ភ្នំពេញៈ អ្នកប្រដាល់កម្ពុជាបីរូប គឺសៅ ប៊ុននឿន ជ័យ កុសល និង វង្ស ណយ កំពុងត្រៀមខ្លួនសម្រាប់ជំនួបជាមួយកីឡាករបរទេសដែលមកពីបីប្រទេស ផ្សេងៗគ្នា នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ នៅបុរីសៀងណាំតំបន់អភិវឌ្ឍន៍សំណង់ថ្មី ខាងកើតបេនឡាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ការប្រកួតដែលមានសរុបទាំងអស់ចំនួន៦គូ (បូកបញ្ចូលទាំងជំនួបរវាងកម្ពុជា និងកម្ពុជា) នោះ ស្ថិតនៅក្រោមការរៀបចំរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយមានការផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង១៦:៣០តទៅ។
លោក សេង កដិកា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា ក្រៅពីកម្មវិធីប្រកួតថ្ងៃអាទិត្យប្រចាំសប្តាហ៍នោះ ប៉ុស្តិ៍របស់លោក តែងតែមានកម្មវិធីប្រកួតលក្ខណៈមិត្តភាពអន្តរជាតិក្នុងមួយខែ ម្តងដោយចល័តតាមខេត្តពីខេត្តមួយទៅខេត្តមួយ ហើយបើគិតមកដល់ថ្ងៃសៅរ៍ ទី២៦ ខែឧសភានេះ វាជាលើកទី៤ហើយ បន្ទាប់ពីត្រូវបានរៀបចំនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
លោក ងាម សុធី អ្នកចាត់ការកម្មវិធីនិងជាអ្នកទីផ្សារទូរទស្សន៍ប៉ុស្តិ៍លេខ៥ ឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងថា៖ «សមាសភាពអ្នកប្រដាល់នៅកំពង់ចាមថ្ងៃនោះមានសរុបចំនួន៦គូ សុទ្ធតែជម្រើសចេញពីកីឡាករខ្លាំងៗមានបីគូប្រកួតថ្នាក់ជាតិនិង ៣គូទៀតលក្ខណៈមិត្តភាពអន្តរជាតិដែលមានកីឡាករបរទេសចំនួនបីនាក់ ផងដែរ គឺមកពីប្រទេសថៃ ប្រទេសជប៉ុន និងប្រទេសកាណាដាដោយពួកគេមិនធ្លាប់មកប្រកួតក្នុងព្រះរាជាណាចក្រ កម្ពុជាឡើយ»។
ខាងក្រោមនេះជាសមាសភាពកីឡាករ និងប្រវត្តិប្រកួតទាំង៦គូ
គូទី១: វ៉ោយ សុធន ត្រៀមខ្លួនបំបាក់ ព្រំ សំណាង ជាលើកដំបូង
កីឡាករ ព្រំ សំណាង មកពីក្លិបកងទ័ពឆត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករ វ៉ោយ សុធន មកពីក្លិបប្រដាល់រាជសីហ៍ ខេត្តបន្ទាយមានជ័យ ក្នុង ប្រភេទទម្ងន់៧៣គីឡូក្រាម។
រវាងកីឡាករទាំងពីរ វ៉ោយ សុធន មានប្រវត្តិប្រកួតច្រើនជាង ព្រំ សំណាង រហូតដល់ទៅ២០០ដង ប៉ុន្តែរូបគេមិនធ្លាប់មានប្រវត្តិប្រកួតឈ្នះកីឡាករជើងថ្មី ម្នាក់នេះម្តងណាឡើយនាជំនួបជាច្រើនលើកកន្លងមក។ ការប្រកួតនេះត្រូវគេមើលឃើញថា ជាការប្រកួតសងសឹកដ៏លំបាកមួយសម្រាប់ វ៉ោយ សុធន ខណៈ ព្រំ សំណាង នឹងមិនមានការបន្ធូរដៃនោះឡើយ។
គូទី២: ជំនួបរវាងកីឡាករចាស់វស្សា ភុំ សារ៉ាយ និង ផាវ ភឿត
កីឡាករ ភុំ សារ៉ាយ មកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាសិស្សគុនរបស់ក្លិបគីមីសាស្ត្រ ត្រូវប៉ះជាមួយកីឡាករផាវ ភឿត មកពីក្លិបប្រដាល់កងពលអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ក្នុងទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ទាំងពីរ ជាកីឡាករចាស់វស្សាដូចគ្នា ដែលមានបច្ចេកទេសប្រកួតប្រហាក់ប្រហែលគ្នា ប៉ុន្តែពួកគេមានជំនាញប្រកួតខុសៗគ្នា។ ភុំ សារ៉ាយ គឺជាកីឡាករដែលមានជំនាញក្នុងការប្រើកណ្តាប់ដៃ ចំណែកឯ ផាវ ភឿត មានស្នៀតចម្រុះទៅតាមស្ថានភាពនៃការប្រកួត ប៉ុន្តែកម្លាំងរបស់គេល្អត្រឹមតែបីទឹកដំបូងប៉ុណ្ណោះ។
គូទី៣: សៅ ប៊ុននឿន ស្វាគមន៍ Darathang របស់ថៃ
កីឡាករ សៅ ប៊ុននឿន មកពីសមាគមក្រសួងមហាផ្ទៃ ដែលជាអតីតកំពូលអ្នកខ្លាំងមួយរូប និងជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ធ្លាប់មានប្រវត្តិប្រកួតរាប់ភ្លេចប៉ុន្តែរយៈពេល៤ឆ្នាំចុង ក្រោយនេះ រូបគេស្ទើរតែបាត់ឈ្មោះពីពិភពគុនត្រូវប្រកួតជាមួយកីឡាករ Darathang មកពីប្រទេសថៃក្នុងទម្ងន់៦៥គីឡូក្រាម។
កីឡាករ Darathang មកពីប្រទេសថៃ ធ្លាប់ប្រកួតបានចំនួន២៥ដង ឈ្នះ៩ដង ចាញ់១៥ដង ស្មើ១ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់់បានចំនួន៨ដង។
ប្រសិនបើ សៅ ប៊ុននឿន បានហាត់ជាប់លាប់ហើយវាយអស់ពីសមត្ថភាពនោះ កីឡាករថៃរូបនេះ មិនអាចឈ្នះរូបគេបាននោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រដាល់ សៅ ប៊ុននឿនធ្វើឲ្យពិបាកទុកចិត្តណាស់ ស្រួលមិនស្រួលគេឡើងរាំតាមចង្វាក់ភ្លេងលើសង្វៀនបាន៥ទឹក រួចទទួលយកតម្លៃខ្លួនក៏អាចថាបានដែរ។
គូទី៤: ជ័យ កុសល ទទួលភ្ញៀវ Tishik មកពីកាណាដា
កីឡាករ ជ័យ កុសល មកពីក្លិបសិង្ហកីឡា ត្រូវប៉ះជាមួយកីឡាករ Tishik មកពីប្រទេសកាណាដាក្នុងទម្ងន់៧០គីឡូក្រាម។
ប្រវត្តិប្រកួត និងក្បាច់គុនរបស់ជ័យកុសល ត្រូវបានមហាជនស្គាល់អស់ទៅហើយ ពីព្រោះគេជាអ្នកប្រដាល់ចាស់វស្សាដែលមានជំនាញប្រើកែងខ្លីៗ ចំណែកឯដៃគូរបស់គេគឺ កីឡាករ Tishik មកពីប្រទេសកាណាដាវិញ មានប្រវត្តិប្រកួតបានចំនួន៣៧ដង ឈ្នះ២៧ដង ចាញ់៤ដង ស្មើ៦ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន១៨ដង។
មកដល់ពេលនេះ ជ័យ កុសល ហាក់បីដូចមិនលេចធ្លោឡើយ ហើយកម្លាំងរបស់គេអាចវាយបានប្រាំទឹកទាំងវេទនាខ្លួន។ ប្រសិនបើ ជ័យ កុសល មិនអាចផ្តួលដៃគូឲ្យសន្លប់បានទេ គឺរូបគេនឹងលំបាកឈ្នះណាស់ ដោយសារតែការចាញ់កម្លាំង។
គូទី៥: វង្ស ណយ ប្រឈមជាមួយកីឡាករជប៉ុន Iyuki
ខ្សែ ក្រវាត់ស្រាបៀរកម្ពុជា វង្ស ណយត្រូវប៉ះជាមួយកីឡាករ Iyuki មកពី ប្រទេសជប៉ុនក្នុងទម្ងន់៦៤គីឡូក្រាម។Iyuki ធ្លាប់មានប្រវត្តិប្រកួតបាន៤៨ដង ឈ្នះ៣៥ដង ចាញ់៨ដង ស្មើ៥ដងនិងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង។ ប្រភពព័ត៌មានឲ្យដឹងថា កីឡាករជប៉ុនរូបនេះធ្លាប់មានឈ្មោះល្បីល្បាញនៅថៃ ហើយ វង្ស ណយអាចឈ្នះតែក្បាច់កែងមួយស្នៀតប៉ុណ្ណោះ។
គូទី៦: សូយ ភិរម្យ ប្រកួតបិទកម្មវិធីជាមួយ ង៉ែត រដ្ឋា
កីឡាករ សូយ ភិរម្យ មកពីក្លិបអូរដឹមកីឡាត្រូវធ្វើការប្រកួតសងសឹកជាមួយកីឡាករ ង៉ែត រដ្ឋា មកពីមហាផ្ទៃក្នុងទម្ងន់៦០គីឡូក្រាម។ ជំនួបរវាងកីឡាករជើងខ្លាំងទាំងពីរ គឺជាការប្រកួតដើម្បីបិទកម្មវិធី ៕