Wednesday, May 16, 2012

ស៊ុក សុភា ប្រកាស ភ្ជាប់ពាក្យជាផ្លូវការ បន្ទាប់ពីទទួលបាន នូវដំណក់ឈាម កូនស្រីមួយ

Photo by DAP-Newsភ្នំពេញៈ ថ្មីនេះតារាសម្ដែងសម្បូរ រោមដើមទ្រូង លោក ស៊ុក សុភា បានបង្ហាញភាពភ្ញាក់ផ្អើល ជាថ្មីម្ដងនៅលើ បណ្ដាញសង្គម ហ្វេសប៊ុក ( Facbook) ដ៏ពេញនិយមរបស់ខ្លួន ដោយតារារូបនេះ បានប្រកាសថា ខ្លួននឹងធ្វើពិធីភ្ជាប់ពាក្យ នៅថ្ងៃច័ន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ វេលាម៉ោង ៨៖០០នាទីព្រឹក នៅឯភោជនីយដ្ឋាន ស៊ុក សុភា ចំការដូង និងអញ្ជើញមិត្តភ័ក្ដ ទាំងចូលរួម កុំបីខាន ។
ក្រោយពី ស៊ុក សុភា ប្រកាសដោយចំហបែបនេះ គេសង្កេតឃើញមានមិត្តភ័ក្ដជាច្រើន បានចូលរួម អបអរសាទរ ចំពោះដំណឹង ភ្ជាប់ពាក្យនេះ ហើយថ្ងៃនោះភ្ញៀវកិតិ្តយសដែលបានចូលរួម ពិតជាបានឃើញ គូស្នេហ៍ដ៏ស្រស់ស្អាត របស់ ស៊ុក សុភា ដែលត្រូវ បានគេស្គាល់ថា ឈ្មោះ ហ្សារីណា ជាអណិកជនខ្មែរ រស់ឯប្រទេសអូស្ត្រាលី និងទើបតែ ទទួលបាននូវចំណង ដៃកូនស្រី ដ៏ស្រស់ស្អាតមួយឈ្មោះថា ស៊ូហ្សាណា ស៊ុក ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទកាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២នេះ ស៊ុក សុភា បានបញ្ជាក់ថា រូបលោក រួមទាំងគូស្នេហ៍ និងក្រុមគ្រួសារ កំពុងតែពិភាគ្សាគ្នាពីបញ្ហានេះ ឯការអញ្ជើញភ្ញៀវ ចូលរួមគឺប្រហែលជា មានមិត្តភ័ក្ដ ជិតដិត ទាំងសងខាង និងអ្នកសិល្បៈមួយចំនួនចូលរួម ។
ស៊ុក សុភា និយាយថា  “ក្រោយភ្ជាប់ពាក្យរួចខ្ញុំនឹងពិភាគ្សា ពីគម្រោងរៀបការ ប៉ុន្តែដោយសារខែនេះ ជារដូវភ្លៀង យើងអាច លើកពេល ទៅរកខែណាមួយ ដែលមិនសូវមានទឹកភ្លៀងធ្លាក់ តែក៏មិនឲ្យផុត ក្នុងឆ្នាំនេះដែរ” ។ នេះជាពេលវេលា ដ៏សមរម្យ មួយសម្រាប់ ស៊ុក សុភា ក្នុងការដឹកដៃគូស្នេហ៍ ចូលរោងការ តាមប្រពៃណីខ្មែរ ខណៈពួកគេទាំងពីរនាក់ បានប្រើពេល វេលាស្វែងយល់ចិត្តគ្នា រយៈពេលជាង១ឆ្នាំ និងទទួលបាននូវ ដំណក់ឈាមកូនស្រីមួយ ក្រោមការរិះគន់ខ្លះៗ ពីសំណាក់បងប្អូន ទស្សនិកជន ដែលដឹងពីចំណងស្នេហ៍ របស់ពួកគេទាំងពីរកន្លងមក និងជាការបញ្ចប់ក្ដីមន្ទិលសង្ស័យ ទាំងឡាយណាដែលកំពុងកើតឡើង ។
មានសំណួរថា ហេតុអ្វីបានជា ស៊ុក សុភា ទើបតែសម្រេចចិត្តភ្ជាប់ពាក្យ និង រៀបការ ខណៈរូបលោក និងគូស្នេហ៍ មានកូន មួយទៅហើយនោះ ? ស៊ុក សុភា បានបញ្ជាក់ថា “ពេលវេលាដំបូង ការចាប់ផ្ដើម គឺស្ថិតនៅលើការ ស្វែងយល់ចិត្តគ្នា ស្ទាបស្ទង់ ចិត្តគ្នាទៅវិញទៅមក យើងល្អឬមិនល្អ ខាងគេយ៉ាងម៉េចដែរ ក៏ស្ថិតក្នុងការ ស្វែងយល់ចិត្តគ្នា ហើយពេលវេលាចេះតែដើរ ទៅមុខជាលំដាប់ រហូតដល់ពួកយើងទាំងពីរ ទទួលបានកូនមួយ ជាសក្ខីភាពបញ្ជាក់ពីលទ្ធផល នៃការសិក្សាចិត្តគ្នា យើងក៏គិតត្រឡប់ក្រោយមកវិញ ដើម្បីឲ្យត្រូវទៅតាម លក្ខណៈប្រពៃណីខ្មែរ ហើយក៏ជាពេលវេលាមួយ ដើម្បីឲ្យបងប្អូន បានដឹងជាសាធារណៈ កុំឲ្យពួកគាត់គិតថា វាជាអាថ៌កំបាំង តទៅទៀត ប៉ុន្តែកន្លងមកខ្ញុំក៏បានប្រកាសខ្លះៗ មកហើយ តាមប្រព័ន្ធ អ៊ីនធើណិត ពិសេស ហ្វេសប៊ុករបស់ខ្ញុំ គ្រាន់តែមិនបានជ្រួតជ្រាប ឲ្យទូលំទូលាយ ដូច្នេះការភ្ជាប់ពាក្យ និងការរៀប អាពាហ៍ពិពាហ៍ នៅពេលនេះជា ការបង្ហាញឲ្យឃើញ ពីចំណងស្នេហ៍កាន់ តែច្បាស់លាស់ជាងនេះ” ។
ទោះបីជាយ៉ាងណា ឆ្លងតាមរយៈការស្វែងយល់ចិត្តគ្នា រហូតឈានដល់ បានកូនមួយនេះ ស៊ុក សុភា បានអះអាង ពីភាព ជឿជាក់ មួយរយភាពរយ ទៅលើគូស្នេហ៍របស់លោក ថាពិតជាអាចចាប់ដៃគ្នា សាងអនាកតដ៏ ត្រចះត្រចងបាន ប៉ុន្តែជា ធម្មតាទេ សម្រាប់សុភមង្គល ក្នុងក្រុមគ្រួសារ យើងមិនអាចមើលឃើញ ពីពេលវេលាខាងមុខ ថាយ៉ាងណានោះទេ ។
ស៊ុក សុភាបានលើកជាឧទាហរណ៍ថា “មានក្រុមគ្រួសារខ្លះ មានកូន៣ទៅ៤នាក់ ហើយ ក៏នៅមាន ការបែកបាក់ ការលែងលះ នៅក្នុងជីវិតមនុស្សតែងតែមាន ប៉ុន្តែសម្រាប់ខ្ញុំ ទោះជាយ៉ាង ម៉េចក៏ដោយ ខ្ញុំនឹងព្យាយាម មិនឲ្យពេលវេលាបែបនេះកើតឡើង ចំពោះខ្ញុំទាំងពីរនាក់”  ។
ស៊ុក សុភា ក៏បានថ្លែងបញ្ជាក់ទៅដល់បងប្អូនទស្សនិកជន ដែលតែងតែគាំទ្រ រូបលោក ទាំងក្រៅស្រុក ក៏ដូចជាក្នុង ស្រុកថា លោក និង ហ្សារីណា ពិតជាស្រលាញ់គ្នាមែន និងស្រុះស្រួល បានចាប់ដៃគ្នារៀបចំ ភ្ជាប់ពាក្យនៅថ្ងទី១៨ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ ជាមួយនឹងគម្រោងរៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំនេះដូចគ្នា ដើម្បីឲ្យបងប្អូនទាំងអស់ លែងមានការសង្ស័យ ទៅលើ រូបលោកតទៅទៀត ៕(camnews)
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname