ភ្នំពេញ: គម្រោងវិនិយោគទីក្រុងរណបខេមកូស៊ីធី បានចាប់ផ្តើមសកម្មភាពសាងសង់បន្តគម្រោងហាងលក់ទំនិញនិង សួនច្បារឡើងវិញហើយ បន្ទាប់ពីអាក់ខានសកម្មភាពចាប់តាំងពីខែមិថុនា ឆ្នាំ២០១១មក។
កត្តាឥទិ្ធពលទីផ្សារតម្រូវការក្នុងស្រុក និងវិបត្តិហិរញ្ញវត្ថុពិភពលោកបានធ្វើឲ្យគម្រោងវិនិយោគដ៏ធំមួយ នេះ ត្រូវផ្អាកសកម្មភាពសាងសង់មួយរយៈ។
លោក ខេង សែ ជំនួយការអគ្គនាយកក្រុមហ៊ុនវិនិយោគទីក្រុងរណបខេមកូស៊ីធី មានប្រសាសន៍ថា សព្វថ្ងៃក្រុមហ៊ុនកំពុងបន្តការវិនិយោគជំហានទី១ ដែលនៅព័ទ្ធជុំវិញទីក្រុងនេះជាបន្តទៀត។ ប៉ុន្តែនៅពេលនេះគម្រោងលក្ខណៈទ្រង់ទ្រាយធំផ្សេងៗទៀត ក្រុមហ៊ុនមិនទាន់ចាប់ផ្តើមធ្វើនៅឡើយទេ ហើយក៏មិនបានកំណត់ថា នឹងធ្វើវានៅពេលណាដែរ ដោយនៅពេលនេះក្រុមហ៊ុនធ្វើសម្រាប់ជំហានទី១ ដែលនៅសេសសល់ដើម្បីបញ្ចប់តែប៉ុណ្ណោះ។
ជំនួយការរូបនេះបន្តថា ជំហានទី១យើងសម្រេចការសាងសង់បាន៧០ភាគរយហើយ ដោយនៅពេលនេះយើងធ្វើដើម្បីបញ្ចប់គម្រោងដែលនៅសល់៣០ភាគរយ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ហាងទំនិញ និងសួនច្បារជាដើម។ លោកបញ្ជាក់ថា៖«ជំហានទី១ដែលមានបីដំណាក់កាលនោះ ក្រុមហ៊ុនបានសាងសង់ស្ទើរតែចប់រួចរាល់អស់ទៅហើយ ដោយនៅសល់តែដំណាក់កាលទី៣ នេះតែប៉ុណ្ណោះ ប៉ុន្តែយើងមិនទាន់ដឹងថា បញ្ចប់នៅពេលណានោះទេ គឺវាអាស្រ័យលើដៃគូភាគីវិនិយោគរបស់យើង»។
លោកបានបន្ថែមថា ដំបូងដៃគូវិនិយោគរបស់យើងគេបានទិញអគារនេះអស់តែម្តងគឺ១០០ ភាគរយ ខណៈពេលដែលក្រុមហ៊ុនបានប្រកាសលក់ដំបូង ដោយរហូតមកដល់ពេលនេះការអភិវឌ្ឍនៅជំហានទី១ ដំណាក់កាលទី១ និងដំណាក់កាលទី២បានបញ្ចប់ហើយ នៅតែដំណាក់កាលទី៣ កំពុងរង់ចាំធ្វើការពិភាក្សាជាមួយគូភាគីវិនិយោគ។
លោកបានអះអាងថា ៖«បើទោះបីជាយើងចាប់ផ្តើមបន្តសកម្មភាពឡើងវិញពេលនេះក៏ដោយ ក៏ខាងក្រុមហ៊ុនយើងនៅមិនទាន់មានផែនការរៀបចំថវិកាសម្រាប់ការ វិនិយោគគម្រោងធំៗជាបន្តទៀតនៅឡើយទេ»។ លោកបន្ថែមថា សព្វថ្ងៃយើងកំពុងវិនិយោគទៅលើហាងទំនិញ និងរៀបចំសួនច្បារសាធារណៈ ប៉ុន្តែតម្រូវការលក់ និងជួលមានចំនួនប៉ុន្មានលោកសុំមិនប្រាប់ទេ ដោយលោកគ្រាន់តែប្រាប់ថា មានតម្រូវការច្រើន។
លោកបានប្រាប់ឲ្យដឹងទៀតថា ចំពោះជំហានទី១នៃការវិនិយោគផ្ទះល្វែង និងវីឡាយើងបានលក់អស់ហើយ ដោយនៅសល់ផ្ទះប្រភេទខុនដូចំនួនតិចតួចប៉ុណ្ណោះ ដែលស្ថិតនៅក្នុងការប្រកាសលក់ជាបន្តទៀត។
លោកបានបន្ថែមថា គម្រោងវិនិយោគទីក្រុងរណបខេមកូស៊ីធីជាគម្រោងធំដែលសព្វថ្ងៃ ធ្វើបានតែ១ភាគ១០នៃគម្រោងទាំងមូលតែប៉ុណ្ណោះ។ លោកជឿថា គម្រោងធំថ្មីៗនឹងមានបន្តបន្ទាប់ទៀតក្រោយពីបញ្ចប់ជំហានទី១នេះ ដោយវាគ្រាន់តែត្រូវការពេលវេលាដើម្បីវិភាគលើតម្រូវការទីផ្សារ បន្ថែម និងស្វែងរកដៃគូរវិនិយោគបន្ថែមទៀតតែប៉ុណ្ណោះ ព្រោះនេះជាគម្រោងធំ។
លោក អាន ចន្នី ប្រធានផ្នែកលក់នៃគម្រោងវិនិយោគទីក្រុងរណបខេមកូស៊ីធី ក៏បានប្រាប់ឲ្យដឹងដែរថា នៅពេលនេះក្រុមហ៊ុនកំពុងរៀបចំផែនការលក់ និងជួលហាងទំនិញចំនួនជាង៣០ហាង។ លោកបញ្ជាក់ថា ៖«ហាងចំនួន១០ត្រូវបានអតិថិជនកក់អស់ទៅហើយ តាំងពីចាប់ដំណើរការសាងសង់មកម្ល៉េះ»។ លោកបន្តថា គម្រោងវិនិយោគហាងទំនិញនេះបានចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែ កក្កដាកន្លងមក ហើយខ្ញុំគិតថា ៣ទៅ៤ខែទៀតទើបចប់ ដោយគេនឹងដាក់ជួលក្នុងតម្លៃចន្លោះពី៥ទៅ៨ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។
លោក ចន្នី បានបន្ថែមថា គម្រោងដែលកំពុងធ្វើនៅពេលនេះ គឺដើម្បីបញ្ចប់ការងារចាស់ៗដែលនៅសល់តែប៉ុណ្ណោះ ហើយលំនៅដ្ឋាន ផ្ទះល្វែង និងវីឡាបានលក់អស់ទៅហើយ សល់តែខុនដូប្រហែល២០ភាគរយតែប៉ុណ្ណោះ ដោយបន្ទប់ដែលមានបន្ទប់គេង២លក់ក្នុងតម្លៃចន្លោះពី១៤ទៅ១៦ ម៉ឺនដុល្លារចំណែកបន្ទប់ដែលមានបន្ទប់គេង៣ លក់ក្នុងតម្លៃចន្លោះពី១៨ទៅ២០ម៉ឺនដុល្លារ និង៤បន្ទប់គេង លក់ក្នុងតម្លៃ៣០ម៉ឺនដុល្លារអាមេរិក។
ទីក្រុងរណបខេមកូស៊ីធី ស្ថិតនៅក្នុងតំបន់គួរឲ្យចាប់អារម្មណ៍ មានសុវត្ថិភាព មានបរិស្ថានល្អ ជាមួយការវិនិយោគច្រើនធ្វើឲ្យទីផ្សារជួលងាយស្រួលក្នុងការរក អតិថិជន។ លោក ចន្នី បានបញ្ជាក់ថា៖«នៅរយៈពេលបីខែចុងក្រោយនេះ មានអតិថិជនបរទេសមកជួលកើនឡើងច្រើនជាងកាលពីដើមឆ្នាំនេះ»។
លោក ច្រឹក សុខនីម អនុប្រធានក្រុមហ៊ុនអចលនទ្រព្យវីត្រាស់ មានប្រសាសន៍ថា ការវិលត្រឡប់នៃសកម្មភាពវិនិយោគទីក្រុងរណបខេមកូស៊ីធី គឺជារឿងល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដែលអាចជួយជំរុញឲ្យមានការវិនិយោគកើនឡើង។ លោកបន្តថា ការវិនិយោគធំៗគឺទាមទារឲ្យមានភាពច្បាស់លាស់ ទើបការវិនិយោគអាចដំណើរការដល់គោលដៅបាន ហើយការវិលត្រឡប់នៃក្រុមហ៊ុននេះអាចនឹងមានដំណើរការល្អឡើងវិញ ដែរ។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ការវិនិយោគហាងទំនិញ នៅទីនោះនាពេលនេះពិតជាល្អ គឺអាចធ្វើឲ្យការវិនិយោគជំហានទី១របស់ក្រុមហ៊ុនមានតម្លៃឡើង វិញ ហើយក៏អាចធ្វើឲ្យការវិនិយោគជំហានបន្ទាប់របស់ក្រុមហ៊ុន ទទួលបានជោគជ័យផងដែរ»។
លោកបានបន្ថែមថា ទីផ្សារអចលនទ្រព្យសព្វថ្ងៃកំពុងធ្វើដំណើរម្តងមួយជំហានៗ ដូច្នេះការវិនិយោគចាំបាច់គឺត្រូវការពេលវេលាដែលជារឿងល្អដែរ សម្រាប់ការវិនិយោគយូរអង្វែង៕