Monday, September 3, 2012

ករណី​បំផ្ទុះ​គ្រាប់ នៅ​ស្ពាន​ជិត​ពេជ្រ​និល​កំពុង​ស៊ើប


ព្រះសីហនុៈ អាជ្ញាធរ​ខេត្ត​នេះ​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​យប់​ថ្ងៃ​ពុធ នៅ​នឹង​ស្ពាន តាម​ផ្លូវ​ជាតិ​លេខ​៤ ក្បែរ​ជ្រោះ​ពេជ្រ​និល។
លោក តាក វណ្ណថា ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ឲ្យ​ដឹង​ថា យើង​កំពុង​តែ​ជួស​ជុល​ស្ពាន​ឡើង​វិញ បន្ទាប់ពី​មាន​ការ​ផ្ទុះ​គ្រាប់​បែក​ធ្វើ​ឲ្យ​ខូច​ខាត​បន្តិច​បន្តួច ហើយ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​នៅ​ឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ស្ថាន​ភាព​ក្រោយ​ការបំផ្ទុះ​គ្រាប់​នេះ​បាន​ទេ ដោយ​សារ​យើង​កំពុង​សហការ​ស៊ើប​អង្កេត​រួម​គ្នា​លើ​ករណី​នេះ ព្រោះ​កន្លែង​កើត​ហេតុ​ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ»។
លោក បន្តថា៖ «វាគឺជាប្រភេទ​គ្រាប់​បែក​ច្នៃ ដាក់​ក្នុង​ធុង​ទឹក​ចំណុះ​៣០​លីត្រ ដើម្បី​បំផ្ទុះ​ស្ពាន គ្រាប់​ប្រភេទ​នេះ ធ្លាប់​ប្រើ​ប្រាស់​ដោយ​អតីត​របប​ខ្មែរ​ក្រហម»។
លោក ទេព មាន ចៅ​ហ្វាយ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ថា មាន​ការ​ខូច​ខាត​តិច​តួច ដែល​មិន​ធ្វើ​ឲ្យ​ស្ទះ​ដល់ថ្នាក់​បិទផ្លូវ​ទេ។
លោកបន្តថា៖ «ខ្ញុំ​មិន​អាច​សន្និ​ដ្ឋាន​មុខ​សញ្ញា​ជនដៃ​ដល់ និង​មូល​ហេតុ​បង្ក​ការ​បំផ្ទុះ​នៅ​ឡើយ ទេ​ ហើយ​ការ​វាយ​តម្លៃ​នឹង​ធ្វើ​ឡើង​ដោយ​ថ្នាក់លើ»។
ស្នងការនគរបាលខេត្ត កំពង់ស្ពឺ និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការនគរ​បាល​ជាតិ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​ជាប់​ប្រជុំ។
លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ប្រាប់​ថា លោក​មិន​ទាន់​ទទួល​ព័ត៌​មាន​នេះ​នៅឡើយ។
លោក រតនា បានបញ្ជាក់ថា៖​«ក្រុម​របស់​យើង​កំពុង​ចុះ​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ករណីនេះ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ពួក​គេ​នៅឡើយ»៕ VT

Comments system

Disqus Shortname