Thursday, August 8, 2013

ចម ប្រសិទ្ធ ៖ សេដ្ឋកិច្ចកម្ពុជា អាចកើន ៧,៦% បើគ្មាន ការរំជើបរំជួល ក្រោយការ បោះឆ្នោត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅថ្ងៃទី៨ ខែសីហា នេះថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងចំនួន ៧,៦ភាគរយនៅ ឆ្នាំ២០១៣ ប្រសិនបើគ្មានបញ្ហាកើនឡើង នៅក្រោយការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៥ នេះ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៣ ក្នុងពិព័រណ៍ឧស្សាហកម្ម គ្រឿងយន្តកម្ពុជា-អន្តរជាតិ និង ពិព័រណ៍ ឧស្សាហ កម្មកាត់ដេរ និងវាយនភណ្ឌ កម្ពុជា-អន្តរជាតិ នាមជ្ឈមណ្ឌលកោះពេជ្រ ថា «សេដ្ឋកិច្ចកម្ពុជា កំពុង បន្តទទួលបាន នូវកំណើនដ៏ខ្ពស់ ក្នុងឆ្នាំ២០១២ គឺ ៧.៦ភាគរយ និងត្រូវ បានគេរំពឹងថា នឹងកើន ឡើងចំនួន ប្រហាក់ប្រហែលនៅឆ្នាំ២០១៣នេះ បើសិនគ្មានការរំជើបរំជួល ក្រោយការបោះឆ្នោត»។
លោកបានមានប្រសាសន៍បន្តថា ការកើន ឡើងនេះ មិនមែនគ្រាន់តែជាលទ្ធផល នៃការកើនឡើង នូវតម្រូវការ របស់បរទេសប៉ុណ្ណោះទេ តែវា ក៏ជាការបង្ហាញឲ្យឃើញ ពីសក្តានុពលដ៏ធំធេង និង ឱកាសធុរកិច្ច ដ៏សម្បូរបែប នៅកម្ពុជាផងដែរ។
លោក បានបន្ថែមទៀតថា ការវិនិយោគដោយផ្ទាល់ ពីបរទេស មកកម្ពុជា កើនឡើង៧០ភាគរយ នៅឆ្នាំ ២០១២ ដែលមានទឹកប្រាក់ប្រមាណជា ១,៥កោដិដុល្លារអាមេរិក ហើយបានបង្កើតការងារ យ៉ាង សន្ធឹកសន្ធាប់ឲ្យយុវជនខ្មែរ ហើយការធ្វើវិសោធន៍កម្ម លើសកម្មភាពសេដ្ឋកិច្ច និងជំរុញការ នាំចេញ ដើម្បីសម្រេចឲ្យបាន នូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់មួយ ប្រកបដោយចីរភាព និងផលិតផល ដែលមាន តម្លៃបន្ថែម។
លោក បានបន្ថែមទៀតថា «នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ វិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសវិស័យឧស្សាហ៍កម្ម ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនសំខាន់ ហើយ សហគ្រាសមធ្យម និងធុនតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារសមធម៌ និង ប្រសិទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ ពីសក្តានុពលនានា ដែលកម្ពុជាកំពុងបានឆ្ពោះ ទៅរក ការធ្វើពាណិជ្ជកម្មសេរី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ, កសិកម្ម, ក្រណាត់ និងផលិតផលបន្ទាប់បន្សំ, ប្លាស្ទីក និងកៅស៊ូ, កញ្ចប់វេចខ្ចប់ និងការបោះពុម្ព, ការកែច្នៃម្ហូបអាហារ, គ្រឿងស្វ័យប្រវត្តិ និងការងារលោហៈ, ឧបករណ៍ និងគ្រឿងរឹង, គ្រឿងបន្លាស់ និងឧបសាធនគ្រឿង យន្ត៕(DAPNEWS)

Comments system

Disqus Shortname