Saturday, August 24, 2013

នគរបាល​មិន​ទាន់​វែក​មុខ​អ្នក​ប្រឌិត​​​សំឡេង​ខ្សែ​អាត់​លោក​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញៈ អ្នកនាំ​ពាក្យ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ម្សិលមិញ​ថា​ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប្រឌិត​កាត់​ តសំឡេងខ្សែអាត់​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ដែល​​ថ្លែង​ថា ចាញ់​ឆ្នោត​ ​នៅ​ឡើយ​ ​ដោយ​សារ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ។
លោក​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា ទោះបី​មានការ​អំពាវនាវ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឲ្យ​ចាត់វិធាន​ការ​វែក​មុខ​អ្នកប្រឌិត​ខ្សែ​អាត់​សំឡេ​ង​​ ក៏​នគរបាល​មិន​ទាន់​ចាប់​ផ្តើម​ធ្វើការ​ដែរ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​សាកសួរ​ទៅ​អ្នក​ជំនាញ​មានសមត្ថកិច្ច​ហើយ ពួកគេ​មិនទាន់​ដំណើរ​ការ​ទេ ហើយ​ក៏​មិនទាន់​មាន​បញ្ជា​ពីថ្នាក់លើ​ដែរ​​រឿងនេះ​ ទោះ​គណបក្ស​អំពាវនាវ​ក៏​ដោយ​»។ លោក​បន្ត​ថា ៖ «ណាមួយ មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​»។
ទោះយ៉ាងណា​លោក​ ជៀម យាប តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ដើមសប្តាហ៍​នេះ​ថា មេធាវី​បក្ស​នឹង​សិក្សា​ពី​ផ្លូវ​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឲ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​ប្រព្រឹត្ត​ការ​ កាត់តសំឡេង​នេះ​។
កាលពីថ្ងៃ​១៩ សីហា គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប្រតិកម្ម​អ្នក​កាត់​សម្លេង​លោក​ហ៊ុន សែន​ ដែល​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​អ្នក​បំពាន​ច្បាប់​។
សំឡេង​លោក​ហ៊ុន សែន​ត្រូវ​បាន​គេ​បង្ហោះ​ដាក់​បណ្តាញ​ហ្វេស​ប៊ុក កាលពី​ចុង​សប្តាហ៍​នេះ ហាក់ដូច​បង្ហាញ​ថា​ខ្លួន​ទទួល​ស្គាល់​ថា​គណបក្ស​ប្រជាជនកម្ពុជា​ចាញ់​ឆ្នោត ដែល​តាម​ពិត ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ប្រសាសន៍​ដែល​លោក​ហ៊ុន សែន រំលឹក​ពី​បន្ទូល​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ ដែលនិយាយ​ឲ្យ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត។
ជាក់ស្តែង​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​ឆ្នាំ​២០១៣នេះ បង្ហាញ​ថា បក្ស​ប្រជាជន​ទទួល​បាន​៦៨​អាសនៈ និង​បក្ស​សង្គ្រោះជាតិ​បាន​ ៥៥ អាសនៈ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជាប់គាំង​នយោបាយមិនទាន់​ដោះស្រាយ​ចប់នៅឡើយ ខណៈ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ស៊ើរើ​ភាព​មិន​ប្រក្រតី​ឡើង​វិញ។ តាម​ប្រតិទិន គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​​នឹង​ត្រូវ​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការនៅ​ ថ្ងៃទី​៨​កញ្ញា​ខាង​មុខ​នេះ​៕(POSTKHMER)

Comments system

Disqus Shortname