Thursday, May 10, 2012

សិល្បករ​ខ្មែរ​ថត​រឿង​ឲ្យ​ថៃ​ត្រូវ​ពន្យារ

ភ្នំពេញ : តារា​សម្តែង និង​តារា​ចម្រៀង​កម្ពុជា​ល្បី​ឈ្មោះ​ចំនួន​៥​រូប​ដែល​ត្រូវ​ចេញ​ទៅ​សម្តែង​ ភាព​យន្ត​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​មួយ​របស់​ថៃ​នៅ​ប្រទេស​ថៃ​នាថ្ងៃ​នេះ ត្រូវ​បាន​ពន្យារ​ពេល​ ដែល​ខ្សែ​ភាព​យន្ត​ចម្រុះ​តារា​សម្តែង​កម្ពុជា-ថៃ​នេះ​គ្រោង​នឹង​ចាក់ បញ្ចាំង​ក្នុង​ប្រទេស​ថៃ​តែ​ម្តង​ក្រោយ​ពេល​បញ្ចប់​ការ​ថត​នៅទីនោះ ។

តារា​សម្តែង និង​ច្រៀង​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ​ដើម្បី​ចូល​ រួម​សម្តែង​ខ្សែ​ភាព​យន្ត​រួម​គ្នា​ជាមួយ​តារា​សម្តែង​ប្រទេស​ថៃ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ក្នុង​នោះ​រួម​មាន តារា​សម្តែង​សម្បុរ​ស្រអែម សារ៉ាយ សក្ខណា ទឹម រដ្ឋា លោក អូន ឧស្សាហ៍ អេនឌី និង លោក ជិន ស៊ីណារ៉ាក់ ។
តារា​សម្តែង សារ៉ាយ សក្ខណា បាន​ឲ្យ​ដឹង​ក្រោយ​ត្រឡប់​ពី​អាមេរិក​ថា រូប​នាង​រួម​នឹង​តារា​សម្តែង​កម្ពុជា​៤-៥​រូប​ទៀត​នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​ នៅ​ប្រទេស​ថៃ​តាម​ការ​អញ្ជើញ​របស់​ផលិតកម្ម​មួយ​របស់​ថៃ​។ នាង​បន្ត​ថា ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​សម្តែង​នៅ​សហរដ្ឋ​អាមេរិក ខាង​ផលិតកម្ម​ថៃ​បាន​ទាក់​ទង​មក​ម្តាយ​នាង រួម​ជាមួយ​នឹង​តារា​កម្ពុជា​មួយ​ចំនួន​ទៀត​ដើម្បី​ថត​រឿង​រួម​គ្នា​ជាមួយ​ នឹង​តារា​សម្តែង​របស់​ប្រទេស​ថៃ​។
សារ៉ាយ សក្ខណា បាន​និយាយ​ក្រោយ​ត្រឡប់​ពី​អាមេរិក​ថា៖​«​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ប្រទេស​ថៃ​នៅ​ ថ្ងៃ​ទី៩ តាម​ការ​អញ្ជើញ​របស់​គេ ហើយ​ពួក​យើង​នឹង​ចាប់​ផ្តើម​ថត​រឿង​ហ្នឹង​នៅ​ថ្ងៃ​ទី​១១»។
ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ​សម្រាប់​ការ​គ្រោង​ចេញ​ទៅ​សម្តែង​ជាមួយ​ តារា ​សម្តែង​ថៃ​ ទោះ​បី​ជា​មិន​បាន​សម្តែង​ជា​តួ​ឯក​ក្តី នៅ​ពេល​នេះ​គម្រោង​ចេញ​ថត​ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ ត្រូវ​បាន​ពន្យារ​ពេល ហើយ​ភាព​ច្បាស់​លាស់​នៃ​ការ​ចេញ​ទៅ​នៅ​ពេល​ណា​ក៏​មិន​ទាន់​មាន​ការ​បញ្ជាក់​ យ៉ាង​ណា​នោះ​ដែរ​។
ខណៈ​ថ្ងៃ​ចេញ​ដំណើរ​មក​ដល់​ សារ៉ាយ សក្ខណា និយាយ​ថា៖«​នៅ​ពេល​នេះ ការ​ចេញ​ទៅ​ថត​រឿង​ហ្នឹង​ត្រូវ​បាន​គេ​ពន្យារ​ពេល​ហើយ ហើយ​ថ្ងៃ​នេះ​គេ​នឹង​ប្រាប់​យើង​វិញ​ថា ថ្ងៃ​ណា​យើង​ត្រូវ​ទៅ​»។
ពាក់ព័ន្ធ​នឹង​ការ​ចេញ​ថត​រឿង​រួម​គ្នា​ជា​លើក​ដំបូង​រវាង​តារា​សម្តែង​ កម្ពុជា និង​ថៃ​នេះ ថ្វី​ដ្បិត​តែ​មាន​ការ​អញ្ជើញ​យ៉ាង​ត្រឹម​ត្រូវ និង​មាន​អ្នក​សិល្បៈ​កម្ពុជា​ចូល​រួម​ជា​ច្រើន​នាក់​ទៀត​នោះ តែ​នៅ​ពេល​សួរ​ថា តើ​រឿង​នោះ​ជា​រឿង​អ្វី ជា​រឿង​ប្រភេទ​ណា​នោះ មិន​ទាន់​មាន​តារា​កម្ពុជា​ណា​ម្នាក់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​។
តារា​សម្តែង​ច្រៀង អេនឌី ដែល​ទទួល​បាន​ការ​អញ្ជើញ​សម្រាប់​ការ​ថត​ភាព​យន្ត​ម្នាក់​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ចំពោះ​សាច់​រឿង​មាន​ដំណើរ​ដើម​ទង និង​ប្រភេទ​រឿង​យ៉ាង​ណា​នោះ លោក​មិន​បាន​ដឹង​ច្បាស់​នៅ​ឡើយ គ្រាន់​តែ​ដឹង​ថា រឿង​នោះ​អាច​ជា​ប្រភេទ​រឿង​សម័យ​ទំនើប​បច្ចុប្បន្ន​។
អេនឌី និយាយ​ថា៖​«​តាម​ពិត​ទៅ​រឿង​ហ្នឹង ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌​មាន​ច្បាស់​ដែរ តែ​ហ្នឹង​ជា​រឿង​ដុំ ព្រោះ​ពួក​យើង​ត្រូវ​ថត​រយៈ​ពេល​តែ​១​សប្តាហ៍​ប៉ុណ្ណោះ»។
តាម​គម្រោង​តារា​សម្តែង​ច្រៀង​ល្បី​ឈ្មោះ​កម្ពុជា​ទាំង​៥​រូប​នឹង​ត្រូវ​ ចេញ ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ផែនការ​ថត​រឿង​ក្រៅ​ប្រទេស​ដ៏​រីក​រាយ​មួយ​នេះ​ត្រូវ​បាន​ពន្យារ​ ពេល​វិញ​ ដែល​បណ្តាល​ឲ្យ​តារា​ទាំង​អស់​ស្ទើរ​តែ​ខក​ជើង​គ្រប់​ៗ​គ្នា។
ទាក់ទិន​នឹង​ការ​ពន្យា​រពេល​នាំ​ឲ្យ​រំខាន​ដល់​សកម្មភាព​ក្នុង​ស្រុក​នេះ តារា​ចម្រៀង អេនឌី បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ថត​នៅ​ប្រទេស​ថៃ​នេះ នឹង​ត្រូវ​ធ្វើ​តាម​ការ​អញ្ជើញ​ដដែល គ្រាន់​តែ​នៅ​ពេល​នេះ​ខាង​ភាគី​ប្រទេស​ថៃ​សុំ​លើក​ថ្ងៃ​ដើម្បី​សម្រួល​សាច់​ រឿង និង​តួ​សម្តែង​បន្តិច​។
តារា​រមែង​មាន​ឱកាស​បាន​ថត​សិច​ស៊ី​ជាមួយ​តារា​ស្រី​ស្អាត​ៗ អេនឌី ​និយាយ​ថា៖​«​សម្រាប់​ការ​ចេញ​ថត​នៅ​ថៃ​ហ្នឹង ខាង​ថៃ​គេ​សុំ​ពន្យារ​ពេល​ដើម្បី​រៀបចំ​សម្រួល​សាច់​រឿង​ និង​តួ​សម្តែង​ខ្លះ គេ​ចង់​ដាក់​តួ​ឯក​ប្រុស​ខ្មែរ​ជាមួយ​នឹង​តួឯក​ស្រី​ថៃ​ ព្រោះ​ខ្មែរ​យើង​ទៅ​ហ្នឹង​ក៏​ជា​តួ​ល្បីៗ​ដែរ​»។
សម្រាប់​ពេល​វេលា​ចេញ​ថត​ជា​ថ្មី​នៅ​ពេល​ណា​នោះ លោក​អេនឌី​បាន​ឲ្យ​ដឹង​ថា ខាង​ភាគី​ថៃ​គេ​នឹង​ទូរ​ស័ព្ទ​ប្រាប់​។
សារ៉ាយ សក្ខណា បាន​បញ្ជាក់​ថា៖​«នៅ​ថ្ងៃ​នេះ​គេ​នឹង​ Call ប្រាប់​»៕

Comments system

Disqus Shortname