារតីជាតិជាធំ ជាងបញ្ហាគណបក្ស
គឺជាប្រការសំខាន់ ដើម្បីរួមសាមគ្គីគ្នាអភិវឌ្ឍប្រទេស។ ជាពិសេស
ការពង្រឹងកិច្ចអនុវត្តច្បាប់
និងវិធានការដាក់ទោសទណ្ឌអ្នកប្រព្រឹត្តខុស
គឺជាកត្តាចាំបាច់ត្រូវអនុវត្ត
ដើម្បីឲ្យអ្នកដឹកនាំនានាអាចដើរផ្លូវត្រូវជាមួយគ្នាបាន៖ «បាន
ន័យថា ទាំងអស់គ្នាហ្នឹង ត្រូវគិតបញ្ហាជាតិជាលេខ១ គណបក្សជាលេខ២
ទើបអាចដោះស្រាយបញ្ហាបាន។
ប្រសិនបើសកម្មជននៃគណបក្សរៀងខ្លួននៅតែគិតពីបក្សហ្នឹងធំជាង
ជាតិ ខ្ញុំគិតថា បញ្ហានេះនឹងបន្តនៅរហូត ហើយក៏ជាជំងឺមួយរ៉ាំរ៉ៃ
និងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ»។
យ៉ាងនេះក្តី ទស្សនៈរបស់លោក សៀក មេគង្គ គឺប្រកាន់ភាពអត់ធ្មត់
ហេតុនេះលោកសម្រេចចិត្តថានឹងខិតខំបន្តការងារដឹកនាំប្រជាពលរដ្ឋនៅ
មូលដ្ឋាន
និងគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍន៍
មូលដ្ឋាន។ លោកអំពាវនាវសុំឲ្យមន្ត្រីគណបក្សនយោបាយនានា
ចូលរួមក្នុងចលនាអភិវឌ្ឍភូមិ-ឃុំដោយស្មារតីបម្រើជាតិ
និងប្រជាជនឲ្យបានស្មើៗគ្នា៕(RFA)