ភ្នំពេញៈ ផ្ទុយពីការសន្និដ្ឋានរបស់អ្នកជំនាញ គ្រូពេទ្យវិកលចរិតផ្ទាល់ របស់អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម បានផ្តល់ចម្លើយកសិណ កាលពីម្សិលមិញថា អ្នកជំងឺរបស់លោកស្រីវេជ្ជបណ្ឌិតពុំបង្ហាញសញ្ញានៃជំងឺផ្លូវ ចិត្តឬបញ្ហាខូចខួរក្បាលឡើយ។
លោកស្រី ចាក ធីតា គ្រូពេទ្យវិកលចរិត ដែលព្យាបាលអ្នកស្រី អៀង ធីរិទ្ធ ស្រ្តីថ្នាក់ទី ១ នៃរបបខ្មែរក្រហម មានគំនិតយោបល់ផ្ទុយពីសេចក្តីសន្និដ្ឋាន របស់ក្រុមអ្នកជំនាញ តែងតាំងដោយតុលាការ ដែលបានសន្និដ្ឋានថាអ្នកស្រី អៀង ធីរិទ្ធ មានជំងឺវិកលចរិត ពីកម្រិតមធ្យម ដល់ធ្ងន់ធ្ងរ ដែលអាចជាជំងឺបាត់ការចងចាំ។
លោកស្រីវេជ្ជ បណ្ឌិត ចាក ធីតា បានផ្តល់ចម្លើយកសិណថា អ្នកជំងឺរបស់លោកស្រីជាស្រ្តី«គួរសម និងរៀបរយ» ដែលនិយាយ និងអានភាសាបារាំងបានល្អឥតខ្ចោះ ហើយធ្វើទំនាក់ទំនងក្នុងសង្គមបានល្អ និងជាធម្មតា។
លោកស្រី បានប្រាប់តុលាការថា៖ «ខ្ញុំពុំរកឃើញសញ្ញានៃជំងឺផ្លូវចិត្ត ក្នុងខ្លួនអ្នកស្រី អៀង ធីរិទ្ធ នោះទេ» ដោយលោកស្រីបញ្ជាក់ពីជំនឿរបស់លោកស្រី លើសុខភាពផ្លូវចិត្ត របស់ប្អូនថ្លៃ ប៉ុល ពត រូបនេះ តែជាមួយនឹងពាក្យ «បើទោះបីជាគាត់បាត់បង់ការចងចាំខ្លះៗក៏ដោយ» ប៉ុណ្ណោះ។
ក្រុមអ្នកជំនាញបីនាក់ ដែលតែងតាំង ដោយសាលាក្តី បានថ្លែងថា ពួកគេរកឃើញថា សុខភាពផ្លូវចិត្តរបស់ជនសង្ស័យ នៃបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ពុំល្អប្រសើរឡើយ ហើយជំងឺវិកលចរិត ដែលអាចជាជំងឺបាត់បង់ការចងចាំ បានបង្ហាញសញ្ញាធ្ងន់ធ្ងរទៅៗ ចាប់តាំងពីឆ្នាំមុន នៅពេលតុលាការ បានបង្គាប់ឲ្យបន្តព្យាបាលដើម្បីបង្កើនសមត្ថភាពខួរក្បាល របស់អ្នកស្រីមក។
នាយករងនៃផ្នែកជំងឺវិកលចរិតទូទៅ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតរូបនេះ ជាសំឡេងជំទាស់ខ្លាំង ហើយបានប្រាប់តុលាការថា ក្នុងឋានៈជាស្រ្តីកម្ពុជាម្នាក់ លោកស្រី បានធ្វើការបង្កើនទំនាក់ទំនងជិតស្និទ្ធផ្ទាល់ជាមួយនឹងអ្នកស្រី អៀង ធីរិទ្ធ ដើម្បីបង្កើនភាពឆ្លើយតបរបស់អ្នកស្រី អៀង ធីរិទ្ធ ដែលតែងតែកាចទៅនឹងតេស្តសាកល្បង។ លោកស្រី ធីតា បានលើកឧទាហរណ៍ អំពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តរបស់អ្នកស្រី ធីរិទ្ធ នៅពេលគាត់ស្ថិតក្នុងស្ថានការណ៍ធ្វើតេស្តសាកល្បងរួម កាលពីដើមឆ្នាំនេះ ជាមួយនឹងលោក John Campbell គ្រូពេទ្យជំងឺមនុស្សចាស់ មកពីប្រទេសនូវែលសេឡង់ ជាអ្នកជំនាញ ម្នាក់នៃក្រុមអ្នកជំនាញ ដែលតែងតាំងឡើងដោយតុលាការ និងដែលបានចូលរួមស្តាប់សវនាការ កាលពីថ្ងៃម្សិលមិញ។
លោកស្រី ធីតា បានរៀបរាប់ឡើងវិញ អំពីការខិតខំរបស់លោក Campbell ក្នុងការពិនិត្យអ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធសហជនជាប់ចោទ លោក អៀង សារី ក្រោមការពិនិត្យសុខភាពផ្លូវចិត្ត ទំហំតូច (Mini-Mental State Examination) ជាការពិនិត្យពេញនិយមមួយ ដើម្បីកំណត់ទំនោរ នៃជំងឺវិកលចរិត។ លោកស្រីថា៖«លោក Campbell បានហុចប៊ិកទៅឲ្យអ្នកស្រី អៀង ធីរិទ្ធ ហើយសួរគាត់ថា តើគាត់ចំណាំប៊ិកបានទេ ហើយដឹងពីរបៀបប្រើវាដែរឬទេ? ហើយអ្នកស្រី អៀង ធីរិទ្ធ ថាគាត់មិនដឹងថា វាជាអ្វីទេ»។ លោកស្រី ធីតា បន្តថា៖ «ប្រាំនាទីក្រោយមក ខ្ញុំកាន់ប៊ិកដដែលនោះ ហើយប្រាប់គាត់ថា ខ្ញុំឃើញគាត់ប្រើប៊ិកសរសេរភាសាបារាំងពីមុន ហើយខ្ញុំសួរថា តើគាត់ធ្លាប់សរសេរភាសាអង់គ្លេសទេ បន្ទាប់មក គាត់បានយកប៊ិកសរសេរថា I go to school»។
កាលពីខែ វិច្ឆិកា ឆ្នាំមុន ចៅក្រមអង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ជនសង្ស័យក្នុងសំណុំរឿង ០០២ នេះ ពុំមានសុខភាពល្អ ដើម្បីទទួលការជំនុំជម្រះទេ ផ្អែកលើការសន្និដ្ឋានរបស់អ្នកជំនាញ ដែលថា អ្នកស្រីមានជំងឺវិកលចរិត ហើយបង្គាប់ឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ។
លើបណ្តឹងសារទុក្ខ អង្គជំនុំជម្រះតុលាការកំពូលបានច្រានចោល សេចក្តីសម្រេចនេះ ហើយបង្គាប់ឲ្យចៅក្រមសាលាដំបូង ស្នើសុំការព្យាបាលបន្ថែម ក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យសុខភាពស្រ្តីវ័យ ៨០ ឆ្នាំរូបនេះកាន់តែប្រសើរឡើង ដើម្បីអាចទទួលការជំនុំជម្រះ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។
រោគវិនិច្ឆ័យដោយលោកស្រី ធីតា ផ្ទុយពីមតិរួមរបស់អ្នកជំនាញ ដោយសាស្រ្តចារ្យកម្ពុជារូបនេះប្រកាន់ខ្ជាប់ ក្នុងសេចក្តីសន្និដ្ឋានខ្លួនថា អ្នកជំងឺរបស់គាត់ពុំមានខូចខួរក្បាល ឬមានបញ្ហាខួរក្បាលតិចតួចបំផុត ហើយថា សកម្មភាពគាត់ ធ្វើឡើងគឺដោយសារការមិនពេញចិត្ត ចំពោះការឃុំឃាំង និងសវនាការប្រឆាំងនឹងរូបគាត់។
លោកចៅក្រម Cartwright បានសួរជាច្រើនទាក់ទងនឹងចំណុចខ្លាំង នៃសេចក្តីសន្និដ្ឋាន របស់លោកស្រី ធីតា។
លោក Cartwright បានសួរគ្រូពេទ្យនៅកម្ពុជានេះថា៖ «អ្នកនិយាយថា គាត់មានសុភវិនិច្ឆ័យ និងការយល់ដឹងល្អ ប៉ុន្តែនៅពេលគាត់និយាយខ្លាំងៗ ដាក់បុគ្គលិក [នៃមណ្ឌលឃុំឃាំង] ហើយយកឈើច្រត់វាយទ្វារបន្ទប់ឃុំឃាំង តើអ្នកចាត់ទុកថា វាជាសុភវិនិច្ឆ័យ និងការយល់ដឹងល្អរបស់អ្នកស្រី អៀង ធីរិទ្ធឬ?»។
លោកស្រី ធីតា បានឆ្លើយថា៖ «ការយកឈើច្រត់ វាយទ្វារមិនមែនជាទម្លាប់ទេ។ វាចាប់ផ្តើមកើតឡើង តែនៅពេលគាត់ដឹងថា គាត់នឹងត្រូវបានដោះលែង។ ខ្ញុំបានដឹងថា គាត់ចង់ចេញពីកន្លែងឃុំឃាំងនេះ។ គាត់រីករាយ នៅពេលគាត់គិតថា គាត់នឹងចាកចេញ»។ ឥរិយាបថកាច និងមានៈ របស់អ្នកស្រី អៀង ធីរិទ្ធ បានធ្វើឲ្យមានការចោទសួរលើសុខភាពផ្លូវចិត្តរបស់គាត់ នៅពេលគាត់សម្តែងកំហឹងនៅឆ្នាំ ២០០៩ ដែលគាត់«បានដាក់បណ្តាសា ដល់នរកប្រាំពីរជាន់» ចំពោះអ្នកទាំងឡាយ ដែលចោទប្រកាន់គាត់ថា បានសម្លាប់មនុស្ស។
ដោយលើកឡើងអំពីភាព អយុត្តិធម៌ អ្នកស្រី អៀង ធីរិទ្ធ បានថ្លែងនៅពេលនោះថា៖ «ឥឡូវនេះ ខ្ញុំខឹងខ្លាំង ព្រោះខ្ញុំបានធ្វើល្អបំផុត សម្រាប់ប្រទេសជាតិ»។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនដឹងទេថា តើមូលហេតុអ្វី មនុស្សល្អត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋនោះ ហើយខ្ញុំឈឺចាប់យ៉ាងខ្លាំង ខ្ញុំមិនអាចអត់ធ្មត់បានទេ ព្រោះខ្ញុំត្រូវបានចោទប្រកាន់ដោយខុសឆ្គង»។ ក្រោយមកអ្នកស្រីបានសុំទោសតុលាការ ចំពោះអាកប្បករិយា«ជ្រុលហួសហេតុ»របស់ខ្លួន។ ក្នុងសវនាការ ដើម្បីគាំទ្រដល់ការបន្តឃុំឃាំងគាត់ ជាបណ្តោះអាសន្ន ព្រះរាជអាជ្ញាបានហៅអ្នកស្រីថា«កាច»។
លោកស្រី ធីតា អះអាងថា ព្រោះលោកស្រីបង្កើនទំនាក់ទំនងជាវិជ្ជមាន ជាមួយនឹងអ្នកស្រី អៀង ធីរិទ្ធ អ្នកជំងឺមានសភាពធូរស្រាលក្នុងចិត្ត បើកចំហ និងស្ងប់ស្ងាត់ នៅពេលអ្នកស្រីនៅជិត។
មេធាវីរបស់អ្នកស្រី អៀង ធីរិទ្ធ ហាក់បីដូចជាមិនជឿជាក់ លើការអះអាងគ្មានកែប្រែរបស់លោកស្រី ធីតា ស្តីពីសុខភាពផ្លូវចិត្តរបស់អ្នកស្រី អៀង ធីរិទ្ធ ទេ។
លោក ផាត់ ពៅសៀង មេធាវីការពារអ្នកស្រី អៀង ធីរិទ្ធ បានថ្លែងថា៖ «កូនក្តីខ្ញុំមិនចាំសូម្បីតែស្វាមីរបស់ខ្លួន។ ខ្ញុំបានជួបគាត់ជាញឹកញាប់ ហើយពេលខ្លះ គាត់មិនចង់ជួបខ្ញុំ ឬមិនស្គាល់ខ្ញុំទេ។ គាត់មិនចាំឈ្មោះខ្ញុំ។ ប៉ុន្តែ គាត់ចាំឈ្មោះលោកស្រី (ធីតា )ដូច្នេះ វាពិតជាចម្លែក»។
ចៅក្រម Cartwright និងក្រុមមេធាវីការពារអ្នកស្រី អៀង ធីរិទ្ធ ដែលសម្អាងជាយូរមកហើយថា កូនក្តីខ្លួនមិនមានសុខភាពល្អ ដើម្បីទទួលការជំនុំជម្រះនោះក៏បានចោទសួរពីការបណ្តុះបណ្តាល និងលក្ខណសម្បតិ្តរបស់លោកស្រី ធីតា ផងដែរ។
ក្រុមអ្នកជំនាញបី នាក់ ដែលតែងតាំង ដោយតុលាការ បានប្រាប់អង្គជំនុំជម្រះសាលាដំបូងថា អ្នកស្រី អៀង ធីរិទ្ធ ដែលអវត្តមានក្នុងសាលសវនាការក្នុងការជំនុំជម្រះសំណុំរឿង ០០២ នោះ មិនបានឆ្លើយតបចំពោះការព្យាបាលសាកល្បង ក្នុងអំឡុងឆ្នាំ ២០១២ នោះទេ។
លោក Fazel បានបន្តថា៖ «យើងពិតជាយល់ថា សុខភាពគាត់កាន់តែធ្ងន់ធ្ងរទៅៗ ក្នុងអំឡុងពេលនេះ»។ លោកថា អ្នកជំនាញទាំងបី ដែលតែងតាំងដោយតុលាការ បានឈានដល់សេចក្តីសន្និដ្ឋានជាឯកច្ឆន្ទ ហើយយល់ថា ពួកគេ បានប្រើមធ្យោបាយព្យាបាលគ្រប់យ៉ាងរួចហើយ។
សវនាការនឹងបន្ត នៅថ្ងៃនេះ៕ TK