Thursday, August 8, 2013

រថយន្ត​ដឹក​ម៉ា​ស៊ីន​ច្រូត​ស្រូវ​ធុន​ធំ​បត់​ចូល​ផ្ទះ​ក្រឡាប់​ផ្ងារ​ជើង ​បណ្តាល​ឱ្យ​កក​ស្ទះ​ចរា​ចរណ៍​ជិត​កន្លះ​ម៉ោង​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ រថ​យន្ត​ដឹក​ម៉ា​ស៊ីន​ច្រូត​ស្រូវធុន​​ធំ ​១​គ្រឿង ​ខណៈ​បត់​ចូល​ផ្ទះ​ ក៏​បាន​ក្រឡាប់​ផ្ងារ​ជើង​ តែ​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​អ្នក​ណា​ម្នាក់​ឡើយ និ​ង​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍ ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៤ ​និង​ ៣០​នាទី ​ល្ងាច​ថ្ងៃទី​០៨ ​សីហា​ ២០១៣​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចំ​ណុច​ភូមិ​ជំទាវ​ ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយ​មាន​ជ័យ ​។
មន្ត្រី​នគរ​បាល​ចរា​ចរណ៍​ស្រុក​មង្គល​បូរី ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ម៉ាស៊ីន​ច្រូត​ស្រូវ​ធុន​ធំ ​ដែល​ក្រឡាប់​មាន​ឈ្មោះ ទា​វ​ ភេទ​ប្រុស ​អាយុ​ប្រហែល ​៤០​ឆ្នាំ ​រស់​នៅ​ភូមិ​ជំទាវ ​ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី ​។ នៅ​មុន​ពេល​កើត​ហេតុ រ​ថ​យន្ត​បាន​ដឹក​ម៉ាស៊ីន​ច្រូត​ស្រូវ​ធុន​ធំ​មក​​ពី​ច្រូត​នៅ​វាល​ គោល​បំណង​ដឹក​មក​ដាក់​ផ្ទះ ​ពេល​ដឹក​មក​ជិត​ដល់​ផ្ទះ​បម្រុង​បត់​ចូល​ផ្ទះ​នៅ​ស្តាំ​ដៃ​ខាង​កើត​ផ្លូវ ​ពេល​បត់​ចូល​ក៏​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង ​ប៉ុន្តែ ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ ​។
មន្ត្រី​នគរ​បាល ​បាន​បន្ត​ប្រាប់​ថា ​ក្រោយ​ពេល​រថ​យន្ត​ក្រឡាប់ ​បាន​បណ្តាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ប្រមាណ​ជិត​កន្លះ​ម៉ោង ​ទើប​ត្រូវ​មន្ត្រី​នគរ​បាល​ជួយ​សម្រួល​ឱ្យ​ម្ចាស់​ដឹក​បាវ​អង្កាម​មក​រៀប ​ហើយ​យក​រថ​យន្ត​ស្ទូច​មក​ស្ទូច​រថ​យន្ត​ក្រឡាប់​ឡើង​វិញ​ ៕(KOH)

Comments system

Disqus Shortname