Tuesday, September 25, 2012

លោកស្រី​អង់សាន​ស៊ូជី​ជំរុញ​ឲ្យ​ស.រ.អា.​លុបចោល​ទណ្ឌកម្ម​ចំពោះ​ភូមា

វ៉ាស៊ីនតោន៖ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ និង​ជា​មេដឹកនាំ​ក្រុម​ជំទាស់​ក្នុង​ប្រទេស​ភូមា​ (មីយ៉ាន់ម៉ា) គឺ​លោកស្រី​ អង់សាន ស៊ូជី​ (Aung San Suu Kyi) ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​អ្នកស្រី​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​អំពី​ការ​លុបចោល​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​របស់​អ្នកស្រី​ តែ​ថ្លែង​ថា​ ទំនាក់ទំនង​ប្រទេស​ភូមា​និង​ស.រ.អា.​គួរ​ផ្អែក​លើ​ការ​ទទួល​ខុស​ត្រូវ។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ភូមា​មិន​ចាំបាច់​ប្រកាន់​ជាប់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មិន​ចាំបាច់​ នោះ​ទេ​ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ភូមា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា​របស់​ខ្លួន​ ហើយ​មិន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​អ្នក​ខាង​ក្រៅ​ខ្លាំង​ពេក​ទេ»។

លោក ស្រី ស៊ូជី​ ថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​វីអូអេ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​វីអូអេ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ពេល​លោកស្រី​បំពេញ​ទស្សនកិច្ច​ជាង​២​សប្តាហ៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​កំពុង​ពិចារណា​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទណ្ឌកម្ម​នានា​លើ​ប្រទេស​ភូមា​ប្រសិន​បើ​ស.រ.អា.​មើល​ ឃើញ​ថា​ភូមា​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដែល​ជាប់​ប្រវត្តិ​ដ៏​អាក្រក់​នោះ។

លោកស្រី​ អង់សាន​ស៊ូជី​ ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ដើម​ ទសវត្សរ៍ ​១៩៩០​នោះ​ ត្រូវ​រដ្ឋាភិបាល​យោធា​ភូមា​មិន​ផ្តល់​អំណាច​ឲ្យ​លោកស្រី​  ហើយ​បាន​ចាប់​លោក​ស្រី​ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល​២០​ឆ្នាំ។​ លោកស្រី ស៊ូជី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១០។​ លោក​ស្រី​ បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណតិ​ថ្មីៗ​នេះ។ ​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោកស្រី​ បាន​អះអាង​ថា​ រដ្ឋាភិបាល​ភូមា​របស់​លោក​ ប្រធានាធិបតី​ ថេន សេន​ (Thein Sein) កំពុង​កែ​ទម្រង់​ប្រទេស​ភូមា​ហើយ។ លោកស្រី​បាន​ថ្លែង​សំដៅ​ទៅ​លើ​កំណែទម្រង់​ប្រជាធិបតេយ្យ ​និង​ការ​អនុវត្ត​ ច្បាប់​ ព្រម​ទាំង​ការ​ដោះលែង​អ្នក​ទោស​ជាង​៥០០​នាក់​ និង​អ្នក​នយោបាយ​ នៅ​ថ្ងៃ​ច័ន្ទ​ និង​ការ​ដោះលែង​ជា​បន្តបន្ទាប់​ជាដើម។

លោកស្រី ​អង់សាន ស៊ូជី​ នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​បាន​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ ការបរទេស​ ហ៊ីឡារី គ្លីនតុន​ ហើយ​គ្រោង​នឹង​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ស.រ.អា.​ និង​សហគមន៍​ជនជាតិ​ភូមា​តាម​បណ្តារដ្ឋ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាង​២​សប្តាហ៍​នៅ​ស.រ.អា. ​ចាប់​ផ្តើម​ពី​សប្តាហ៍​នេះ។​ ពានរង្វាន់​កិត្តិយស​កំពូលៗ​ជា​ច្រើន​ត្រូវ​គេ​គ្រោង​នឹង​ផ្តល់​ជូន​លោកស្រី។​ ក្នុង​នោះ​មាន​រង្វាន់​មេដាយ​មាស​នៃ​សភា​ស.រ.អា.​ផង​ដែរ។ 

ក្នុង​បទសម្ភាសន៍​ដដែល​ជាមួយ​វីអូអេ​ លោកស្រី​អង់សាន​ ស៊ូជី​ បាន​អះអាង​ថា​ប្រទេស​ភូមា​ត្រូវការ​ជំនួយ​ជា​ច្រើន​សម្រាប់​វិស័យ​អប់រំ​និង​សុខាភិបាល​ផង​ដែរ៕

តើ​ប្រិយមិត្ត​គិត​ថា​ស្ថានភាព​កាន់​តែ​បើក​ចំហ​នៅ​ក្នុង​ប្រទេស​ភូមា​នឹង​នាំ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដែរ​ឬទេ?(voa)

Comments system

Disqus Shortname