បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារ ក្រុងសិរីសោភ័ណ យ៉ាងធ្ងន់ធ្ងរ ស្របពេលក្រុងប៉ោយប៉ែត ស្រុក អូរជ្រៅ ស្រកចុះសល់ត្រឹមកន្លះម៉ែត្រ ចំពោះប្រជាពលរដ្ឋ ដែលអាជ្ញាធរជម្លៀសមក នៅទីទូលមាន សុវត្ថិភាព មួយចំនួនបានវិលត្រឡប់ ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិត ដូចដើមវិញហើយ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២ នេះថា ក្រោយពីជំនន់ ទឹកភ្លៀង និងជំនន់មកថៃវាយប្រហា ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ អស់ជាង២សបា្តហ៏ កន្លងទៅនេះ ឥឡូវទឹកបានស្រកហើយ គឺនៅសល់ត្រឹមតែកន្លះម៉ែត្រប៉ុណ្ណោះ ហើយ ពលរដ្ឋដែលមកស្នាក់នៅទីទូល មានសុវត្ថិភាព ជាង៤០ភាគរយ បានវិលត្រឡប់ទៅលំនៅដ្ឋាន ជាបណ្តើរៗ វិញហើយ ។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា ក្រុងប៉ោយប៉ែត អំឡុងពេលទឹកជន់បានធ្វើឲ្យប៉ះពាល់លិច លំនៅដ្ឋានប្រជា ពលរដ្ឋ ប្រមាណ៤៤៦៩គ្រួសារ ហើយពលរដ្ឋដែលរងការលិចលង់ខ្លាំងត្រូវអាជ្ញាធរ ជម្លៀសទៅរក ទីទូល មានសុវត្ថិភាពមានចំនួន២៣៣៩គ្រួសារ ។ ទន្ទឹមគ្នានៃការជម្លៀសពលរដ្ឋមកកាន់ ទីទូលសុវត្ថិភាព អាជ្ញាធរ ក្រុងបានដាក់ពង្រាយកម្លាំង នគរបាល និងកម្លាំង អ.ហ ដើម្បីរក្សាសន្តិ សុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ នៅទីនោះទាំងយប់ទាំង ថ្ងៃ រៀបចំក្រុមគ្រូពេទ្យចល័ត មើលថែពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ មិនត្រឹម តែប៉ុណ្ណោះអាជ្ញាធរក៏បានផ្គត់ផ្គង់ទឹកស្អាតនិងបង្គន់អនាម័យជូនបាន គ្រប់គ្រាន់ផងដែរ។
អាជ្ញាធរក្រុងប៉ោយប៉ែត បានប្រកាន់គោលជំហរយ៉ាងមុតមាំថា បើទោះបីជាក្រុងប៉ោយប៉ែត មានការជន់លិច យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងបានត្រៀមខ្លួនហើយជាស្រេចក្នុងការ ជួយសង្រ្គោះប្រជាពលរដ្ឋ នឹងមិនឲ្យពលរដ្ឋណាស្លាប់ដោយទឹកជំនន់ឡើយ។
គួរបញ្ជាក់ថា ស្របពេលដែលទឹកជំនន់នៅក្រុងប៉ែត ស្រុកអូរជ្រៅ ស្រកចុះ នៅថ្ងៃទី២៣ និង២៤ ខែកញ្ញា នេះ គេសង្គេតឃើញក្រុងសិរីសោភ័ណ ត្រូវបានជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងយ៉ាងខ្លាំង ផ្ទះប្រជាពលរដ្ឋរាប់រយខ្នង សាលារៀន មណ្ឌលសុខភាព សាលាឃុំ ផ្លូវលំក្នុងភូមិជាច្រើនខ្សែ ពិសេជាងនេះទៀត ពន្ធនាគារខេត្ត បន្ទាយមានជ័យ ត្រូវបានទឹកជន់លិចជាបណ្តើរៗហើយ៕