រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡែនរ៉ូវែរ
និងរថយន្តម៉ាកមែរសឺដេសពណ៌ខ្មៅ ស៊េរីទំនើប
ដែលចតនៅលើចិញ្ចើមផ្លូវជិតភ្លើងស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន
រាជធានីភ្នំពេញ ត្រូវដើមឈើដួលរលំសង្កត់លើរងការខូចយ៉ាងដំណំ
កាលពីវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី៨ ឧសភា
២០១២ដោយសារសារតែភ្លៀងជញ្ជ្រុំ និងខ្យល់បក់បោករំលើងគល់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា
ខណៈពេលដែលភ្លៀងកំពុងបង្អុរនៅឡើយ
ផ្លូវជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញបាន
ត្រូវទឹកភ្លៀងជន់លិចត្រឹមជង្គង់ កន្លែងខ្លះលិចដល់ភ្លៅមនុស្សចាស់
និងត្រឹមចង្កេះបង្កអោយមានការលំបាកយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុង
ការធ្វើដំណើរ និងកកស្ទះចរាចរណ៍ ម៉ូតូខ្លះទឹកចូលក្នុងម៉ាស៊ីនម៉ូតូ
រលត់ម៉ាស៊ីន បណ្តើរលុយទឹក គួរឱ្យសៅហ្មង ។
នៅក្នុងទឹកដីខណ្ឌសែនសុខ, ទួលគោក និង ដូនពេញ
ក៏មានដើមឈើរលំ និងលិចផ្លូវជាច្រើន កន្លែងផងដែរ
ប៉ុន្តែខណៈពេលនេះ
អាជ្ញាធរមូលដ្ឋានកំពុងប្រឹងប្រែងបូមទឹកចេញពីកន្លែង
លិច យ៉ាងញាប់ដៃ ញាប់ជើង ដោយប្រើម៉ាស៊ីនបូមទឹកច្រើនគ្រឿង ។
គួរបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ
បានខិតខំប្រឹងប្រែងផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ
ច្រើនកន្លែងផង ដែរ ជាពិសេសក្នុងខណ្ឌដូនពេញតែម្តង
ប៉ុន្តែទឹកនៅតែលិចដោយសារធ្លាក់ភ្លៀងគំហុកខ្លាំង
ប្រព័ន្ធលូហូរទឹកមិនទាន់ ។ ទោះជាយ៉ាងណាក៏ដោយ
គេសង្កេតឃើញកន្លែងដែលលិចទឹកខ្លាំងនៅសង្កាត់ផ្សារកណ្តាល១
ក្នុងរយៈពេលជាង១ម៉ោងក្រោយមកបានស្រក់អស់ទៅវិញ ។