ខេត្តតាកែវ ៖
កាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី១១ ឧសភា
នៅតាមបណ្តោយផ្លូវជាតិលេខ២
ត្រង់ចំណុចភូមិថ្នល់បំបែកសន្លុង ឃុំជីខ្នា
ស្រុកទ្រាំង មានករណីផ្ទុះកង់រថយន្តមួយគ្រឿង
លាន់សូរដូចផ្ទុះគ្រាប់មីនធ្វើឱ្យប្រជាពលរដ្ឋ
នៅទីនោះភ័យស្លន់ស្លោរត់ចែកផ្លូវគ្នា
ដោយឃើញរថយន្តដែលផ្ទុះកង់នោះបើករេពេញផ្លូវប្រមាណ៥០
ម៉ែត្រ
ទើបក្រឡាប់ទៅលើចិញ្ចើមផ្លូវក្បែររោងជាងកាត់សក់ដោយ
ក្រឡាប់សង្កត់លើម៉ូតូឆាលី ពណ៌សមួយគ្រឿងនៅទីនោះផង ។
ទោះជាយ៉ាងណា ហេតុការណ៍នេះ
មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកណាម្នាក់ទេ ។
តាមសាក្សីបានឱ្យដឹងថា
មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាមួយបាំងកន្លះ
ពណ៌ទឹកប៊ិចមួយគ្រឿងបើកដោយឈ្មោះ ប៉ាន់ វង ភេទប្រុស
អាយុ៣២ឆ្នាំ មានទីលំនៅភូមិពពេល ឃុំក្រាំងខ្មែរ
ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងព្រូរថយន្តម្នាក់ឈ្មោះ រឿង
ចាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ដែលមានទីលំនៅជាមួយអ្នកបើក
។
ឈ្មោះ រឿង ចាន់នី បាននិយាយថា
រថយន្តនេះដឹកផ្លែឈើពីផ្សារឡែម ខេត្តប៉ៃលិន
យកទៅលក់នៅផ្សារទន្លាប់ ស្រុកគិរីរង់ ខេត្តតាកែវ
ដោយបើករថយន្តចេញពីផ្សារឡែម
តាំងពីយប់រហូតដល់ព្រឹកជិតដល់គោលដៅហើយ
ស្រាប់តែផ្ទុះកង់ក្រោយរថយន្តខាងឆ្វេង
បណ្តាលឱ្យក្រឡាប់តែម្តង ។
ពេលនោះ រូបគេនិងអ្នកបើកបានបើកទ្វារខាងស្តាំលោតចេញមកក្រៅទាំង២នាក់ ទើបផុតគ្រោះថ្នាក់ ៕