Tuesday, August 20, 2013

នគរបាល វរការពារ ព្រំដែនគោក ៦២១ វាយអ្នកយកព័ត៌មាន ដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី និងវាយកម្ទេច រថយន្ដ កាមេរ៉ា និងទូរស័ព្ទដៃ

-នគរបាលរូបនេះ ត្រូវគេដឹងថា ជា ឈ្មួញរកស៊ីឈើដ៏ល្បីម្នាក់
-មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថ្កោលទោស យ៉ាងខ្លាំងចំពោះអំពើហិង្សា នេះ
មណ្ឌលគីរី ៖ អ្នកយកព័ត៌មាន របស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្ដ មណ្ឌលគីរី លោក រឹម រ៉ា អាយុជាង ៣០ឆ្នាំ បានរងរបួសជាទម្ងន់ ខណៈដែលរថយន្ដ របស់លោក កាមេរ៉ាថតរូប ទូរស័ព្ទដៃ ព្រម ទាំងកាមេរ៉ា ១គ្រឿងទៀត របស់អ្នកយក ព័ត៌មាន ឱ្យស្ថានីយទូរទស្សន៍ និងវិទ្យុបាយ័ន ត្រូវបានវាយ និង បំផ្លាញទាំងស្រុង ពីសំណាក់មន្ដ្រីនគរបាលវរការពារព្រំដែន គោក លេខ ៦២១ ប្រចាំខេត្ដមណ្ឌលគីរី ឈ្មោះ ណាវ វិចិត្រ អាយុ៣៣ឆ្នាំ ។ ចំពោះ ការប្រើអំពើហិង្សា មកលើអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំខេត្ដមណ្ឌលគីរីខាងលើនេះបានធ្វើឡើង ក្នុងរូបភាពជាការគំរាមកំហែងថ្មីមួយ ទៀត ចំពោះអ្នកយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ ហើយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមធ្វើការថ្កោល ទោសយ៉ាងដាច់អហង្កា និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយរកយុត្ដិធម៌ជូនជនរងគ្រោះ និងមាន វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្ក ។
ហេតុការណ៍វាយនឹងបំពង់ទីប មកលើ ភ្នាក់ងារយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី លោក រឹម រ៉ា បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ៧និង១៥ នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅលើផ្លូវលំមួយ ខ្សែ ក្បែរផ្ទះជនបង្ក ណាវ វិចិត្រ ក្នុងភូមិអូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។ ចំពោះ ករណីប្រើអំពើហិង្សា លើអ្នកកាសែត ដែលកំពុងធ្វើដំណើរ ទៅ លើព័ត៌មាននោះ ត្រូវបានលោក រឹម រ៉ា និយាយថា មុនពេលកើតហេតុលោកបាន បើករថយន្ដរបស់ខ្លួនម៉ាក កាមរីហើម ពាក់ ស្លាកលេខភ្នំពេញ ២ហាស់ ៣២៦៦ ឆ្ពោះ ទៅចំណុចព្រំដែន ច្រកឡាប៉ាខេ ក្នុងគោល បំណងថតយករូបភាព ដំណាំដំឡូង ចង់ផ្សាយពីរឿងកសិកម្ម ។ បន្ទាប់មកលោក រឹម រ៉ា បានបើករថយន្ដត្រឡប់មកវិញ លុះដល់ចំណុចកើត ហេតុ ពោលនៅក្បែរផ្ទះ មន្ដ្រីនគរបាល វរការពារព្រំដែនគោកលេខ ៦២១ ខាងលើនេះ ស្រាប់តែជនបង្ក ណាវ វិចិត្រ បានបក់ដៃហៅឱ្យឈប់ ។ ពេលនោះ លោក រឹម រ៉ា ដែលពីមុនមិនធ្លាប់មានទំនាក់ទំនង និង ស្គាល់បុគ្គលរូបនេះ ចេះតែឆ្ងល់ ហើយក៏ឈប់រថយន្ដ រួចក៏បើកទ្វារចុះទៅ សួរនាំ រកមូលហេតុថា ហេតុ អ្វីបានជាបក់ ដៃហៅឱ្យឈប់យ៉ាងដូច្នេះ ។ គ្រាន់តែបើក ទ្វាររថយន្ដភ្លាម ស្រាប់តែឈ្មោះ ណាវ វិចិត្រ បានស្រែកសួរថា ហ្អែងមើលផ្ទះ អញ តើមានអីខ្លះ រួចហើយក៏យកដុំឥដ្ឋ ប្រុងវាយ ។
ដោយឃើញស្ថានភាពបែបនេះ លោក រឹម រ៉ា បានទាញយកកាមេរ៉ារបស់ខ្លួន ប្រុងថត នូវសកម្មភាពខាង លើ ប៉ុន្ដែ ភ្លាមៗនោះ ឈ្មោះ ណាវ វិចិត្រ ក៏បានរត់ទៅយកបំពង់ ទីប ប្រវែងជាង ១ម៉ែត្រ នៅក្នុងរថយន្ដ របស់ខ្លួន ស្ទុះមកវាយចំដៃ និងដងខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ ។
លោក រឹម រ៉ា ស្ថិតក្នុងស្ថានភាព បែបនេះ និងគ្មានអ្វីតបត នៅក្នុងដៃ មានតែកាមេរ៉ាដែលព្យាយាម ថតរូប នោះ ក៏បានប្រតាយប្រតប់ជាមួយ ជននេះ ប៉ុន្ដែ ដោយសារតែរូបគេមានអាវុធនៅក្នុងដៃ ក៏បានព្យាយាម រត់រំដោះខ្លួន ធ្វើឱ្យជ្រុះកាមេរ៉ានៅទីនោះ ។ ស្រាប់តែជនបង្ករូបនេះយកដុំឥដ្ឋ និងបំពង់ទីប វាយបំបែក កញ្ចក់រថយន្ដខ្ទេចតែម្ដង និងយកសម្ភារៈនៅក្នុងរថយន្ដ រួមមានកាមេរ៉ា របស់អ្នកយកព័ត៌មានឱ្យទូរទស្សន៍ បាយ័នមួយគ្រឿង និងទូរស័ព្ទដៃបោកកម្ទេចចោលតែម្ដង ។
ក្រោយពីមានរឿងប្រើអំពើហិង្សា លើ អ្នកកាសែតដើមអម្ពិលរួចមក ទើបសមត្ថកិច្ចចុះទៅសួរនាំ និងនាំខ្លួន ជនបង្កទៅអធិការដ្ឋាននគរបាល ស្រុកកែវសីមា ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ គេមិនទាន់ដឹងមូលហេតុ ពិតប្រាកដដែលនាំឱ្យឈ្មោះ ណាវ វិចិត្រ ប្រើអំពើហិង្សាលើលោក រឹម រ៉ា នោះឡើយ ពីព្រោះពួកគេទាំង២នាក់ មិនដែលស្គាល់គ្នាពីមុនមកនោះឡើយ។ប៉ុន្ដែក្រោយកើតហេតុ ភ្លាមៗ បុគ្គលរូបនេះ រួមជាមួយបក្ខពួកជាច្រើននាក់ផ្សេងទៀត ដែលគេដឹងថា ជាឈ្មួញរកស៊ីឈើដ៏ល្បី ប្រចាំខេត្ដមណ្ឌលគីរី ដែលសូម្បីតែអាជ្ញាធរខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធ មិន ហ៊ាន ចុះបង្ក្រាបនោះ បានទៅ ជួយអន្ដរាគមន៍ ។
យោងតាមសេចក្ដីរាយការណ៍ មួយចំនួនបុគ្គល ណាវ វិចិត្រ មានមុខរបរ ចំនួន២ ទី១ ជាមន្ដ្រីនគរបាល វរការពារព្រំ ដែនគោក ៦២១ និងមុខរបរមួយទៀត ជាឈ្មួញរកស៊ីឈើ នៅខេត្ដមណ្ឌលគីរី ហើយអស់ លោកថ្នាក់ដឹកនាំក្នុងខេត្ដ ពាក់ព័ន្ធទាំងឡាយណានោះ ដែលទទួលលាភសក្ការៈពីបុគ្គលរូបនេះ មិនដែល មានវិធានការចុះបង្ក្រាបនោះឡើយ ។
ចំពោះសកម្មភាពប្រើអំពើហិង្សា ខាងលើនេះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សា លើសហការី របស់លោក ប៉ុន្ដែ ក្នុងដំណាក់កាលនេះ លោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើ ការ សម្របសម្រួល និងដោះស្រាយ តាម នីតិវិធី បើមិនដូច្នោះទេ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនឹងស្វែងរកអន្ដរាគមន៍តាម ផ្លូវច្បាប់បន្ដទៀត ៕(DAPNEWS)

Comments system

Disqus Shortname