ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ លោក សរ ចំរុង អភិបាល និងជាប្រធានគណៈកម្មការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខេត្តក្រចេះ បានអញ្ជើញចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ចំនួន១.៥០០នាក់ នៅបរិវេណសាលាបឋមសិក្សាក្រគរ ។
លោកវរសេនីយ៍ឯក ច្រឹង ផល្លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលស្ថិតិ និងអគ្គីភ័យខេត្តក្រចេះ បានឲ្យដឹងថា ដោយមានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគបាលជាតិ និងមានការដឹកនាំដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត បានដាក់ឲ្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០០ ជាបន្តរបន្ទាប់ ។ លោកបានបន្តថា នៅក្នុងខេត្តក្រចេះ រួមមានក្រុង/ស្រុកចំនួន០៦ សង្កាត់៥ និង៤១ឃុំ មានភូមិ២៥០ មានប្រជាពលរដ្ឋចំនួន៦៤.៣៤៣គ្រួសារ មានមនុស្សចំនួន៣១៦.៦០៣នាក់ ស្រី១៥៨.៩៤៨នាក់ ។
លោកស្នងការរងបានឲ្យដឹងទៀតថា យោងអនុក្រិត្យលេខ ៦០ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល បានសម្រេចផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ទាំងពីរភេទ ចាប់ពីអាយុ១៥ឆ្នាំឡើង ។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តបានចាប់ដំណើរការផ្តល់ជូនអ្នកដែល មានអាយុគ្រប់ ១៥ឆ្នាំឡើង ហើយបានធ្វើការបោះពុម្ពសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រភេទរឹង គំរូចាស់) បញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ។
លោកវរសេនីយ៍ឯក ច្រឹង ផល្លី បានឲ្យដឹងបន្តទៀតថា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានដំណើរការផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ជូនអ្នកដែលមានអាយុគ្រប់១៥ឆ្នាំឡើង ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ រហូតមកដល់ពេលនេះ ។ តួលេខគ្រប់គ្រងសរុប មានចំនួន៣១.៤៨៦នាក់ ស្រី១៤.៧៧៥នាក់ តួលេខគ្រប់គ្រងនៅសល់បន្តផ្តល់មានចំនួន១៩.១៨៣នាក់ ស្រី៨.៧១៣នាក់ និងបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ដែលបានបោះពុម្ពរួចពីនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែនសរុបរួមមានចំនួន ១.៥០០សន្លឹក (របស់ក្រុងក្រចេះ) ក្នុងនោះប្រុសមានចំនួន១០០នាក់ ស្រីចំនួន៧២៩នាក់ ។
លោកបានបញ្ជាក់បន្ថែមទៀតថា ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីនេះ ជាច្រើនលើកកន្លងមកហើយ ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(គំរូចាស់) តែក្នុងពិធីចែកនាពេលនោះ ជាលើកទី១នៅក្នុងឆ្នាំ២០១២នេះ ដែលសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ត្រូវបានរាជរដ្ឋាភិបាលដែលបានយកចិត្តទុក្ខដាក់ កែលំអរឲ្យមានគុណភាពកាន់តែប្រសើរឡើង ។
លោកស្នងការរងបញ្ជាក់ថា ក្នុងករណីដែលបងប្អូនធ្វើឲ្យបាត់បង់នូវសន្លឹក អត្តសញ្ញាណប័ណ្ណនេះ នៅប្រការណាមួយ ហើយត្រូវសុំឲ្យផលិតឡើងវិញ គឺតាមប្រការលេខ.២០៨៧ ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ របស់អន្តរក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តម្រូវឲ្យបងប្អូនបង់ថ្លៃអាករចំនួន ១០.០០០រៀល ទើបផលិតជូនវិញ ។
ក្នុងឱកាសនោះលោក សរ ចំរុង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា នៅពេលកូនកើតមកត្រូវទៅធ្វើសំបុត្រកំណើត ពេលគ្រប់អាយុបោះឆ្នោត ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីបានបោះឆ្នោត និងសម្រាប់ដាក់តាមខ្លួន ដែលបញ្ជាក់បានពីទីកន្លែងភូមិឃុំកំណើត ដែលខ្លួនបានរស់នៅសព្វថ្ងៃ និងងាយស្រួលពេលដែលមានបញ្ហាអ្វីមួយកើតឡើង ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
ជាមួយគ្នានេះដែរលោកក៏បានក្រើនរំលឹកដល់យុវជន យុវនារី ត្រូវធ្វើការផ្ទៀងផ្ទាត់ ពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលមិនទាន់បានបោះឆ្នោត ៕