ភ្នំពេញៈ ក្រោយការទទូចសុំទៅសម្តែងច្រៀងនៅសហរដ្ឋអាមេរិករបស់ពិធីករ សម្បូរវោហារលោក អ៊ឹង រដ្ឋា ហៅ ទុយ ដើម្បីជាឱកាសស្វែងរកប្រាក់ដើម្បីជួយម្តាយកំពុងមានជំងឺធ្ងន់ធ្ងរសម្រាកលើកន្ទេលបានសម្រេចដូចបំណង លោក អ៊ឹង រដ្ឋា នៅពេលនេះក៏កំពុងសស្រោកសស្រាំកើបប្រាក់នៅអាមេរិកដែរ ខណៈពេលដែលបងប្អូនខ្មែរនៅអាមេរិកមានសទ្ធាជួយលោកជាហូរហែនោះ។
ម្តាយ នាយទុយមានឈ្មោះថា នៅ សុភី អាយុ៥២ឆ្នាំ មានកូនប្រុសស្រី៣នាក់។ អ្នកស្រី នៅ សុភី ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពេលដែលលោក អ៊ឹង រដ្ឋា បញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនសេដ្ឋិនីស្រុកខ្មែរ ម្នាក់។ នាយទុយ បានសម្តែងការសោកស្តាយនឹងទង្វើរបស់ខ្លួនកន្លងមក ហើយបានប្រកាសសុំការជួយយកអាសាគ្រប់ទិសទីដើម្បីជួយម្តាយខ្លួន។ ក្នុងនោះរួមទាំងការប្រកាសអង្វរស្ថានទូតអាមេរិកនៅកម្ពុជាដើម្បី សុំទៅសម្តែងនៅអាមេរិករកប្រាក់ផងដែរ។
ដូចបំណងនាយ ទុយ ក៏បានទទួលការអនុញ្ញាតឲ្យចេញទៅសម្តែងច្រៀងនៅសហរដ្ឋអាមេរិករយៈ ពេល២ខែកន្លះកាលពីរាត្រីថ្ងៃទី២៧ ខែសីហា ជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា តារាចម្រៀង ស៊ឹម ថៃណា ហើយពួកគេទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរនៅទីនោះ ពិសេសដំណឹងនៃម្តាយនាយទុយ មានជំងឺជាទម្ងន់ក៏ត្រូវបានអ្នករស់នៅទីនោះដឹងឮរួចជាស្រេចទៅ ហើយ។ ដូច្នេះនាយទុយក៏បានទទួលការឧបត្ថម្ភជាប្រាក់កាស និងឈឺឆ្អាលយ៉ាងច្រើនពីបងប្អូនខ្មែរនៅទីនោះដែរ។
ពិធីករ ធ្លាប់ជំពប់ស្នេហ៍នឹងកូនអ្នកមានទាំងលុយ និងអំណាចរូបនេះ បានឲ្យដឹងតាមប្រព័ន្ធហ្វេសប៊ុករបស់លោកថា លោកបានទទួលការជួយយកចិត្តទុកយ៉ាងខ្លាំង ហើយមានបងប្អូនខ្មែរជាច្រើនបានជួយរួមចំណែកសង្គ្រោះម្តាយរបស់ លោកជាថវិកា និងទឹកចិត្ត ហើយលោកក៏សុំយកឱកាសនេះអរគុណដល់បងប្អូនគ្រប់គ្នាផង។
នាយ ទុយនិយាយ៖«ទាំងនេះកើតពីទឹកចិត្តបងប្អូនខ្មែរដែលរស់នៅអាមេរិកមានសមានចិត្តអាណិតម្តាយខ្ញុំ និងអនុញ្ញាតខ្ញុំបានទៅសម្តែងនៅទីនោះ ដើម្បីរកថវិកាមកបន្តជួយសង្គ្រោះម្តាយខ្ញុំ និងសូមអរគុណ ពិសេសក្រុមហ៊ុនឥន្ទ្រីមាស និងបងប្អូនដែលមានសមានចិត្តស្រឡាញ់រាប់អាន ពិសេសមានក្តីអាណិតមកម៉ែខ្ញុំ ដើម្បីបន្តជួយខ្ញុំមានលទ្ធភាពព្យាបាល និងសង្គ្រោះជីវិតម្តាយកម្សត់របស់ខ្ញុំ ហើយអរគុណដល់សប្បុរសជនជួយជាថវិកាមកខ្ញុំកន្លងមកទាំងក្នុង និងក្រៅប្រទេស»។
ក្រៅពីនោះនាយទុយក៏បាននិយាយផងដែរថា៖«ក្នុង នោះអរគុណកន្លែងធ្វើការខ្ញុំ គឺ CTN និង Rock ហើយអ្នកដែលបានរួមគ្នាផ្តល់កម្លាំងចិត្តមកឲ្យខ្ញុំ គឺមិត្តទាំងអស់នៅទីនេះ Facebook ពួកមិត្តតែងតែនៅជាមួយខ្ញុំរហូត»៕