រាជធានីភ្នំពេញ ៖
មានរយៈពេលជាង១០ថ្ងៃមកហើយដែលបុរសជាជនដៃដល់មិនទាន់
ត្រូវបានចាប់ខ្លួននៅឡើយទេ
ពីបទចាក់សាំងដុតស្ត្រីមេម៉ាយស្រស់ប្រិមប្រិយម្នាក់ទាំង
រស់បណ្តាលឱ្យរងគ្រោះធ្ងន់ធ្ងរបញ្ជូនមកសង្គ្រោះនៅ
មន្ទីរពេទ្យកាល់ម៉ែត
ហើយបន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅ
ព្យាបាលនៅប្រទេសវៀតណាម ។
ក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យកោះសន្តិ ភាពដឹងថា
ស្រ្តីមេមា៉យកូនបីរូបនេះឈ្មោះ ស៊ុយ វា៉ន់ឌី មានទីលំនៅភូមិ ឃុំថ្មស
ស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវជនអគតិឈ្មោះយក់វណ្ណៈ
យកសាំងចាក់ស្រោចពីលើហើយយកដែកកេះឆួលដុតទាំងរស់នៅមុខផ្ទះកាលពី
វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦
ខែឧសភាឆ្នាំ២០១២បណ្តាលឲ្យឆេះរោលពេញខ្លួននិងត្រូវបានដឹកតាមអូប័រ
បញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។
ដោយរបួសធ្ងន់ពេកក៏បញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ។
សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបានបួនថ្ងៃ
ដោយមើលឃើញស្រ្តីរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរពេកសាច់ញាតិក៏សម្រេច
ចិត្តសុំគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ។
អស់រយៈពេល៥ថ្ងៃមកហើយដែលស្រ្តីរងគ្រោះឈ្មោះស៊ុយ
វ៉ាន់ឌី កំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចារី ឯទីក្រុងហូជីមិញ
ក៏ប៉ុន្តែអ្នករងគ្រោះរូបនេះស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល។
តាមរយៈលោកគ្រូពេទ្យនៅទីនោះបានប្រាប់ថា
ជនរងគ្រោះរលាកទងសួតធ្ងន់ធ្ងរត្រូវប្រើរយៈពេលយូរក្នុងការ
ព្យាបាលនិងសុំឲ្យក្រុមគ្រួសារត្រៀមប្រាក់ចាប់ពី៥ពាន់ដុល្លាដល់មួយ
ម៉ឺនដុល្លារសម្រាប់ការចំណាយទិញឈាមបញ្ចូលនិងថ្នាំ
ពេទ្យផ្សេងៗទៀតសម្រាប់ព្យាបាល ។ ក្រុមគ្រួសារស្រ្តីរងគ្រោះបានបញ្ជាក់ថា
រហូតមកដល់ថ្ងៃទី១៥ ឧសភា នេះ
ជនរងគ្រោះអាចនិយាយបានខ្លះៗនិងហូបបានបន្តិបន្តួចដែរ ។
ស្ថិតនៅក្នុងស្ថានភាពចំពោះមុខនេះក្រុម
គ្រួសារស្រ្តីរងគ្រោះក៏ដូចជាកូនប្រុស
ស្រីបីនាក់ដែលកំពុងកំព្រីកំព្រាខ្វះភាពកក់ក្តៅពីម្តាយបានលើកដៃប្រណម្យ
សុំកិច្ចអន្តរាគមន៍ពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជា
ដែលតែងតែយកចិត្តទុកដាក់ដល់ស្រ្តីគ្រប់រូបដែលត្រូវគេរំលោភបំពាន
ប្រើអំពើហិង្សានោះ មេត្តាជួយផង... ។
គួររំលឹកថា
រឿងរ៉ាវដុតមនុស្សទាំងរស់នេះ
គឺផ្តើមចេញពីស្នេហាត្រីកោណមួយបានផ្ទុះភ្លើងកំហឹងកើតឡើង
នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ
រហូតឈានដល់ការចាក់សាំងដុតមនុស្សទាំងរស់
ដោយចោទថាអ្នកមេម៉ាយរូបស្រស់ក្បត់ពាក្យសន្យាថា
នឹងរៀបការខែឧសភា ឆ្នាំ២០១២ តែបែរជាដោះដៃទៅវិញ
ធ្វើឱ្យខាងប្រុសលែងប្រពន្ធខក។
គួររំលឹកថា លោកអនុសេនីយ៍ទោ ហ៊ួយ តារា
នាយប៉ុស្តិ៍នគរបាលឃុំថ្មស
បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៧ ឧសភាថា
រឿងនេះផ្តើមពីស្នេហាត្រីកោណ ។ លោកមេប៉ុស្តិ៍និយាយថា
បុរសម្នាក់ឈ្មោះ យក់ វណ្ណៈ អាយុ៤២ឆ្នាំ
ជាគ្រូពេទ្យតូចតាចម្នាក់មានទូរលក់ថ្នាំមួយនៅមុខផ្ទះ
និងមានប្រពន្ធឈ្មោះ យ៉េង បាវ អាយុ៤១ឆ្នាំ ។
ក្នុងអំឡុងពេលប្រហែល១ឆ្នាំកន្លងផុតទៅគ្រូពេទ្យយក់ វណ្ណៈ
បានតាមស្រឡាញ់ស្រ្តីមេម៉ាយកូន៣ ឈ្មោះ ស៊ុយ វ៉ាន់ឌី
អាយុ៣៧ឆ្នាំ
មានមុខរបរជាអ្នកលក់សាំងនិងគ្រឿងទេសបន្តិចបន្តួច ។
ស្នេហាត្រីកោណនេះបានអូសបន្លាយអស់ពេលជាង១ឆ្នាំ
រហូតដល់អ្នកភូមិថ្មសបានដឹងឮស្ទើរមួយភូមិ ។
មន្ត្រីនគរបាលប៉ុស្តិ៍ដដែលបានរៀបរាប់
ទៀតថា ដោយសារការផ្អែមល្ហែមរវាងអ្នកមេម៉ាយកូន៣
និងពេទ្យណាក់មើលទៅដូចស្រមោចនិងស្ករ
ធ្វើឱ្យប្រពន្ធដើមពេទ្យណាក់បានទៅជេរអ្នកមេម៉ាយដោយចោទថា
ជាស្ត្រីដណ្តើមប្តីគេ ។
ពេលអ្នកមេម៉ាយឮដូច្នេះក៏បានរករឿងឈ្លោះជាមួយប្រពន្ធពេទ្យ
ណាក់ដល់ផ្ទះ មិនតែប៉ុណ្ណោះ
អ្នកមេម៉ាយបានកាប់ស្ត្រីជាប្រពន្ធដើម១កាំបិតចំដៃទៀតផង
កាលពីអំឡុងពេលប្រហែល៨ខែកន្លងផុតទៅ ។ បន្ទាប់មករឿងនេះ
ក៏បានក្តីក្តាំងរវាងប្រពន្ធប្តីរហូតដល់តុលាការចេញសាល
ក្រមលែងលះគ្នា ទៀតផង ។
នៅក្នុងខណៈនោះដែរអ្នកមេម៉ាយកូន៣
ក៏បានសន្យាជាមួយពេទ្យណាក់ថា
បើលែងលះដាច់ស្រឡះជាមួយប្រពន្ធដើម
ខ្លួនព្រមរៀបការជាមួយនៅខែឧសភានេះ ។
ប្រភពដដែលបន្តទៀតថា រហូតដល់ថ្ងៃទី៦ ឧសភា
ឆ្នាំ២០១២ មិនដឹងជាមានទំនាស់សម្តីគ្នាយ៉ាងម៉េច
ទើបខាងស្រីប្រកែកថា មិនព្រមរៀបការ
ហើយក៏មានការប្រតាយប្រតប់គ្នា
រហូតដល់មានការខឹងសម្បាក៏យកសាំងដបដែលមាននៅនឹងផ្ទះស្រាប់
នោះជះទៅលើអ្នកមេម៉ាយរួចឆួលដែកកេះដុតស្ត្រីមេម៉ាយ
កូន៣ជាគូស្នេហ៍របស់ខ្លួននោះតែម្តង ហើយគេចខ្លួនបាត់ ។
ដោយសាររាត្រីនោះមានភ្លៀងធ្លាក់ខ្លាំង
អ្នកមេម៉ាយដែលត្រូវភ្លើងឆេះពេញរាងកាយក៏បានននៀលខ្លួន
ទៅនឹងដីសើមផងនិងទឹកភ្លៀងជួយរំលត់ភ្លើងផង
គឺននៀលរហូតដល់រលត់គ្មានអ្នកណាឃើញឡើយ ។
ឆ្លៀតពេលកំពុងភ្លៀងខ្លាំង បុរសអគតិនោះ
ក៏គេចខ្លួនតាមអូប័របាត់ទៅ។
ទោះជាយ៉ាងណាក៏ដោយ
ការចាក់សាំងដុតមនុស្សទាំងរស់បែបនេះជាការប៉ុនប៉ងធ្វើមនុស្ស
ឃាតដោយចេតនា ជាបទឧក្រិដ្ឋ
និងជាអំពើដែលមនុស្សស្អប់ខ្ពើមបំផុត
ត្រូវតែចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់
ដែលរហូតមកដល់ពេលនេះ
មហាជនកំពុងរង់ចាំមើលស្នាដៃសមត្ថកិច្ចស្រុកបទុមសាគរ
តើចាប់ឬអត់ ?