Sunday, September 16, 2012

មន្ត្រី​ប៉េអឹម​​ និង​ប្រពន្ធ​​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គារ​រឿង​សម្លាប់​អ្នក​កាសែត​ (មាន​វីដេអូឃ្លីប)

ខេត្តរតនគិរី ៖ ​ជនជាប់​សង្ស័យ​សម្លាប់​​អ្នក​កាសែត​​វរ​ជន ​២​នាក់​ប្តី​-ប្រពន្ធ​​ដែល​ឃាត់​ខ្លួន បន្ទាប់​ពី​​រក​ភស្តុ​តាង​ពាក់​ព័ន្ធ​​ឃើញខ្លះ​ៗ​នោះ​​ត្រូវ​បាន​​បញ្ជូន​​ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​រតនគិរី ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ ​ដើម្បី​ព្រះ​រាជ​អាជ្ញា​​សាក​សួរ​ដាក់​បន្ទុក ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មកក៏​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ ​នា​គារ​ខេត្ត​រង់ចាំ​ស៊ើប​អង្កេត​ និង​បើក​សវនា​ការ ។
គួរ​រំលឹក​ថា លោក​ហង្ស សេរី​ឧត្តម​ ​ត្រូវ​​បាន​ឃាតករ​ដែល​ទំនង​​ជា​មាន​គ្នា​ច្រើន​នាក់​​សម្លាប់​​​​យ៉ាង​ព្រៃ ​​​ផ្សៃ​ដោយកាប់​ចិញ្ច្រំា​ផ្ទៃមុខ​និងខ្លួន​​ប្រាណ​ ហើយ​យក​សព​​​ញាត់​ចូល​​ក្នុង​ឃ្លុប​គូទ​​រថយន្ត​របស់លោក​ ​រួច​​​យក​ទៅ​ប្លុងចោល​ក្នុង​ព្រៃ​ចម្កា​រ​ស្វាយ​ចន្ទី​មួយ​កន្លែង ។ ទោះ​ជា​បែបណា ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ​នៅ​ទី​តាំង​​ហាង​ផឹក​​ស៊ី​មួយកន្លែង​យីហោ​ «ម្លប់​ដូង​ ​»​​ដែល​ស្ថិត​នៅ​ខាង​ត្បូង​កីឡដ្ឋាន​ជិត​​វិមាន​សព​ក្នុងភូមិ​ទេស​អន្លង់ ​សង្កាត់​​បឹង​កន្សែង ​ក្រុង​បាន​លុង ​គឺជា​ទីតាំង​ជាប់​សង្ស័យ​ក្នុងសំណុំ​រឿង​សម្លាប់​អ្នក​កាសែត​នេះ ​។
​ក្រុម​​​​សមត្ថកិច្ច​​​ចម្រុះ​​ដឹក​នាំ​ដោយ​ព្រះ​រាជ ​អាជ្ញា​រង​ ​លោក​ជា សុភ័ក្ត្រ ​បាន​អនុវត្ត​ដីកា​ឆែក​ឆេរ​ ​មួយ​នៅ​ក្នុង​បរិវេណ​ហាងម្លប់់​ដូងនោះ ​។​ ​ការ​ឆែកឆេរ​បាន​ផ្តល់ជា​ពន្លឺ​សម្រាប់​ការ​ឈាន​នៅ វែក​មុខ​ក្រុមជន​ដៃដល់​ក្នុង​ឃាតកម្ម​ ​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនេះហើយ​​ ​។ ទាក់​ទិន​​​នឹង​ករណី​​ចុះ​ឆែក​ឆេរ​​លំនៅ​​​ឋាន​​​ជា​ទី​តាំង​​​​ហាង​ផឹក​ស៊ី ​​នេះ ​​​​ប្រភព​​​ព័ត៌​មាន​​បាន​ឱ្យ​​​​​​ដឹងថា នៅ​ពេល​​​សមត្ថកិច្ច​ចុះ​ទៅ​ដល់​​​គេ​សង្កេត​ឃើញ​​​សម្ភារ​​​របស់​របរ​​ និង​អីវ៉ាន់​​​មួយ​ចំនួន​ត្រូវ​បាន​​​​វេច​ខ្ចប់​​​ហាក់​ដូចជា​​ ​ត្រៀម​លក្ខណៈ​​ចាក​ចេញ​​ពី​​​ទី​នោះ​​​ ។ ​​​ក្រៅ​​​ពី​​​​របស់​របរ​​​​​​ត្រូវ​បាន​​​វេច​ខ្ចប់​​​ ​ក៏​គេ​ឃើញ​​​​​យុវជន​​​ជំទង់​អាយុ​​​​១៦​​ទៅ​១៧​ឆ្នាំ​​​២នាក់​​នៅ​ចាំ​​ ទីតាំង​នោះ ។ យុវ​ជន​​​ទាំង​​​២នាក់​នេះ​​បាន​ប្រាប់​ថា ​សមា​ជិក​​​នៅក្នុង​ហាង​​​​បាន​យក​​របស់​របរ​ផ្ទាល់​ខ្លួន​​​មួយ​ចំនួន​​​​ ចាក​ចេញ​​មុន​នេះ​​២ម៉ោង​​​ តាមរយៈ​​រថយន្ត​កាមរី​​បាឡែន​​​ ឯ​ពួក​ខ្លួន​​​​ត្រូវ​គេ​​​​ឱ្យ​មក​ចាំ​នៅ​​ព្រឹក​នេះ​ប៉ុណ្ណោះ ។
មន្ត្រី​​ប៉ូលិស​​​ឱ្យដឹងថា ​​​​​លំនៅ​​ឋាន​​និង​​ធ្វើ​ជា​​ហាង​​​ផឹក​ស៊ី​នេះ​ ​គឺ​​​​​​ម្ចាស់​​​​​បាន​ជួល​​​បន្ត​ឱ្យ​​​ឈ្មោះ​អា៊ន​ ប៊ុន​ហេង​ ហៅ​អេង ​​ជា​មន្ត្រី​​​​កង​រាជ​អាវុធ​​​ហត្ថ​​​ខេត្ត​ ។ មន្ត្រី​​សមត្ថកិច្ច​​​​ឱ្យ​ដឹង​ថា ឈ្មោះ​អេង ​ ​បាន​ជួល​​​ទីតាំង​​​​​នេះ​​​បើក​ហាង​​​​ និង​ផ្ទះ​​ស្នាក់​នៅ​​​​​​ ។ សមត្ថកិច្ច​​​​​​បាន​​ហៅ​ម្ចាស់​ហាង​​​នេះ​​គឺ​ប្រពន្ធ​​របស់​ឈ្មោះ​​​អេង ​​មក​ស្តាប់​​ដីកា​​​ឆែក​ឆេរ​​​លំនៅ​ឋាន​​ ហើយ​ក៏​​​​បាន​ធ្វើការ​​​ឆែក​​ឆេរ​រក​វត្ថុ​​​តាង​​ ប៉ុន្តែ​​ពុំ​ឃើញ​អ្វី​​​​ក្រៅ​របស់​របរ​​​​​មួយ​ចំនួន​ដែល​​ត្រូវ​​​​វេច​​ ខ្ចប់​​​រួច​​​នោះ​ទេ​ តែ​​បាន​ឃើញ​កម្រាល​​​ពួក​​​មួយ​ផ្ទាំង​​​​ត្រាំ​ទឹក​​​ចាន​ដែក​​​មាន​ធុំ​ ក្លិន​​​ស្អុយ​​អសោចគួរ​ឱ្យ​ចាប់​អារម្មណ៍​​ ប៉ុន្តែ​​​ពុំ​មាន​​ស្នាម​ប្រឡាក់​​ឈាម​​​នោះ​ទេ ហើយ​សមត្ថកិច្ច​​​ក៏​មិន​​អាច​ដាក់​ការ​​សង្ស័យ​បាន​​ ព្រោះ​រយៈ​ពេល​​​ច្រើន​ថ្ងៃ​មក​ហើយ​​​ ​ដែល​​អ្វី​​នៅក្នុង​ផ្ទះ​​​​​ និង​នៅ​ជុំ​វិញផ្ទះ​​​​ត្រូវ​បាន​​​រៀប​រយ​ ។ ម្យ៉ាង​​វិញ​ទៀត​​​​ ប៉ុន្មាន​​​ថ្ងៃនោះ​មេឃ​ភ្លៀង​​ជោក​ជាំ​​ខ្លាំង​​​ស្ទើរ​រាល់​ថ្ងៃ​​​ ធ្វើឱ្យ​រលុ​បស្លាក​ស្នាម​​​ផង​ដែរ​ ។
​ប៉ុន្តែ​ទោះ​ជាយ៉ាងនេះ​ក្តី​​ សមត្ថកិច្ច​​បាន​បង្ហើប​ថា​​ ថ្វី​បើ​រុក​រក​មិន​ឃើញ​​ តែ​សមត្ថកិច្ច​បាន​​រក​ឃើញ​ស្បែក​​​ជើង​មួយ​គូ​ជា​របស់​ជន​រងគ្រោះ​នៅក្រៅ​ របងផ្ទះ​ ​កាលពី​ថ្ងៃទី​១២ កញ្ញា ​​មុន​ពេល​ចុះ​មក​ឆែក​​ឆេរ​ ​ដែល​នោះ​ជា​ពន្លឺ​រួច​ទៅ​ហើយ ​និង​​រក​ឃើញ​កូន​កាំបិត​ប្រឡាក់​ឈាម​មួយ​ផង​ដែរ ក្នុង​​ថ្ងៃ​​ឆែក​ឆេរ​នោះ ​៕

Comments system

Disqus Shortname