Monday, December 3, 2012

ស្ពាន​អាកាស ស្ទឹងមានជ័យ បើក​ការដ្ឋាន​សាងសង់ ដោយ​ប្រើ​ពេល ២ ឆ្នាំ​ កន្លះ

ភ្នំពេញ: ពិធី​បើក​ការដ្ឋាន​សាងសង់ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែល​ជា​ស្ពាន​អាកាស​ទី​៣ នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើឡើងនៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ពាន​អាកាសស្ទឹងមានជ័យ ប្រើ​ពេល​សាងសង់​ ២៨ ខែ គិតចាប់ពី​ថ្ងៃទី២៦វិច្ឆិកានេះ​ ដោយចំណាយថវិកាសរុប ១៩ លានដុល្លារអាមេរិក។​

​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ ជា​ការឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ជាប្រចាំ ដែល​បណ្តាល​មកពី​ការកើនឡើង​នៃ​យានយន្ត​គ្រប់​ប្រភេទនៅ​ទីតាំង​ស្តុប​ ស្ទឹងមានជ័យ នៃ​ព្រំប្រទស់​ខណ្ឌទួលគោក ខណ្ឌចំការមន និង​ខណ្ឌ​មានជ័យ​។​

​ គម្រោង​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ចំនួន ១១៨​ខ្នង បង្គោល​ភ្លើងអគ្គិសនី ចំនួន ៣០ បង្គោល បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ចំនួន ៤១ បង្គោល ដើមឈើ​ចំនួន ១៩ ដើម រួម​ទាំង​បណ្តាញ​លូ បណ្តាញ​ខ្សែកាប ប្រៃសណីយ៍ ខ្សែកា​បអុប​ទិក និង​បំពង់​ទឹកស្អាត របស់​រដ្ឋាករទឹក មួយចំនួនទៀត​។​

ក្នុងឱកាសនោះ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា OCIC ជា​អ្នកអនុវត្ត​ការសាងសង់​គម្រោង​ស្ពាន​អាកាស ស្ទឹងមានជ័យ​។ គម្រោង​នេះ នឹង​មាន​ការសាងសង់​ស្ពាន​សរុប ចំនួន ៥​។ ក្នុងនោះ ស្ពាន​​មេ​ចំនួន​១, ស្ពាន​តូច​ចំនួន ៣ និង​ស្ពាន​ក្រោម​ដី ចំនួន ១​។ ស្ពាន​មេ​ម្ខាង​ទី​១ សាងសង់​អំពី​បេតុង​អា​មេ ស្រប​ពី​លើ​ផ្លូវ​លេខ ២៧១ មាន​ប្រវែង​ជាង ៤២៩ ម៉ែត្រ ទទឹង ៩ ម៉ែត្រ​។ ស្ពាន​មេ​ម្ខាង​ទី​២  សាងសង់​ពី​បេតុង​អា​មេ មាន​ប្រវែង​ជាង ៣៧៦ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង​មាន​ស្ពាន​មួយ​កំណាត់​ទៀត ត​ភ្ជាប់​ស្ពាន​មេ ក្នុង​ភូមិសាស្ត្រ ដែល​មាន​ទទឹង ជាង ១៥ ម៉ែត្រ​។ ស្ពាន​អាកាស​តូច ជា​ស្ពាន​ឯកទិស សាងសង់​ពី​បេតុង​អា​មេ មាន​ប្រវែង​ជាង ១១២ ម៉ែត្រ ទទឹង​ជាង ៨ ម៉ែត្រ បែកខ្នែង​រាង​ពត់​កោង ភ្ជាប់​ពី​ផ្លូវ​ព្រះ​មុនី​រ៉េត ឡើង​ទៅ​ភ្ជាប់​ស្ពាន​មេ និង​សាងសង់​ស្ពាន​កាត់​ប្រឡាយ​ស្ទឹងមានជ័យ ចំនួន ២ ទៀត ដែល​ស្ពាន​ទី​១ មាន​ប្រវែង ១៨ ម៉ែត្រ ទទឹង ១១ ម៉ែត្រ​។ រី​ឯ​ស្ពាន​ទី​២ មាន​ប្រវែង ២០ ម៉ែត្រ ទទឹង​ជាង ១២ ម៉ែត្រ​។ ស្ពាន​ទាំង​អស់ អាច​ទទួល​ទម្ងន់ បាន ២៥ តោន​។ ស្ថាបនា ពង្រីក​ផ្លូវ​អ៊ុត​កៅស៊ូ អម​សង្ខាង​ស្ពាន ទទឹង​ជាង ៥ ម៉ែត្រ ប្រវែង​សរុប​ជាង ១.១៣៤ ម៉ែត្រ និង​ផ្លូវ​វាង​ក្រោម​ស្ពាន​ប្រវែង ៤៨៧ ម៉ែត្រ ទទឹង​ជាង ៦ ម៉ែត្រ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា ការស្ថាបនា​ស្ពាន​អាកាស​ស្ទឹងមានជ័យ នឹង​ត្រូវ​ស្ថាប​នា​រយៈពេល ២៨ ខែ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១២ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៩ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា ដែល​បានមកពី​ដី​វិនិយោគ​នៅ​ជ្រោយចង្វារ របស់​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា OCIC​។​

ស្ពាន​អាកាស​ ស្ទឹង​មានជ័យ​នេះ​ ​គឺជា​ស្ពាន​អាកាស​ទី​៣ ​បន្ទាប់​ពី​ស្ពាន​អាកាស​ ក្បាលថ្នល់​ ​និង​ស្ពាន​អាកាស ៧​មករា​ (​ពេទ្យ​លោកសង្ឃ​)  ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​ស្ពាន​អាកាស នៅ​រាជធានី​ភ្នំពេញ​ទាំង​នេះ ត្រូវបាន​សាងសង់ ដោយ​ក្រុមហ៊ុន OCIC ប្រើប្រាស់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​៕​ S(CEN)

Comments system

Disqus Shortname