Thursday, September 27, 2012

លោក​ហ៊ុន សែន ចំអក​គណបក្ស​សង្គ្រោះ​ជាតិ


120926_03
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថ្លែងក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​​ជាតិ​គ្រប់​គ្រង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​រូបថត​ផា លីណា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច បាន​ចំអក​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ទើប​តែ​បង្កើត​ថ្មី ចំពោះ​ការ​គំរាម​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ របស់​គណបក្ស​ប្រឆាំង​ថ្មី​នេះ ថា​ដោយ​សារ​អស់​ថវិកា។​

ដោយ​កើត ចេញ​ពី​ការ​បង្រួប​បង្រួម រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទិ្ធមនុស្ស ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​គំរាម​រួច​មក​ហើយ​ថា ខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ទេ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទេ នោះ​។
ថ្លែង ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន ថ្លែង​ថា អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ទៀត ប្រសិន​បើ​គេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ​។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «មាន​គណបក្ស​នយោបាយ​បដិសេធ​មិន​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ វា​ងាយ​ស្រួល​ទេ គណបក្ស​នយោបាយ​ដទៃ​ទៀត ត្រូវ​ត្រៀម​ខ្លួន​ទទួល​សន្លឹក​ឆ្នោត​អ្នក​បោះឆ្នោត ដែល​មិន​បោះ​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា។ ការ​គំរាម​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត ដោយ​សារ​អាច​ខ្វះ​ថវិកា»។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ដំណើរ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ហើយ​គ្មាន​ការ​ដោះស្រាយ​តាម​ឆន្ទៈ​នយោបាយ​ឡើយ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ក្រុម​ប្រឆាំង​នឹង​ប្រកាន់​ខ្ជាប់​ឆន្ទៈ​នយោបាយ​ធ្វើ​ពហិការ​ ក្នុង​ការ​បោះឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​តែ​ដឹក​នាំ​ដោយ​មនុស្ស​ដដែលៗ ដែល​មិន​ឯករាជ្យ។ ​លោក សុវណ្ណ ​បន្ត​ថា៖ «​កំណែទម្រង់ គ.ជ.ប​ មិន​ត្រឹម​តែ​ជា​បញ្ហា​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ ថែម​ទាំង​ជា​បញ្ហា​ លើក​ឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក សូរិយា​ ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស អង្គ​ការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ចុង​ខែ​មុន ហើយ​បាន​លម្អិត​ អំពី​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ គ.ជ.ប»។ លោក​បញ្ជាក់​ថា វា​មិន​ចាំបាច់​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ឡើយ ប្រសិន​បើ​ គ.ជ.ប មិន​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ទេ​នោះ «ពីព្រោះ​ គ.ជ.ប នៅ​តែ​ជា​ឧបករណ៍ ប្រើប្រាស់ ដោយ​គណបក្ស​កាន់​អំណាច​»។ ​លោក​បាន​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បំពេញ​នីតិវិធី​តាម​ច្បាប់ ហើយ​កំពុង​តែ​រង់​ចាំ​សេចក្តី​សម្រេច​ដែល​ត្រូវ​ធ្វើ​ឡើងដោយ​ក្រសួង​មហាផ្ទៃ។
លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​កំបាំង​មុខ ក្នុង​ឆ្នាំ ២០១០ ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​នៃ​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ដ៏​ចម្រូង​ចម្រាស​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ទេ។
ទន្ទឹម​នឹង​នេះ លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ម្សិលមិញ​ ដោយ​អំពាវនាវ​ឲ្យ​ជន​ជាតិ​ខ្មែរ ​សញ្ជាតិ​អាមេរិក​ ស្នើ​សុំ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ មូបាម៉ា លុប​ចោល​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក​ស្រី សុខហួរ បាន​សរសេរ​ថា៖ «​យើង​ជំរុញ​លោក​អ្នក​ ចុះ​ហត្ថលេខា ​លើ​ញតិ្តស្នើ​សុំ​គាត់​លុប​ចោល​ដំណើរ​មក​កម្ពុជា​ ប្រសិន​បើ​គាត់​មិន​ទទួល​បាន​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុតិ្តធម៌​នឹង​រៀបចំ​ឡើង​នៅ​កម្ពុជា ក្នុង​​ខែ​កក្កដា ឆ្នាំ ២០១៣ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ បោះឆ្នោត​នោះ​ទេ»។
លោក ទេព នីថា ​អគ្គលេខាធិការ​នៃ គ.ជ.ប បាន​ថ្លែង​ថា ចាប់​តាំង​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត គឺ​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី ៤០៤៧៣៨ នាក់ លុប​ចោល​ឈ្មោះ ១៤០៤៤៤ នាក់​ពី​បញ្ជី​បោះ​ឆ្នោត និង​កែ​តម្រូវ​ឈ្មោះ ៣៨៥២០ នាក់ ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ថ្មី។ លោក​បាន​ថ្លែង​ថា ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត ​នឹង​ធ្វើ​​ឡើង​រយៈ​ពេល ៤២ ថ្ងៃ ហើយ​ថ្ងៃ​ផុត​កំណត់​គឺទី​១២ ខែ​តុលា។ លោក នីថា បាន​បន្ថែម​ថា៖ «​បើ​ទោះ​បី​ជា​មាន​បញ្ហា​ទឹក​ជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត​នោះ ​ទេ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី១ ខែ​កញ្ញា​មក»៕ TK

Comments system

Disqus Shortname