Wednesday, December 19, 2012

តុលាការខេត្ត​ស្វាយរៀង លើកលែង​ការចោទប្រកាន់​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ របួសធ្ងន់ ៣ នាក់​

អតីត​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត
ភ្នំពេញ: ​ទី​បំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ក្នុង​រឿង​ប្រើ​កាំភ្លើង​ខ្លី បាញ់​លើ​ស្ត្រី​កម្មករ ៣ នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​។ លោក ឈូក បណ្ឌិត ភ្លាមនោះ ត្រូវបាន​ចោទប្រកាន់​ពីបទ បង្ក​របួសស្នាម​ដោយ​អ​ចេតនា​។​

​ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ស្វាយរៀង​ ​លោក ហ៊ីង ប៊ុន​ជា​ ​បាន​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១២ ថា​ ​តាមរយៈ​ការ​ស៊ើប​អង្គេត​របស់​តុលាការ និង​វត្ថុតាង ពុំ​មាន​គ្រប់គ្រាន់ ដើម្បី​ដាក់​សំអាង​ចោទ​លើ​លោក ឈូក​ ​បណ្ខិត ទេ​។ ដូច្នេះ​លោក​បាន​សំរេច​លើកលែង​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត កាល​ពី​សបា្តហ៍​មុន​។​

​ក្រោយ​ពី​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ខេត្ត​ស្វាយរៀង តុលាការ​ក៏​បាន​ចោទប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួសស្នាម ដោយ​អ​ចេតនា​។

​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ជាប់ចោទ​ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​របួសធ្ងន់ ស្ទើរតែ​ស្លាប់ នៅពេល​ក្រុម​កម្មករ ផ្ទុះ​ការតវ៉ា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន នៅ​ទីក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេច​របស់​តុលាការខេត្ត​ស្វាយរៀង ក្នុង​ការលើក​លែង​​ការចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត ដូច្នេះ ត្រូវបាន​លោក មឿន តុលា ប្រធាន​ផ្នែក​សិទ្ធិ​ការងារ របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់ សម្រាប់​សហគមន៍ បាន​សម្តែង​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​។​

​លោក មឿន តុលា បាន​មានប្រសាសន៍ថា "​មែនទែនទៅ អារម្មណ៍​ខ្លួនឯង ដូចជា មិន​ជឿ​។ មិន​ជឿ​ថា តុលាការ​លើកលែង​ការចោទប្រកាន់​ទៅលើ​លោក ឈូក បណ្ឌិត​។ ប៉ុន្តែ​បើ​ក្នុង​ករណី​លើកលែង​ការចោទប្រកាន់​ពិតប្រាកដ​មែន វា​ជា​រឿង​មួយ​ចម្លែក​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​គិតថា វា​មាន​រឿង​មិន​ប្រក្រតី​ច្រើន​កើតឡើង ក្នុង​រឿង​នឹង​..."​។​

​ សកម្មជន​សិទ្ធិមនុស្ស ដែល​តែងតែ​ឃ្លាំមើល​លើ​ករណី​កម្មករ លោក មឿន តុលា ក៏​បាន​បន្ថែមថា "​តុលាការ​គួរតែ​ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​រឿងនេះ​។ រឿងនេះ ( ករណី​​លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ ) មាន​ការឃ្លាំ​មើល ទាំង​សហគមន៍​ជាតិ និង​ទាំង​អន្តរជាតិ ជាពិសេស​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ ពី​ស្រុក​ខ្មែរ គេ​តាមដាន​រឿងនេះ ដិត​ដល់​ណាស់ ហើយ​សមាគម​អ្នក​ប្រើ​ប្រាស់​​ទំនិញ​ស្បែកជើង ខោអាវ ដែល​នាំ​ចេញ​ពី​ស្រុក​ខ្មែរ​យើង​នឹង គេ​កំពុង​តាមដាន​រឿង​នឹង សំបើម​ណាស់​។ អីចឹង បើ​កាលណា​យើង ធ្វើ​អី​ដែល​មិនល្អ បង្ក​ឲ្យ​អ្នក​ដែល​បង្ក​របួសស្នាម ឬក៏​បង្កហេតុ​នឹង រួចខ្លួន ដោយ​សេរី​អីចឹង វា​ធ្វើ​ឲ្យ​និរ​ទណ្ឌ​ភាព ( ការ​រួច​ទោស ) វា​មាន​នៅ​ស្រុក​ខ្មែរ​។ អីចឹង វា​ធ្វើឲ្យ​ខូច​កេរិ៍ឈ្មោះដ​ល់​ទំនិញ​របស់​គេ និង​ខូច​គេ​ឈ្មោះ​ដល់​ក្រុមហ៊ុន​គេ​។ អីចឹង​គឺ​ខ្ញុំ​គិតថា កម្ពុជា​យើង​ពិបាក នឹង​ស្តារ​មុខមាត់​"​។​

​ជាមួយគ្នា​នោះ លោក មឿន តុលា ក៏​បាន​អំពាវនាវ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែល​បាន​ប្រកាស​មុខមាំ​ក្នុង​ការប្រឆាំង​អំពើពុករលួយ គួរតែ​ពិចារណា បើក​ការស៊ើបអង្កេត​លើ​ករណី​នេះ ព្រោះ​មាន​រឿង​មិន​ប្រក្រតី ក្នុង​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​រឿង​ក្តី​នៅ​តុលាការខេត្ត​ស្វាយ​រៀង​នោះ ហើយ​បើសិនជា​មាន​មែន អ្នកប្រព្រឹត្ត​នឹង គួរតែ​ត្រូវបាន​ទទួល​ទោស​៕​(CEN)

Comments system

Disqus Shortname