គ្រួសារមួយដែលចំណាយលើសចំណូល គ្មានអ្វីក្រៅពីខ្ចីគេចាយ ឪពុកអ្នកចាយ ម្តាយអ្នកខ្ចី កូនអ្នកសង ទីបំផុតកន្ទបរុំខ្លួនក៏គ្មានផង។ ឪពុកម្តាយបែបនេះ រាប់ថា មិនបានការ។ ចុះបើនគរមួយដែលពូកែតែចាយ តែអត់មាយាទ មិនពូកែរកចូល តើនគរមួយនោះវានឹងក្លាយទៅជាយ៉ាងណា? ឪពុកម្តាយ ដែលចេះតែលក់កេរចាយ ម៉េចនឹងសមធ្វើជាឪពុកម្តាយនៃរាស្ត្រក្នុងនគរទៅ? នគរធំ រាស្ត្រ តិច ក្មេងពេញកម្លាំងចាំកសាងនគរជិត ១០ លាននាក់ ដីមានជីជាតិមានរ៉ែអាកាសធាតុអំណោយផង ហេតុអ្វី ឪពុកម្តាយយើងចេះតែពីសុំទានគេ។ មួយកាក់ក៏សុំ មួយសេនក៏សុំ អ្នកឲ្យខ្ចី នៅតែឲ្យ អ្នកសុំនៅតែសុំ សុំច្រើនអួតច្រើន សុំតិចអួតតិច ជិតក៏សុំ ឆ្ងាយក៏សុំ នេះបានចំជាស្តេចសុំ បានច្រើនចាយច្រើន បានតិចចាយតិច អត់បាន ក៏នៅតែជំពាក់គេ ចាយនេះបានចំជាស្តេចចាយ។
ភាគច្រើនបងប្អូនបានអាន បានមើលអត្ថបទយ៉ាងច្រើនទាក់ទងនឹងនយោបាយ សង្គម ដូចនេះដើម្បីផ្លាស់ប្តូរអារម្មណ៍ ខ្ញុំសូមងាកមកចាប់អារម្មណ៍បញ្ហាសេដ្ឋកិច្ច ដែលជាស្បៀងនគរ។ ដើម្បីគេចចេញពីវិបត្តិប្រាក់បំណុលសាធារណៈ នៅថ្ងៃណាមួយដើម្បីរដ្ឋសល់លុយ នគរកើនទ្រព្យ រាស្ត្រមានបាន ជាតិរឹងមាំចាំបាច់ត្រូវធ្វើការងារ ៣ យ៉ាងធំៗ។
ទី១. ការអប់រំៈ មានន័យថា ជាតិមួយខ្លាំងបាន វាទាល់តែពលនៃជាតិនោះខ្លាំងសិន ដើម្បីឲ្យពលនៃជាតិនោះខ្លាំងគឺត្រូវចាប់ផ្តើមពីការអប់រំ ដូចពាក្យចាស់ថា ធ្វើផែនការ ៥ ខែ ឲ្យដាំស្រូវ ធ្វើផែនការ ៥ ឆ្នាំ ឲ្យដាំឈើ បើធ្វើផែនការ ១០ ឆ្នាំ ឲ្យវិនិយោគក្នុងវិស័យអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឲ្យបានពិតប្រាកដ មិនមែនដូចមេដឹកនាំយើងគាត់ថា បង្កើនបរិមាណសិនទៅ ចាំរកគុណភាពជាក្រោយ។ ស្តាប់ទៅដូចជាម្យ៉ាងដែរ ប៉ុន្តែបើឧទាហរណ៍ថា យើងមានចៀមមួយហ្វូង ហើយចង់រើសតោមួយក្បាលឲ្យចេញពីក្នុងចំណោមហ្វូងចៀមនោះ តើអាចទៅរួចទេ? នេះមិនខុសពីរឿងមួយ ដែលគេដំណាលថា ក្នុងនគរមួយ រាស្ត្រទាំងអស់សុទ្ធតែខ្វាក់ បើអ៊ីចឹងមនុស្សម្នាក់សល់ភ្នែកមួយគឺជាស្តេចហើយមែនទេ?
ទី ២.បង្កើតការងារឲ្យបានច្រើនៈ ការងារកើត ច្រើន វាទាល់តែសេដ្ឋកិច្ចដើរ សេដ្ឋកិច្ចដើរ វាទាល់តែទីផ្សារដើរ ទីផ្សារដើរ វាទាល់តែលុយដើរ លុយដើរ វាទាល់តែលុយនៅក្នុងដៃមនុស្ស លុយក្នុងដៃមនុស្ស វាទាល់តែរដ្ឋបង្កើនការចំណាយ យកលុយចាក់បញ្ចូលក្នុងម៉ាស៊ីនសេដ្ឋកិច្ច រដ្ឋមានលុយចាក់បញ្ចូលក្នុងម៉ាស៊ីនសេដ្ឋកិច្ចវាទាល់តែរដ្ឋមាន លុយ រដ្ឋមានលុយវាទាល់តែរដ្ឋប្រមូលពន្ធ រដ្ឋប្រមូលពន្ធបានច្រើន វាទាល់តែគ្រប់គ្រងការយកពន្ធបានត្រឹមត្រូវ រដ្ឋប្រមូលពន្ធបានច្រើន វាទាល់តែមានសកម្មភាពអាជីវកម្ម ក្រុមហ៊ុន សហគ្រាសកាន់តែច្រើន បើទ្វាររកទទួលទានចំណេញ វាទាល់តែអាជ្ញាធរកុំទៅជំរិតទារលុយគេ។ ចុះបើ ទាហានក៏គយ នគរបាលក៏គយ នគរបាលចរាចរណ៍ ក៏គយ ប៉េអឹមក៏គយ មន្ត្រីសាលាក្រុងក៏គយ មេខណ្ឌក៏គយ មេឃុំក៏គយ ប៉ូលិសសណ្តាប់ធ្នាប់ក៏គយ អាជ្ញាធរពន្លត់អគ្គិភ័យក៏គយ មន្ត្រីពន្ធដារក៏គយ គយក៏គយ មួយថ្ងៃៗ គិតតែពីគយញ៉េះ គយពីក្រេះ តើក្រុមហ៊ុនណា រកលុយទុកសូកលោកបាន លោកគយ លោកដារ ហើយបើប្រលងរើសគយ រើសពន្ធដារ ពុករលួយទៅហើយតើមុខជាប់នឹង ទៅប្រមូលពន្ធដាក់រដ្ឋ ឬក៏ទៅពុករលួយស៊ីទ្រព្យនគរ?
តើការងារ កើតតាមណា? ហើយតើនគររស់យ៉ាងម៉េច? ឧទាហរណ៍ថា នគរមួយមានរាស្ត្រ ១៤ លាននាក់ ចាស់ ១ លានធ្វើការលែងកើត សល់ ១៣ លាននាក់ ចិញ្ចឹម ១៤ លាន ក្នុង១៣ លាន ៨០% ជាកសិករស្មើនឹង ១០ លាននាក់ សល់ ៣ លាននាក់ធ្វើការចិញ្ចឹម ១៤ លាននាក់ ក្នុង ៣ លាននាក់មានមន្ត្រីរាជការកន្លះលាននាក់ សល់ ២ លានកន្លះ ធ្វើការចិញ្ចឹម ១៤ លាននាក់ ក្នុង ២ លានកន្លះ មានក្មេងមិនទាន់គ្រប់អាយុធ្វើការ ២ លាននាក់ សល់ពលរដ្ឋ ៥០ ម៉ឺននាក់ធ្វើការចិញ្ចឹមមនុស្ស ១៤ លាននាក់ ក្នុងចំណោម ៥០ ម៉ឺននាក់មានកងកម្លាំងប្រដាប់អាវុធ ១៥ ម៉ឺននាក់ សល់ ៣៥ ម៉ឺននាក់ ធ្វើការចិញ្ចឹមមនុស្ស ១៤ លាននាក់ ក្នុងចំណោម ៣៥ ម៉ឺនមានអ្នកឈឺ ៣០ ម៉ឺននាក់ សល់ ៥ ម៉ឺននាក់ធ្វើការចិញ្ចឹមមនុស្ស ១៤ លាននាក់ តើនគរមួយនេះអាចរុងរឿងរីកចម្រើនធូរធារ បានដោយរបៀបណា?
ទី៣. បង្កើនការនាំចេញៈ នគរមួយ មិនអាចរស់ពឹងខ្យល់ដកដង្ហើមគេទេ មិនអាចពឹងតែលើការវិនិយោគផ្ទាល់ពីបរទេសទេ មិនអាចពឹងតែលើជំនួយទេ មិនអាចពឹងតែលើកម្ចីទេ គឺត្រូវបង្កើន មុខទំនិញ សេវានាំចេញ កើនការនាំចេញវាទាល់តែកើនការផលិត មានការផលិតវាទាល់ តែមានវត្ថុធាតុដើម មានកម្លាំងពលកម្មជំនាញ មានថាមពលផលិតថោក ទើបប្រកួតប្រជែង នឹងនគរផ្សេងបាន។ ការវិនិយោគផ្ទាល់ខ្លះ ដូចជាវិស័យកាត់ដេរ គឺអាចបានត្រឹមតែចម្អែតក្រពះបីពេលក្នុងមួយថ្ងៃតែប៉ុណ្ណោះ ពេលខ្លះបានព្រឹកខ្វះល្ងាចផង។ ប្រទេសរីកចម្រើនភាគ ច្រើនគេលែងនាំគ្នាផលិតខោអាវហើយ ព្រោះវាមិនចំណេញ មានតែប្រទេសអ្នកក្រទេ ដែលទទួលផលិត ព្រោះពលកម្មអត់ជំនាញ ប្រាក់កម្រៃថោក ម៉ាស៊ីនយកពីគេ ក្រណាត់យកពីគេ ចេសយកពីគេ ដូចនេះ ថ្វីដ្បិតតែឃើញចំនូលពីវិស័យកាត់ដេរបានរាប់ពាន់លានក៏ដោយ តែចំណូលចូលរដ្ឋបានតែពន្ធប្រាក់ចំណេញតិចតួច បើពុករលួយទៀត អស់តែម្តង ហើយចំនែកប្រាក់ចំណេញ មេឈ្មួញ តៃវ៉ាន់ ចិន យួន ថៃ គេដាក់ហោប៉ៅយកទៅចាយស្រុកគេឯនោះទេ។
ដូច្នេះ ចាំបាច់ត្រូវធ្វើទំនើបកម្មសេដ្ឋកិច្ច ទាំងទំនើបកម្មកសិកម្ម ទំនើបកម្មឧស្សាហកម្ម ពីធន ស្រាលទៅមធ្យម ពីមធ្យមទៅធនធ្ងន់ ដូចជាការផលិតដែក ផលិតរថយន្ត ផលិតគ្រឿងបច្ចេកទេស ផលិតម៉ាស៊ីន ជាដើម។ នាំគ្នាមើលទៅមើល សិង្កបុរី ដីកោះតូចមួយ រកដីធ្វើស្រែគ្មានផង ទិញទឹកពី ម៉ាឡេស៊ី ធ្វើព្រលានយន្តហោះលើសមុទ្រ ចុះហេតុអ្វីបានជារីកចម្រើន ប្រាក់ចំណូលប្រចាំឆ្នាំរបស់ជនជាតិគេគឺជាង ៤ ម៉ឺនដុល្លារ តែកម្ពុជាមធ្យមបាន ៧០០ ដុល្លារ ហើយក្នុងពិភពលោកអ្នកណាមិនល្បី ពីឈ្មោះ សិង្ហបុរី លើសពីនេះក៏ត្រូវធ្វើទំនើបកម្ម ឧស្សាហកម្មគ្មានផ្សែង ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មវប្បធម៌។
រាល់ថ្ងៃបានលក់សំបុត្រ អង្គរមួយឲ្យ សុខ គង់ ចុះប្រាសាទរាប់ពាន់ទៀត ហេតុអីបានរដ្ឋមិនយកមកអភិរក្ស ដុះខាត់ ជូតលាង មើលខ្លួនឯង ថែខ្លួនឯង លក់សំបុត្រយកលុយចិញ្ចឹមនគរ ចិញ្ចឹមរាស្ត្រ ឬមួយក៏សូម្បី តែដុំថ្មដ៏មានតម្លៃជាកេរដូនតាទុកឲ្យ ក៏មិនចេះយកមកច្នៃ បង្កើនជាទ្រព្យនគរទេឬ? ថាអ្នកចេះតែលក់កេរដូនតាចាយទៅវាអន់ ដល់តែមានកេរទុកឲ្យចាយហើយ មិនចេះចាយ ទៀតមិនដឹងហៅថាម៉េចទេ អស់លោកអើយ។ លុយហើរពេញវាល ដុំមាសរាយពេញនគរ តែរកមេល្អម្នាក់ ការពារមិនបាន រកជាងល្អម្នាក់ ច្នៃមិនកើត នគរខ្មែរ ពិតជាកម្សត់ដល់ថ្នាក់នឹង មែនឬ? បើអ៊ីចឹងមែន ប្រហែលពូជសាងអង្គរ ស្លាប់បាត់អស់ហើយ ទើបបានសល់តែ ពូជចោរ លួចថ្មអង្គរ បានដៃយ៉ាងនេះ ឬក៏សល់ខ្លះដែរ តែលាក់មុខសម្ងំសុខ បើអ៊ីចឹងគួរទៅលោតទឹកបារាយណ៍នៅមុខអង្គរដើម្បីទៅសុំទោសដូនតា ទៅល្អជាង៕(POSTKHMER)
ដោយ សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ ខេត្ត កំពង់ឆ្នាំង mproyalcambodia@yahoo.com