រាជធានីភ្នំពេញ ៖
កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រថ្ងៃទី៥ ឧសភា
មានរញ៉េរញ៉ៃនៅតាមដងផ្លូវកើតឡើងដោយសារការដេញ
គប់គ្នានឹងដុំថ្មជ្រុះរាយពេញផ្លូវ រវាងក្មេងអនាថាដេកតាមចិញ្ចើមផ្លូវ
និងអ្នករុញរទេះលក់សាច់ក្រកគោ យូហ៊ឺ ងៀតបបែល ។ ហេតុការណ៍នេះ
បានកើតឡើងនៅជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិតជាប់ប៉ុស្តិ៍២៤ម៉ោង
តាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
បើតាមជនរងគ្រោះឈ្មោះផុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ
ជាអ្នករុញរទេះលក់សាច់ក្រកគោ យូហ៊ឺ ងៀតបបែល
ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
មានស្រុកកំណើត
នៅឃុំព្រែកអន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង
ឱ្យដឹងថា
ពួកគាត់មានបងប្អូនបង្កើតប្រុស៣នាក់រុញរទេះសាច់ក្រកនេះលក់រាល់យប់
ដែល២នាក់ទៀតគឺ ឈ្មោះផុន ណាក់ អាយុ២០ឆ្នាំ និងឈ្មោះផុន រាជ
អាយុ១៨ឆ្នាំ ។ ជារៀងរាល់យប់ពេលបងប្អូនរបស់គាត់ត្រឡប់មកពីដើរលក់វិញ
តែងតែរុញរទេះឆ្លងកាត់កន្លែងខាងលើ
ដែលមានយុវជនអនាថាមួយក្រុមតែងតែដេកនៅជាប់នឹងរបងពហុកីឡដ្ឋានជាតិ
អូឡាំពិក ។ ជារឿយៗ ក្មេងអនាថាទាំងនោះតែងតែសុំទឹករបស់គាត់ផឹក
និងសុំសាច់ក្រកហូប ។
ជនរងគ្រោះបានឱ្យដឹងទៀតថា
មុនពេលកើតហេតុនេះមួយថ្ងៃពួកគេបានសុំសាច់ក្រករបស់គាត់ហូបទៀត
ប៉ុន្តែថ្ងៃនោះលក់មិនដាច់គាត់មិនបានឱ្យទេ
ទើបធ្វើឲ្យពួកគេខឹងរករឿងគាត់ ។ នៅយប់កើតហេតុ
ប្អូនប្រុស២នាក់បាននាំគ្នារុញរទេះត្រឡប់ទៅផ្ទះមុនជាបន្តបន្ទាប់
ខណៈមកដល់ចំណុចខាងលើជនដៃដល់ដែលជាក្មេងអនាថានោះបានយកដុំថ្មដេញគប់រទេះ
របស់ពួកគេទាំងពីរនាក់ បណ្តាលឱ្យបែកធុងទឹកកក
ហើយប្អូនៗរបស់គាត់ក៏បានរុញរទេះរត់គេចបាត់ទៅ ។
ដោយឡែក
ពេលរូបគាត់រុញរទេះមកដល់ស្រាប់តែពួកគេយកដុំថ្មគប់គាត់
ហើយគាត់បានទុករទេះចោលរត់ចូលទៅប្រុងវាយវិញ ស្រាប់តែពួកគេមានគ្នាច្រើន
គាត់ក៏រត់គេចខ្លួនវិញ ។ ចំណែកជនដៃដល់
បន្ទាប់ពីធ្វើសកម្មភាពរួចហើយបាននាំគ្នារត់គេចបាត់អស់ ៕