ភ្នំពេញៈ ក្រុមហ៊ុនប្រេង និង ឧស្ម័ន PTT របស់ថៃនឹងបង្កើនចំនួនស្ថានីយប្រេងទ្វេដងនៅកម្ពុជាត្រឹមចុង ឆ្នាំ ២០១៧។
លោក ប៊ិន ម៉ៃមាលា អ្នកគ្រប់គ្រង PTT នៅកម្ពុជានិយាយថា ពេលនេះមានក្រុមហ៊ុនលក់រាយប្រេង PTT ចំនួន ១៥ កន្លែងនៅកម្ពុជារួមទាំងស្ថានីយថ្មីនឹងបើកដំណើរការ នៅខែសីហានេះ ហើយស្ថានីយប្លាទីនីមដែលបម្រើសេវាច្រើនប្រភេទគ្រោងនឹងបើក ដំណើរការនៅខែតុលា។
លោកបន្ថែមថា៖ «នេះគឺស្ថិតក្នុងរង្វង់ផែនការរយៈពេល ៥ ឆ្នាំក្នុងការពង្រីកបណ្ដាញលក់រាយកាន់តែច្រើន និងផ្ដល់ស្ថានីយប្រេងកម្រិតស្ដង់ដារខ្ពស់បំផុត ដែលមានលំដាប់ពីប្លាទីនីម ស្ដង់ដារ និងក្រោមស្ដង់ដារ»។
ស្ថានីយប្លាទីនីម អាចមានកាហ្វេ មានសេវាហិរញ្ញវត្ថុក្នុងស្រុក និងមានហាងលក់ម្ហូបអាហារ ភេសជ្ជៈបន្ថែម ជាមួយនឹងប្រេង និងសេវារបស់ក្រុមហ៊ុនលក់រាយប្រកបដោយគុណភាព។
លោក AuttapolRerkpiboon អនុប្រធានប្រតិបត្តិជាន់ខ្ពស់បានឲ្យដឹងថា ទិសដៅរបស់ PTT គឺធ្វើជាយីហោដ៏ល្បីនៅក្នុងតំបន់នៅអាស៊ីដោយមិនរាប់បញ្ចូល ការគ្របដណ្ដប់លើទីផ្សារនៅកម្ពុជានោះទេ។ លោកបានបន្តថា៖ «យើងចង់ធ្វើជាយីហោមួយក្នុងចំណោមយីហោល្បីៗជាច្រើន។ ប៉ុន្តែយើងមានបំណងតែមួយគត់គឺស្ថិតក្នុងចំណោមអ្នកដឹកនាំ កំពូលៗនៅក្នុងប្រទេសនីមួយៗ ដែលធ្វើឲ្យក្រុមហ៊ុនប្រេងក្នុងប្រទេសនីមួយៗដឹកនាំទីផ្សារនេះ»។
លោកបានលើកឡើងថា PTT គ្រោងនឹងចំណាយទឹកប្រាក់ជាង ៧៧ លានដុល្លារចន្លោះឆ្នាំ២០១៣ និងឆ្នាំ ២០១៧ ដើម្បីពង្រីកក្រុមហ៊ុនលក់រាយរបស់ខ្លួននៅតំបន់ អាស៊ាន។ ថវិកាថ្មីនេះមានចំនួន ២៤ លានដុល្លារច្រើនជាងថវិកាពីមុនចំនួន ៥៣លានដុល្លារដែលបានគ្រោងសម្រាប់ឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៦។
លោកបញ្ជាក់ថា៖ «យើងឃើញឱកាសនៅក្នុង សេដ្ឋកិច្ច និងទីផ្សារកម្ពុជាដែលខ្លួនអាចវិនិយោគនៅពេលបច្ចុប្បន្នបាន។ យើងចង់ធ្វើឲ្យរួចរាល់ផងដែរ ហើយត្រៀមខ្លួនឲ្យបានល្អសម្រាប់កំណើនអនាគតតាមរយៈសហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC)»។
លោកបានបន្ថែមថា ទឹកដីភ្ជាប់គ្នារវាងប្រទេសទាំងនេះនឹងដើរតួនាទីដ៏សំខាន់ខណៈ ពាណិជ្ជកម្មក្នុងតំបន់មានការកើនឡើងតាមការចាប់ផ្តើម AEC។
ក្រុមហ៊ុនរដ្ឋថៃមួយនេះមានបំណងបង្កើតស្ថានីយប្រេង ៣០០ កន្លែងនៅតាមបណ្ដាប្រទេសជិតខាងត្រឹមឆ្នាំ ២០១៧ ធៀបនឹង ១៥៥ កន្លែងនៃផែនការលើកមុនដែលបានកំណត់ត្រឹមឆ្នាំ ២០១៦ ។ បច្ចុប្បន្ន មានម៉ាស៊ីនបូមប្រេងចំនួន ៨៨ គ្រឿងទូទាំងតំបន់អាស៊ានដែលមិនរាប់បញ្ចូលប្រទេសថៃខ្លួនឯង។
ត្រឹមឆ្នាំ២០១៥ PTT ចង់បង្កើតស្ថានីយប្រេងចំនួន ៤០ នៅប្រទេសឡាវ ដោយកើនឡើងពីចំនួន ២០ កន្លែង ចំនួន១៨ កន្លែងនៅប្រទេសមីយ៉ាន់ម៉ា និង ១០៨ កន្លែងនៅហ្វីលីពីនកើនឡើង ៥៤។
ចំណូលប្រេងលក់រាយបានពីសាខាក្រៅប្រទេសកាលពីឆ្នាំ២០១២ បានកើនឡើង ១៧ ភាគរយធៀបនឹង ១,៥ លានដុល្លារកាលពីឆ្នាំ ២០១១។ ទំហំនៃការលក់ប្រេងសរុប ១,៩ពាន់លានលីត្រ កើនឡើង ៣១ ភាគរយធៀបនឹង ១,៤៤ ពាន់លានលីត្រកាលពីឆ្នាំមុន។
PTT រំពឹងថាប្រាក់ចំណូលពីការលក់រាយបានពីសាខាក្រៅប្រទេសកើនឡើង ២៨ ភាគរយ រហូតដល់ ២,៣ លានដុល្លារនៅឆ្នាំ ២០១៧ កើនពី ១,៨ លានដុល្លារកាលពីឆ្នាំមុន៕PB(POSTKHMER)