Thursday, September 13, 2012

សាក្សី១០ នាក់ បន្ថែមទៀត បានបំភ្លឺ​​ ចំពោះសំណុំរឿង លោក ម៉ម សូណង់ដូ


ភ្នំពេញៈ គិតត្រឹមម៉ោង៤ និង៣០ នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ នេះ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការសាកសួរបន្ថែម ចំពោះសាក្សីចំនួន១០ នាក់ ពាក់ព័ន្ធនិងសំណុំរឿង របស់លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយក វិទ្យុសំបុកឃ្មុំ។
ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សាក្សីដែលត្រូវបំភ្លឺ នៅក្នុងអង្គសវនាការនោះ រួមមានសាក្សីខាងលោក ម៉ម សូណង់ដូ និងសាក្សីរបស់ ជនរងគ្រោះ ដែលរួមមានមេភូមិ មេឃុំ និងជំទប់ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពបានបន្តទៀតថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរសាក្សីចំនួន១២ នាក់ ហើយថ្ងៃនេះ បានចំនួន១០ នាក់ទៀត សរុបទៅ សាក្សីនៅក្នុងរឿងនេះមានចំនួន២២ នាក់ ។
លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនរយៈពេល ៣ថ្ងៃ ក្រោយពីរូបលោក ត្រឡប់មក ប្រទេស កម្ពុជា ដែលការចាប់ខ្លួននេះ ត្រូវបានសាលាដំបូង ខេត្ត ក្រចេះ ចោទប្រកាន់ក្នុងបទ ល្មើសធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការ សាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែក ខុសច្បាប់ នៅក្នុងការ បំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំង នឹងអាជ្ញាធរ ស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រម ព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់ អប្បគមន៍ ស្ថិតនៅភូមិប្រម៉ាឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បាន សុំផ្ទេរសំណុំរឿង មកឲ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ ៕

Comments system

Disqus Shortname