Saturday, August 24, 2013

អ្នក​ក្រុងនិង​អ្នកទេសចរ​មិនហ៊ាន​ដើរកាត់​សួនច្បារ​ផ្សារ​ចាស់​ពេល​យប់

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​ដើរ​កម្សាន្ត​ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិ​ភាព​របស់​ពួក​គេ​ក្នុង​ ការ​ដើរ​កម្សាន្ត​នៅ​ផ្សារ​រា​ត្រី​នា​ពេល​យប់​ ជា​ពិសេស​នៅ​ពេល​ដើរ​ឆ្លង​កាត់​សួន​ច្បារ​ផ្សារ​ចាស់​ម្តង​ៗ​ ពី​ព្រោះ​​នៅ​ទីនោះ​ក្រុម​ស្ទាវ​ហិត​កាវ​តែ​ង​នាំ​គ្នា​ឡោម​ព័ទ្ធ​ ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ។
ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​លិច​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​៥​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា​ ចាប់​ពី​ម៉ោង​៧​យប់​រហូត​ដល់​វេលា​ទៀប​​ភ្លឺ​ តែង​តែ​មាន​ក្រុម​ស្ទាវ​ដែល​មាន​អាយុ​ចាប់​ពី​ជាង​១០​ឆ្នាំ​ឡើង​ទៅ​បាន​​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ មាន​ប្រុស​មាន​ស្រី​ប្រហែល​ជិត​២០​នាក់​ ពពាក់​ពពូន​នាំ​គ្នា​ឈរ​ហិត​កាវ​យា៉ង​អនា​ធិប​តេយ្យ​ ហើយ​អ្នក​ខ្លះ​នាំ​គ្នា​អង្គុយ​ផឹក​ស្រា​ស្រែក​ឡូ​ឡា​ហាក់​ដូច​ជា​មិន​ញញើត​ សមត្ថ​កិច្ច​មូល​ដ្ឋាន​ឡើយ​ ។ ក្រុម​ស្ទាវ​ទាំង​នោះ​បាន​កើត​មាន​ឡើង​តាំង​ពី​មុន​បោះ​ឆ្នោត​មក​ម៉្លេះ​ ប៉ុន្តែ​មិន​ឃើញ​អាជ្ញា​ធរ​មក​លុប​បំបាត់​ទេ​ ចេះ​តែ​បណ្តែត​បណ្តោយ​រហូត​មក​ ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ស្ត្រី​ចាស់​ៗ​នាំ​គ្នា​ដេក​​ក្រោម​ដើម​ត្របែក​ព្រៃ​ នៅ​ពេល​ថ្ងៃ​រហូ​ត​ដល់​យប់​ទៀត​​ផង​ ជា​ទី​តាំង​អាក្រក់​មើល​បំផុត​ និង​គួរ​ឱ្យ​ខ្លាច​ ។ ម្ចាស់​ហាង​កាហ្វេ​ដដែល​នោះ​បន្ត​ថា​ នៅ​ពេល​យប់​ពួក​គេ​បាន​ចែក​ផ្លូ​វ​គ្នា​ដើរ​រក​ស៊ី​រៀង​ៗ​ខ្លួន​ ខ្លះ​ឈរ​នៅ​តាម​មាត់​ទន្លេ​ ហើយ​ខ្លះ​ទៀត​ឈរ​នៅ​លើ​សួន​ច្បារ​ផ្សារ​​ចាស់​ រង់​ចាំ​ឱ្យ​តែ​មាន​ជន​បរទេស​ក៏​ដូច​ជា​អ្នក​ដើរ​កម្សាន្ត​នា​ពេល​យប់​ដើរ​ ឆ្លង​កាត់​ទី​នោះ​​ ក្រុម​ស្ទាវ​ទាំង​នោះ​នឹង​ប្រើ​ល្បិច​សុំ​លុយ​ឬ​ដើរ​តាម​ធ្វើ​ជា​សុំ​បារី​ ។ ឆ្លៀត​ឱកាស​នោះ​ពួក​គេ​ក៏​យក​​កាំ​បិត​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ ទូរ​ស័ព្ទ​ដៃ​ និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល​អាច​លក់​​យក​លុយ​បាន​ ។
ក្រុម​ស្ទាវ​ហិត​កាវ​ទាំង​នោះ​តែង​តែ​ធ្វើ​សកម្ម​ភាព​ នៅ​ពេល​យប់​ ចាប់​ពី​ម៉ោង​១១​យប់​ឡើង​ទៅ​ ។ ជាក់​ស្តែង​ កាល​ពី​យប់​ថ្ងៃ​ទី​១០​ សីហា​ កន្លង​មក​នេះ​ ជន​បរ​ទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​ស្ទាវ​មាន​គ្នា​៥​នាក់​ បាន​ចោម​រោម​ពី​មុខ​ពី​ក្រោយ​គំរាម​ប្លន់​យក​កាបូប​ស្ពាយ​ និង​ទូរ​ស័ព្ទ​ ។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​ ជន​បរ​ទេស​ទាំង​ពីរ​នោះ​ក៏​បាន​នាំ​គ្នា​រត់​ឆ្ពោះ​ទៅ​ផ្សារ​រា​ត្រី​ តែ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​នោះ​ទេ​ ។ ម្ចាស់​ហាង​កា​ហ្វេ​ដដែល​បាន​បញ្ជាក់​ថា​ ទាំង​អ្នក​រក​ស៊ី​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​នៅ​ខាង​លិច​ផ្សារ​ចាស់​ឱ្យ​តែ​ យប់​ជ្រៅ​បន្តិច​ មិន​ហា៊ន​ដើរ​កាត់​លើ​សួន​ច្បារ​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​នេះ​ ទេ​ ពី​ព្រោះ​ខ្លាច​ក្រុម​ស្ទាវ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ។ ក្នុង​មួយ​ខែ​ៗ​យា៉ង​តិច​ណាស់​ក៏​កើត​អំពើ​ប្លន់​នៅ​ចំណុច​ខាង​លើ​មិន​ក្រោម ​ពី​១០​លើក​ទេ​ ហើយ​កម្រ​ឃើញ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​អន្តរា​គមន៍​​​ទាន់​ពេល​វេលា​ណាស់​ មិន​ដឹង​ទៅ​ណា​អស់​ ។​
លោក​ ណាង​ ហេង​ មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​បាន​និយាយ​ថា​ តាម​លោក​សង្កេត​ឃើញ​មាន​ក្មេង​អនា​ថា​ ក្មេង​សុំ​ទាន​ ក្មេង​រើស​អេត​ចាយ​ និង​យុវ​ជន​ស្ទាវ​ប្រុស​ស្រី​បាន​នាំ​គ្នា​ហិត​កាវ​ ផឹក​ស្រា​រាល់​ថ្ងៃ​ ទាំង​ព្រឹក​ ទាំង​យប់​​ នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​តាម​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ គឺ​ហាក់​បី​ដូច​ជា​ទី​នោះ​ជា​មជ្ឈ​មណ្ឌល​ជក់​ថ្នាំ​ និង​ហិត​កាវ​ទៅ​ហើយ​ ។ នៅ​ពេល​យប់​ជន​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​​ប្លន់​ដោយ​មិន​រើស​មុខ​ ។ លោក​បន្ត​ថា​ នៅ​ពេល​យប់​មាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​ដើរ​ឆ្លង​កាត់​ទៅ​ផ្សារ​រាត្រី​ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​លើ​វិស័យ​ទេស​ចរណ៍​ទៀត​ផង​ ។ កន្លង​មក​អំពើ​ប្លន់​អ្នក​ដំណើរ​ដើ​រ​កម្សាន្ត​នៅ​មាត់​ទន្លេ​ផ្សា​រ​ចាស់​ ដោយ​ស្នាដៃ​ក្រុម​ស្ទាវ​ហិត​កាវ​វាយ​ប្លន់​កើត​មាន​ជា​រឿយ​ៗ​ មិន​ដែល​​ឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បង្ក្រាបបាន​ដោយ​ខ្លួន​ឯង​ណាស់​​ បើ​បង្ក្រាប​បាន​គឺ​ដោយ​សារ​អ្នក​រង​គ្រោះ​ដែល​ក្លា​ហាន​ចាប់​ឱ្យ​តែ​ ប៉ុណ្ណោះ​ ។ តើ​ឯ​ណា​ទៅ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​របស់​អាណា​ចក្រ​ខណ្ឌ​ដូន​ពេញ​ ?

ជាមួយ​នឹង​បញ្ហា​អស​កម្ម​នេះ​ ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជ​ការ​ដែល​មាន​លំ​នៅ​ឋាន​ក្បែរ​សួន​ ច្បារ​ខាង​លិច​ផ្សារ​ចាស់​សំណូម​ពរ​សុំ​ឱ្យ​លោក​​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ ​បាល​រាជ​ធានី​ភ្នំពេញ​មេ​ត្តា​ជួយ​ឆ្កឹះ​នាយ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ វត្ត​ភ្នំ​ និង​អាជ្ញា​ធរ​សង្កាត់​ឬ​ក៏​លោក​អធិ​ការ​ខណ្ឌ​ឱ្យ​លុប​បំបាត់​ភាព​អនា​ ធិបតេយ្យ​​នៅ​ចំណុច​​សួន​ច្បារ​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​នេះ​ផង​ ។ អ្នក​រស់​នៅ​ក្បែរ​នោះ​ឃើញ​ទិដ្ឋ​ភាព​អាក្រក់​នេះ​ មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ឱ្យ​តែ​ពេល​យប់​គឺ​នា​ំ​គ្នា​មិន​ហា៊ន​ចេញ​ពី​​ក្នុង​ផ្ទះ​ឡើយ​ ។ បើ​លោក​អធិការ​ខណ្ឌ​ដូន​ពេញ​មិន​ជឿ​ទេ​ យប់​ណា​មួយ​លោក​តឺ​នុយ​ហំ​បន្តិច​ ហើយ​ដើរ​ម្នាក់​ឯង​សាក​មើល​ បើ​មិន​រត់​បាត​ជើង​ស​ព្រាត​ទេ​ ហា៊ន​ភ្នាល់​ ៕(KOHSANTEPHEAP)

Comments system

Disqus Shortname