Monday, May 21, 2012

គេច​ពីគូស្នេហ៍​លោត​ចូល​ទៅ​លាក់ខ្លួន​ក្នុង​ទុយោ​ចោល​សំរាម​ជាប់​ចេញ​មិន​រួច​

បុរស​​ម្នាក់​ដែល​ស្នាក់​នៅ​លើ​អគារ​មួយ​ក្នុង​ ទីក្រុង​ទូម៉េន​ តំបន់​ស៊ី​បេរី​ ប្រទេស​រុស្ស៊ី​ ​ចាំបាច់​ត្រូវ​ឱ្យ​ក្រុម​​សង្គ្រោះ​បន្ទាន់​ជួយ​យក​ចេញ​ពី​ទុយោ​ចោល​សម្រាម ​មួយ​ ដែល​​គេ​បាន​លោត​ចូល​ ដើម្បី​លាក់​ខ្លួន​ពីគូស្នេហ៍​ក្រោយ​ពី​ទាស់​ទែង​គ្នា​ ។ នៅ​ក្នុងរបាយ​ការណ៍​​​​បញ្ជាក់ថា​ ​បុរស​រូប​នេះ​​លោត​ចូល​ក្នុង​មាត់​ទុយោ​សម្រាម​ ពី​ជាន់​​ទី​៨​ នៃ​អគារ​ ដោយ​​ជាប់​នៅ​បរិវេណ​ជាន់​ទី​៥។​ បន្ទាប់​មក​អ្នកស្រុក​ឮ​សំឡេង​ស្រែក​សុំ​ឱ្យ​ជួយ​​សង្គ្រោះ​របស់បុរស​អាយុ​ ៣១​ឆ្នាំ​ម្នាក់​នេះ​ ​។ ​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​ប្រើ​ម៉ាសីុន​កាត់​ទុយោ​ ដើម្បី​ជួយ​គេ​ឱ្យ​ចេញ​ខ្លួន​បាន​​ ខណៈ​ពេល​រូបគេ​មាន​ស្នាម​របួស​តិច​តួច​ ។
អាជ្ញាធរ​​ឱ្យ​ដឹងថា​ ​​បុរស​នេះបាន​ឈ្លោះ​ទាស់​ទែង​នឹងគូស្នេហ៍​ ​តែ​​​ក៏​មិន​ប្រាប់​​ឱ្យ​ដឹង​​ពី​មូល​ហេតុ​ល្អិត​ល្អន់​ទេ​ ។ BBC​ដែល​បាន​ទាក់​ទង​​ទៅ​អាជ្ញាធរ​សង្គ្រោះ​បន្ទាន់​«​ឌូម៉េន​»​​ ​​ផ្សាយ​ថា​ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​កាលពី​ថ្ងៃ​ទី​១៦ ឧសភា​ ​​។ ​បច្ចុប្បន្ន​ ​បុរស​រូបនេះ​ អាច​ត្រឡប់​ទៅ​បម្រើ​ការ​ងារ​វិញ​បាន​ហើយ​ ។
​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​​​បញ្ជាក់​​ក្នុង​ ប្រព័ន្ធ​វេបសាយ​ថា​ «​តាម​ការ​បំភ្លឺ​របស់​បុរស​នេះ​ថា​ គេ​បាន​លោត​ចូល​ទៅ​ក្នុង​ទុយោ​ចោល​សម្រាម​ ធ្វើ​ពី​ដែក​ពី​​បរិវេណ​ជាន់​ទី​៨​របស់​អគារ​ ដើម្បី​គេច​ពីសង្សារ​ »​ ។ ​អាជ្ញាធរ​​​និយាយ​ថា​ ធ្លាប់​កើត​មា​នហេតុ​ការណ៍​ប្រភេទ​នេះ​រួច​មក​ហើយ​ក្នុង​ទីក្រុង​ឌូម៉េន​​ កាលពី​ជា​ច្រើន​ឆ្នាំ​មុន​ ដែល​ជា​ហេតុ​ការណ៍​​គួរ​ឱ្យ​អស់​សំណើច​មួយ​ ៕

Comments system

Disqus Shortname