Thursday, August 8, 2013

សង្គម​ស៊ីវិល៖ ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ក្រោយ​បោះ​ឆ្នោត​ជា​ចេតនា​នយោបាយ

រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ក្នុង​ ក្របខ័ណ្ឌ​ថ្នាក់​ទាប ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹងន។ ការ​ប្រកាស​នេះ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា នេះ​ជា​ចេតនា​នយោបាយ​របស់​បក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​មន្ត្រី​រាជការ​កុំ​ឲ្យ​ចូល​បក្ស​សង្គ្រោះ​ជាតិ។ តែ​មន្ត្រី​រដ្ឋាភិបាល​ប្រកែក​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។


អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣ ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​សម្រេច​បង្កើន​ប្រាក់​ខែ​មូលដ្ឋាន ឬ​ប្រាក់​ខែ​គោល​កម្រិត​ទាប​បំផុត​របស់​មន្ត្រី​រាជការ​នៃ​ក្របខ័ណ្ឌ «ឃ» និង​ក្របខ័ណ្ឌ «គ» ចំនួន ៣​សែន ២​ម៉ឺន​រៀល (៣២០.០០០​រៀល) ក្នុង​មួយ​ខែ។
សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ជា​ចេតនា​បក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច ធ្វើ​ឡើង​ដើម្បី​យក​ប្រជាប្រិយភាព​ផ្នែក​នយោបាយ។
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជាទូទៅ​តែង​តែ​រិះគន់​រដ្ឋាភិបាល​នោះ បាន​ចោទ​សួរ​នៅ​ថ្ងៃ​ទី​៧ សីហា ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​ពេល ​ដែល​រដ្ឋាភិបាល​អាណត្តិ​ចាស់​ជិត​ចប់​ដូច្នេះ៖ «ការ​ដំឡើង​នេះ​មិន​មែន​ សុឆន្ទៈ​ចង់​ដោះស្រាយ​ជូន​មន្ត្រី​រាជការ​ក្រោម​ឱវាទ​របស់​ខ្លួន​ទេ គឺ​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង។ ពីព្រោះ​យើង​ដឹង​ហើយ​ថា គាត់​ចង់​ផ្កាប់​ចិត្ត​ចង់​យក​ចិត្ត​មន្ត្រី​រាជការ​នៅ​ក្រោម​ឱវាទ ដែល​ឃើញ​ស្ថានភាព​មនុស្ស​គគ្រឹក​គគ្រេង​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​ត្រូវ​បាត់​បង់​ការ​គាំទ្រ...»
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ប្រកាស​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​នេះ គឺ​មិន​មែន​ធ្វើ​ឡើង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​រដ្ឋាភិបាល​មាន​ផែន​ការ​យូរ​ហើយ ហើយ​នេះ គឺ​ជា​ការ​ដំឡើង​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​ធម្មតា ដែល​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ៖ «អា​ហ្នឹង យើង​មាន​ជា​គោលការណ៍​ប្រចាំ​ឆ្នាំ​ហើយ ថែម​ដាក់​រង្វាន់​ទៀត អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​ដែល​សង្គម​ស៊ីវិល​គ្រាន់​តែ​លោក​មើល​ឃើញ​រាជ​ រដ្ឋាភិបាល​ជ្រុង​ខ្មៅ​កខ្វក់ លោក​ចេះតែ​និយាយ…»
ជា​ទូទៅ ប្រាក់​ខែ​មន្ត្រី​រាជការ​សព្វថ្ងៃ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ​ក្នុង​កម្រិត​ពី ២០​ម៉ឺន ទៅ ៤០​ម៉ឺន ស្មើ​នឹង ៥០​ដុល្លារ ទៅ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​មិន​អាច​ឲ្យ​មន្ត្រី​រាជការ​រស់​ពឹង​លើ​ប្រាក់​ខែ​នេះ​តែ​មួយ​មុខ​បាន ហើយ​ត្រូវ​បង្ខំ​ចិត្ត​រក​កម្រៃ​ក្រៅ ហើយ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​មាន​អំពើ​ពុក​រលួយ​រាលដាល​នៅ​ក្នុង​សង្គម​ខ្មែរ​ ធ្ងន់ធ្ងរ​នា​បច្ចុប្បន្ន​នេះ៕(RFA)

Comments system

Disqus Shortname